តើវិបត្តិបំណុលទំហំ ៨ទ្រីលានដុល្លារ លើវិស័យអចលនទ្រព្យរបស់ចិននឹងធ្វើឲ្យសេដ្ឋកិច្ចរបស់មហាយក្សនេះ ទៅជាបែបណា

ដោយៈសុខុម

ប៉េកាំង: ប្រាក់កម្ចីលើវិស័យអចលនទ្រព្យ ដែលមិនទាន់សងរបស់ប្រទេសចិន មានចំនួនសរុបរហូតដល់ទៅ៥៣,២២ទ្រីលានយ័ន (៧,៩៦ទ្រីលានដុល្លារអាមេរិក) គិតត្រឹមដំណាច់ត្រីមាសទី១ ដើមឆ្នាំ២០២២ ដោយកើនឡើង៦%បើធៀបនឹង២០២១។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ធនាគារកណ្តាលចិន កាលពីថ្ងៃសុក្រ ទី៦ ខែឧសភា។

ទីភ្នាក់ងារព័ត៌មាន Reuters បានធ្វើការគណនាដោយផ្អែកលើទិន្នន័យរបស់ធនាគារកណ្តាលចិន ហើយរកឃើញថា ប្រាក់កម្ចីអចលនទ្រព្យថ្មីៗ បានកើនឡើងរហូតដល់១,០៥ទ្រីលានយ័ន (១៥៧,៤ពាន់លានដុល្លារអាមេរិក) ក្នុងត្រីមាសទី១ បើធៀបនឹង៧៧០ពាន់លានយ័ន (១១៥,៤ពាន់លានដុល្លារអាមេរិក) ក្នុងត្រីមាសទី៤ ឆ្នាំ២០២១។

រដ្ឋាភិបាលចិន បានបន្ធូរបន្ថយការរឹតបន្តឹងមួយចំនួន លើហិរញ្ញប្បទាន សម្រាប់វិស័យអចលនទ្រព្យ ក្នុងគោលបំណងជំរុញកំណើនសេដ្ឋកិច្ច ដែលទទួលរងផលប៉ះពាល់ ដោយសារការបិទខ្ទប់ទ្រង់ទ្រាយធំ ដើម្បីទប់ស្កាក់ការឆ្លងរីករាលដាលវីរុសកូវីដ-១៩។

ធនាគារកណ្តាលចិន និយាយថា ប្រាក់កម្ចីទិញផ្ទះបុគ្គលដែលមិនទាន់សងមានចំនួន៣៨,៨៤ទ្រីលានយ័ន (៥,៨២ទ្រីលានដុល្លារអាមេរិក) គិតត្រឹមដំណាច់ត្រីមាសទី១ ដើមឆ្នាំ២០២២ ដោយកើនឡើង៨,៩%បើធៀបនឹងឆ្នាំមុន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

តួលេខនេះបង្ហាញថា ប្រាក់កម្ចីទិញផ្ទះថ្មីៗបានធ្លាក់ចុះ មកនៅត្រឹម៥២០ពាន់លានយ័ន (៧៨ពាន់លានដុល្លារអាមេរិក) ក្នុងត្រីមាសទី១ ដោយធ្លាក់ចុះពី៩៥០ពាន់លានយ័ន (១៤២,៥ពាន់លានដុល្លារអាមេរិក) ក្នុងត្រីមាសទី៤ ចុងឆ្នាំ២០២១។

ធនាគារកណ្តាលចិន និយាយថា អត្រាការប្រាក់សម្រាប់កម្ចីទិញផ្ទះបុគ្គលថ្មីៗស្ថិតក្នុងអត្រា៥,៤២%ក្នុងខែមីនា ដោយធ្លាក់ចុះ១៧ពិន្ទុកាលពីដើមឆ្នាំ។

ធនាគារនេះនិយាយទៀតថា ប្រាក់កម្ចីអភិវឌ្ឍន៍អចលនទ្រព្យ ដែលមិនទាន់សងមានចំនួន១២,៥៦ទ្រីលានយ័ន (១,៨៨ទ្រីលានដុល្លារអាមេរិក) គិតត្រឹមដំណាច់ត្រីមាសទី១ ដោយធ្លាក់ចុះ០,៤%បើធៀបនឹងឆ្នាំមុន៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here