ប្រទេសឡាវ កំពុងជួបវិបត្តិអតិផរណាហក់ឡើងខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេល១៥ឆ្នាំមកនេះ

ដោយៈសុខុម

វៀងចន្ទន៍: អត្រាអតិផរណានៅក្នុងប្រទេសឡាវ បានហក់ឡើងខ្ពស់រហូតឈានដល់១២,៨% ក្នុងខែឧសភា ដែលជាអត្រាខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេល១៥ឆ្នាំមកនេះ។ នេះបើយោងតាមសារព័ត៌មាន Laotian Times ចុះផ្សាយកាលពីថ្ងៃពុធ ទី៨ ខែមិថុនា។

យោងតាមព័ត៌មាន ដែលផ្តល់ដោយធនាគារកណ្ដាលឡាវ Bank of Laos ឱ្យដឹងថា អតិផរណានៅពេលនេះ បានកើនឡើងដល់កម្រិតខ្ពស់មិនធ្លាប់មាន ក្នុងរយៈពេលប្រាំឆ្នាំ បន្ទាប់ពីឈានដល់១០%ក្នុងខែមករា ឆ្នាំ២០១៦។

ការឡើងថ្លៃទំនិញសំខាន់ៗ ដូចជា ប្រេង និងទំនិញនាំចូលផ្សេងៗទៀត គឺជាមូលហេតុចម្បង ដែលធ្វើឱ្យអតិផរណានៅក្នុងប្រទេសឡាវ ហក់ឡើងក្នុងអត្រាខ្ពស់បំផុតមួយនៅអាស៊ីអាគ្នេយ៍។

កាលពីខែឧសភា ឆ្នាំ២០២២ អតិផរណាបានកើនឡើង៣,៣%ក្នុងរយៈពេលមួយខែ ប៉ុន្តែបានកើនឡើង១១,៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

រដ្ឋាភិបាលឡាវ នឹងបើកសម័យប្រជុំសាមញ្ញលើកទី៣ នៃរដ្ឋសភា (នីតិកាលទី៩) នៅថ្ងៃទី១៣ ខែមិថុនា ដែលនឹងបន្តរហូតដល់ថ្ងៃទី៨ ខែកក្កដា។

កិច្ចប្រជុំរបស់រដ្ឋសភានេះ ក៏នឹងពិចារណាលើរបាយការណ៍របស់រដ្ឋាភិបាលស្តីពី ការអនុវត្តរបៀបវារៈថ្នាក់ជាតិចំនួន២ គឺរបៀបវារៈជាតិស្តីពីការដោះស្រាយការលំបាកផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងរបៀបវារៈជាតិស្តីពីការដោះស្រាយបញ្ហាគ្រឿងញៀន។

កាលពីថ្ងៃទី៧ ខែមិថុនា នាយករដ្ឋមន្ត្រីឡាវ បានបង្កើតក្រុមការងារពិសេសមួយ ដើម្បីដោះស្រាយបញ្ហាសេដ្ឋកិច្ចរបស់ប្រទេសឡាវ និងដោះស្រាយវិបត្តិប្រេងឥន្ធនៈដែលកំពុងហក់ឡើងថ្លៃ។

ក្រុមការងារនេះ នឹងទទួលខុសត្រូវ ចំពោះការដាក់ចេញវិធានការ ដើម្បីធានារំហូរប្រេងឥន្ធនៈចូលប្រទេសឡាវ ដោយគ្មានការរាំងស្ទះ ដើម្បីបំពេញបានតាមតម្រូវការ ព្រមទាំងធានាថា តម្លៃប្រេងឥន្ធនៈត្រូវបានកំណ​ត់ឱ្យបានសមរម្យ និងស្របតាមការប្រែប្រួលនៃទីផ្សារពិភពលោក៕ Laotian Times៕

LEAVE A REPLY

Please enter your comment!
Please enter your name here