តើកូនៗរបស់អ្នកជាកូនជ្រូកសន្សំលុយ នៅពេលដែលអ្នកចាស់ទៅឬ?

ដោយៈគង់ សិរីម៉ាលីនណា

          ភ្នំពេញៈ  ការរស់នៅប្រកបដោយភាពសប្បាយរីករាយ នៅពេលឈានដល់វ័យចំណាស់ប្រកបដោយផាសុកភាព និងភាពស្ងប់ស្ងាត់ដោយគ្មានបន្ទុកហិរញ្ញវត្ថុ គឺជាក្តីស្រមៃរបស់មនុស្សគ្រប់គ្នា។

រឿងដែលសំខាន់ជាងនេះទៅទៀតនោះ គឺការមើលឃើញកូនៗទទួលបាននូវភាពជោគជ័យ នៅក្នុងជីវិតរបស់ពួកគេនាពេលអនាគត ក៏ជាសុភមង្គលនៅក្នុងជីវិតរបស់ឪពុក ម្តាយនាពេលចូលនិវត្តន៍ផងដែរ។ ប៉ុន្តែតើក្តីស្រមៃរបស់យើងប្រាកដថា នឹងអាចក្លាយជាការពិតដូចបំណងប្រាថ្នាដែរឬទេ ខណៈដែលគ្រួសារផ្សេងៗជាច្រើន សុទ្ធ​តែមានតម្រូវការខុសៗគ្នា ហើយហានិភ័យជាច្រើន សុទ្ធតែអាចកើតឡើងគ្រប់ពេលវេលា និងគ្រប់ទីកន្លែងដែលយើងមិនអាចដឹងមុននោះ?។

យោងតាមទិន្នន័យ MISI (សន្ទស្សន៍ទស្សនៈវិនិយោគិនមេនូឡាយហ្វ៍) លើកទី ១០ការសន្សំប្រាក់សម្រាប់ការអប់រំ គឺជាអាទិភាពទីមួយរបស់ឪពុកម្តាយ ឬវិនិយោគិននៅក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។ ការសន្សំប្រាក់សម្រាប់ការអប់រំមានចំនួនខ្ពស់បំផុត ក្រៅពីការសន្សំប្រាក់សោធនចូលនិវត្តន៍ និងសម្រាប់ការចំណាយលើការមើលថែសុខភាព។ ចំណុចដែលគួរឱ្យចាប់អារម្មណ៍មួយទៀតនោះ គឺប្រជាជនសុខចិត្តជំពាក់បំណុលគេរហូតដល់២៨ភាគរយ សម្រាប់ការបម្រុងប្រាក់ទុកដាក់ សម្រាប់ការអប់រំរបស់កូនៗខណៈដែល៣៤ភាគរយ ផ្សេងទៀតសម្រាប់ទ្រទ្រង់ដល់ការរស់នៅរបស់ខ្លួន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ខណៈដែលទិន្នន័យនៃ MISI លើកទី៦បង្ហាញថា មានតែប្រជាជនចំនួន5.34% ប៉ុណ្ណោះដែលមានផែនការប្រាក់សោធន ឬប្រមាណតែ3.3 លាននាក់នៅក្នុងចំណោមប្រជាជន120លាននាក់នៅក្នុងប្រទេសឥណ្ឌូនេស៊ី ដែលបានគិតគូរដល់ជីវិតនាវ័យចំណា​ស់របស់ខ្លួន។ នេះគឺជាចំនួនតិចតួចណាស់ ហើយឱកាសក្នុងការធ្លាក់ក្នុងស្ថានភាពមេគ្រួសារមានឪពុកម្ដាយចាស់ និងកូនក្នុងបន្ទុកគឺនៅមានច្រើន។

នេះជាស្ថានភាពមួយដែលកូនៗរបស់យើង ត្រូវជួយផ្គត់ផ្គង់ប្រាក់កាក់ដល់ឪពុក  ម្តាយចាស់ចូលនិវត្តន៍ផង និងត្រូវបំពេញតម្រូវការក្នុងជីវិត និងគ្រួសារផ្ទាល់ខ្លួនផង។

ប្រជាជនភាគច្រើននៅក្នុងប្រទេសឥណ្ឌូនេស៊ី បានក្លាយជាមេគ្រួសារមានឪពុកម្ដាយចាស់ និងកូនក្នុងបន្ទុក ដោយសារតែកត្តាផ្សេងៗគ្នាជាច្រើន។ កត្តាដ៏សំខាន់មួយគឺកង្វះចំណេះដឹងអំពីផែនការហិរញ្ញវត្ថុ ក៏ដូចជា ផលិតផលវិនិយោគដ៏ត្រឹមត្រូវសម្រាប់ពេលអនាគត ដែលជាសេចក្ដីត្រូវការដ៏ចាំបាច់របស់ខ្លួន។

លើសពីនេះទៀត វាបានក្លាយទៅជាទំនៀមទម្លាប់ ​និងជារឿងធម្មតាទៅហើយក្នុងប្រទេសឥណ្ឌូនេស៊ី ដែលមនុស្សម្នាក់ត្រូវផ្តល់លុយ កាក់ផ្គត់ផ្គង់គ្រួសារផ្ទាល់ខ្លួនផង និងឪពុកម្តាយរបស់ខ្លួនផងនោះ។ ស្ថានភាពបែបនេះ នៅតែបន្តកើតឡើងនៅក្នុងសង្គមរបស់យើង ហើយហាក់ដូចជា មិនមានការផ្លាស់ប្ដូរឱ្យល្អប្រសើរនោះឡើយ។

