មហាអំណាចសេដ្ឋកិច្ចចិននិងអាមេរិកធ្លាក់ក្នុងវិបត្តិបំណុល ដល់ជាង៣០៥ពាន់ពាន់លានដុល្លារ

ដោយ : លាងហួរ

 

ចិន-អាមេរិក : មហាអំណាចសេដ្ឋកិច្ចធំជាងគេទាំងពីររបស់ពិភពលោក គឺប្រទេសចិន និងសហរដ្ឋអាមេរិក បានខ្ចីប្រាក់ច្រើនបំផុត ក្នុងត្រីមាសទីមួយឆ្នាំនេះ ដែលធ្វើឱ្យបំណុលសកលកើនឡើងដល់កំណត់ត្រាលើសពី៣០៥ពាន់ពាន់លានដុល្លារ ខណៈសមាមាត្របំណុលលើទិន្នផលសរុបបានធ្លាក់ចុះ​។

នេះបើយោងតាមទិន្នន័យពីវិទ្យាស្ថានហិរញ្ញវត្ថុអន្តរជាតិ ចេញផ្សាយដោយសារព័ត៌មានរ៉យទ៍រ នៅថ្ងៃពុធ ទី១៨ ខែឧសភានេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

 

ទិន្នន័យបានបង្ហាញថា បំណុលរបស់ចិនបានកើនឡើងចំនួន២,៥ពាន់ពាន់លានដុល្លារ ក្នុងត្រីមាសទីមួយ ហើយសហរដ្ឋអាមេរិកបានកើនឡើងចំនួន១,៥ពាន់ពាន់លានដុល្លារ ខណៈដែលបំណុលសរុបនៅក្នុងតំបន់ប្រទេសចាយលុយអឺរ៉ូ បានធ្លាក់ចុះសម្រាប់បីត្រីមាសជាប់ៗគ្នា។

 

ការវិភាគបានបង្ហាញថា ប្រទេសអភិវឌ្ឍន៍ និងប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើន កំពុងឈានចូលដល់វដ្តនៃការរឹតបន្តឹងរូបិយវត្ថុ ដែលដឹកនាំដោយធនាគារកណ្តាលសហរដ្ឋអាមេរិក ជាមួយនឹងកម្រិតក៏ខ្ពស់នៃបំណុលប្រាក់ដុល្លារ។

ទិន្នន័យពីវិទ្យាស្ថានហិរញ្ញវត្ថុអន្តរជាតិ បានបន្ថែមថា នៅពេលធនាគារកណ្តាលសហរដ្ឋអាមេរិកបន្តរឹតបន្តឹងគោលនយោបាយ ដើម្បីទប់ស្កាត់សម្ពាធអតិផរណា ការ​ចំណាយ​លើ​ការ​ខ្ចី​ប្រាក់​កាន់​តែ​ខ្ពស់​នឹង​ធ្វើ​ឱ្យ​កាន់តែ​ងាយធ្លាក់ក្នុងវិបត្តិបំណុល។

 

បំណុលសាជីវកម្មពីស្ថាប័នមិនមែនធនាគារ និងការខ្ចីប្រាក់ពីរដ្ឋាភិបាល គឺជាប្រភពដ៏ធំបំផុតនៃការកើនឡើងនៃកម្ចី ដោយបំណុលសាជីវកម្មពីស្ថាប័នមិនមែនធនាគារ បានកើនឡើងលើសពី២៣៦ពាន់ពាន់លានដុល្លារ កើនឡើងប្រហែល៤០ពាន់ពាន់លានដុល្លារ។

 

IIF បានបញ្ជាក់ថា “ដោយសារតម្រូវការហិរញ្ញប្បទានរបស់រដ្ឋាភិបាលនៅតែដំណើរការល្អ ការកើនឡើង និង​បម្រែបម្រួលខ្ពស់នៃតម្លៃទំនិញ អាចបង្ខំឱ្យប្រទេសមួយចំនួនបង្កើនការចំណាយសាធារណៈបន្ថែមទៀត ដើម្បីទប់ស្កាត់វិបត្តិក្នុងសង្គម”៕

LEAVE A REPLY

Please enter your comment!
Please enter your name here