ពូទីនពឹងឱ្យចិននិងឥណ្ឌាជួយទិញប្រេងរុស្ស៊ីបន្ថែមទៀត ខណៈសហភាពអឺរ៉ុបគ្រោងហាមឃាត់ប្រេងរុស្ស៊ី៩០ភាគរយ

ដោយ សុខុម

ប៉េកាំង: ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ប្រហែលជាត្រូវពឹងផ្អែកលើមហាយក្សចិន និងឥណ្ឌា កាន់តែខ្លាំងផ្នែកប្រេង ប្រសិនបើសហភាពអឺរ៉ុប សម្រេចហ៊ុមព័ទ្ធប្រេងរុស្ស៊ី ៩០% ឬទាំងស្រុង ដោយសារប្រទេសទាំង២នេះមានសមត្ថភាពចម្រាញ់ប្រេងឆៅប្រភេទ Urals ដែលអឺរុប ធ្លាប់តែទិញ។

ក្រុមមេដឹកនាំសហភាពអឺរ៉ុប បានព្រមព្រៀងបន្តហ៊ុមព័ទ្ធដោយផ្នែកលើប្រេងឆៅរុស្ស៊ី ដែលដឹកជញ្ជូនតាមសមុទ្រ ហើយការហ៊ុមព័ទ្ធនេះអាចធ្វើឱ្យលោក ពូទីន ខាតបង់ប្រាក់ចំណូលនាំចេញរហូតដល់ទៅ១០ពាន់លានដុល្លារអាមេរិក ក្នុងមួយឆ្នាំៗ។ នេះបើយោងតាមសារព័ត៌មាន South China Morning Post ចុះផ្សាយកាលពីថ្ងៃអង្គារ ទី៣១ ខែឧសភា។

ក្រុមឈ្មួញទម្លាយឱ្យដឹងថា ការហ៊ុមព័ទ្ធដោយផ្នែកនេះបានធ្វើឱ្យរុស្ស៊ី សល់យ៉ាងច្រើនសន្ធឹកសន្ធាប់នូវប្រេងឆៅប្រភេទ Urals ដែលអឺរ៉ុប ពេញនិយមទិញ។ ទោះជាយ៉ាងណា នៅអាស៊ី នឹងមានប្រទេសតិចណាស់ដែលទិញប្រេងឆៅប្រភេទនេះដោយសារប្រទេសទាំងនោះដូចជាស្រីលង្កា និងឥណ្ឌូនេស៊ី ជាដើមគ្មានសមត្ថភាពចម្រាញ់ប្រេងឆៅប្រភេទនេះទ្រង់ទ្រាយធំ ឬនិយាយដោយខ្លីគឺខ្វះធនធានបច្ចេកទេស។

ស្ថិតក្នុងស្ថានភាពដ៏អាក្រក់បែបនេះគឺមានតែប្រទេសចិន និងឥណ្ឌា ប៉ុណ្ណោះដែលអាចជួយទិញប្រេងឆៅ Urals របស់រុស្ស៊ី បន្ថែមទៀតដោយសារប្រទេសទាំងនេះមានរោងចក្រដែលអាចចម្រាញ់ប្រេងឆៅ Urals។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រុមឈ្មួញនិយាយថា ដោយស្ថានភាពកូវីដ-១៩ នៅក្រុងសៀងហៃ មានភាពធូរស្រាលច្រើនក្រោយការបិទខ្ទប់រាប់ខែ រោងចក្រចម្រាញ់ប្រេងនានារបស់ចិន ទាំងគ្រប់គ្រងដោយរដ្ឋ និងឯកជនប្រហែលជាចង់ទិញប្រេងឆៅរុស្ស៊ី បន្ថែមទៀត។

ទោះជាយ៉ាងណា វាក៏ទំនងជាមានដែនកំណត់ដែរលើចំនួនដែលប្រទេសចិន និងឥណ្ឌា អាចទិញទៅតាមភាពជាក់ស្តែង ដោយសារប្រទេសទាំង២ បានសម្រុកទិញប្រេងឆៅរុស្ស៊ី ក្នុងបរិមាណច្រើនបំផុតមិនធ្លាប់មានរួចទៅហើយ ក្រោយពីអឺរ៉ុប ចៀសវាងមិនទិញប្រេងរុស្ស៊ី ជាការដាក់ទណ្ឌកម្មរុស្ស៊ី ចំពោះការបញ្ឆេះសង្គ្រាមចូលឈ្លានពានប្រទេសអ៊ុយក្រែន នៅថ្ងៃទី២៤ ខែកុម្ភៈ ដើមឆ្នាំនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here