ដល់ពេលដែលឪពុក ម្តាយ ត្រូវផ្លាស់ប្តូរផ្នត់គំនិតរបស់ខ្លួនហើយ ពីព្រោះថាកូនៗមិនមែនជាកូនជ្រូកសន្សំលុយរបស់ខ្លួននោះទេ។ កូនៗគ្មានកាតព្វកិច្ចត្រូវរ៉ាប់រងលើថ្លៃចំណាយទៅលើការរស់នៅ នាពេលដែលឪពុក ម្តាយចូលដល់វ័យចាស់ជរានោះទេ។

លើសពីនេះទៀត ឪពុកម្តាយមិនគួររំពឹង “ការសងគុណ” ពីកូនៗសម្រាប់ការចំ​ណាយ និងបំណុលទាំងអស់ដែលខ្លួនមាន ដោយសារតែចិញ្ចឹមបីបាច់កូនៗឡើយ។ ពីព្រោះថា យើងជាឪពុក ម្ដាយចង់មើលឃើញកូនៗរបស់យើង ទទួលបានជោគជ័យនាពេលអនាគត ហើយមានជីវិតរស់នៅប្រកបដោយសុភមង្គល ជាមួយគ្រួសាររបស់ពួកគេ។

កត្តាដែលធ្វើឱ្យយើង ក្លាយជាមេគ្រួសារមានឪពុកម្ដាយចាស់ និងកូនក្នុងបន្ទុកនេះ អាចលុបបំបាត់បាននាពេលបច្ចុប្បន្ននេះ តាមរយៈការលើកកម្ពស់ឱ្យសាធារណៈជនមានចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងសិក្សាស្វែងយល់បន្ថែមអំពី ការរៀបចំផែនការហិរញ្ញវត្ថុឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលាតាមដែលអាចធ្វើទៅបាន។ ជំហានបន្ទាប់ អ្នកត្រូវស្វែងរកព័ត៌មានអំពីផលិតផលហិរញ្ញវត្ថុ និងការវិនិយោគ ដែលសមស្របទៅនឹងតម្រូវការ និងសមត្ថភាពរបស់អ្នក។ សូមចងចាំជានិច្ចថាត្រូវបន្ថែមសមាសធាតុការពារ នៅក្នុងផែនការហិរញ្ញវត្ថុរបស់អ្នកជានិច្ច ដើម្បីអាចឱ្យអ្នករស់នៅដោយភាពស្ងប់ចិត្ត ដើម្បីសមតាមក្ដីស្រមៃ និងបំណងប្រាថ្នារបស់ខ្លួន ដោយមិនចាំបាច់មានការព្រួយបារម្ភ អំពីហានិភ័យផ្សេង​ៗ ដែលអាចកើតឡើង នៅក្នុងជីវិតរបស់អ្នកនោះឡើយ។ ប្រសិនបើត្រូវការ សូមពិគ្រោះជាមួយទីប្រឹក្សា ហិរញ្ញវត្ថុ ឬភ្នាក់ងារធានារ៉ាប់រងរបស់អ្នក ដើម្បីទទួលបានដំណោះ​ស្រាយហិរញ្ញវត្ថុដ៏ត្រឹមត្រូវសម្រាប់អ្នក។

កត្តាសំខាន់មួយទៀតនោះ គឺឪពុកម្តាយគួរតែផ្តល់ការអប់រំផ្នែកហិរញ្ញវត្ថុដល់កូនៗរបស់ខ្លួនចាប់ពីពេលដែលពួកគេនៅតូច ដូចជា ការសន្សំប្រាក់ ការវិនិយោគ ធានារ៉ាប់រង និងការរៀបចំផែនការហិរញ្ញវត្ថុជាដើម ក្នុងគោលបំណងដើម្បីឱ្យពួកគេ ស៊ាំតាំងពីតូចជាមួយនឹងរឿងហិរញ្ញវត្ថុ ក៏ដូចជា មានការយល់ដឹងអំពីរបៀបគ្រប់គ្រងហិរញ្ញវត្ថុ និងប្រើប្រាស់លុយកាក់ ឱ្យបានត្រឹមត្រូវនៅក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ ចាប់តាំងពីពេលនៅក្មេងតទៅ។

យើងគួរតែធ្វើយ៉ាងណាដើម្បីធានាថា កូនៗរបស់យើងអាចក្លាយជាមនុស្សជំនាន់ក្រោយ ដែលមានចំណេះជ្រៅជ្រះអំពីហិរញ្ញវត្ថុ អាចរស់នៅប្រកបដោយភាពសប្បាយរីករាយនៅក្នុងជីវិត ដោយមានការការពារផ្នែកហានិភ័យផ្សេងៗ នៅក្នុងជីវិតដោយផលិ​តផលធានារ៉ាប់រងត្រឹមត្រូវ ព្រមទាំងអាចកាត់ផ្ដាច់លែងឱ្យកូនៗរបស់យើង ធ្លាក់ចូលទៅក្នុងវដ្ដក្លាយជាគ្រួសារ ដែលមានឪពុកម្ដាយចាស់ និងកូនក្នុងបន្ទុកទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here