កម្ពុជា ចិនចុះ MOU ដើម្បីឈានទៅពង្រឹងសមត្ថភាពលើឯកទេសសាងសង់ ស្រាវជ្រាវទាក់ទងនឹងបញ្ហាផ្លូវដែក

ដោយៈគង់ ម៉ាលីនណា

ភ្នំពេញៈ វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន និងសា​ក​​លវិទ្យាល័យ Beijing Jiao Tong University (BJTU) និងក្រុមហ៊ុន Beijing Urban Construction Group បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាត្រីភាគី ដើម្បីពង្រឹងសមត្ថភាពធនធានមនុស្ស លើឯកទេសសាងសង់ ការស្រាវជ្រាវរួមគ្នា និងការបណ្តុះបណ្តាលបច្ចេកទេសផ្លូវដែកជាដើម។

លោកវ៉ាស៊ឹម សុរិយា អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងកាលពីចុងសប្តាហ៍មុនថា កិច្ចព្រមព្រៀងនេះ គឺដើម្បីធានាគុណភាព នៃការអប់រំ ឱ្យសមស្របទៅនឹងតម្រូវការទីផ្សារ និងផ្តល់ជំនួយបច្ចេកទេស ដែលជាអត្ថប្រយោជន៍ដ៏ធំធេង សម្រាប់សិស្សានុសិស្សក្នុងការពង្រីកឱកាសការងារ ជំនាញ ចំណេះដឹងឱ្យកាន់តែទូលំទូលាយ។

ជាមួយគ្នានេះ លោកហឿន សំនៀង នាយកវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ក៏បានឲ្យដឹងថា តាមរយៈកិច្ចព្រមព្រៀងនេះ នឹងជួយបណ្តុះបណ្តាលកូនខ្មែរ ឱ្យមានជំនាញច្បាស់លាស់ ដើម្បីដោះស្រា​យវិបត្តិ កង្វះអ្នកជំនាញបច្ចេកទេសនាពេលបច្ចុប្បន្នផង និងបង្កើតឱ្យមានអ្នកបន្តវេនរបស់កម្ពុជាដ៏មានសក្តានុពល និងស្មារតីទទួលខុសត្រូវលើវិស័យសាធារណការ និងដឹកជញ្ជូន នាពេលអនាគត។

លោក HUANG Taiyan តំណាងភាគីចិន បានលើកឡើងដែរថា សាកលវិទ្យាល័យ BJTU នឹងរង់ចាំការពង្រឹងទំនាក់ទំនងជាមួយវិទ្យាស្ថានសាធារណការ និងក្រុមហ៊ុន Beijing Urban Construction Group ដើម្បីពង្រឹងសមត្ថភាពធនធានមនុស្ស លើឯកទេសសាងសង់ ការស្រាវ​ជ្រាវរួមគ្នា និងការបណ្តុះបណ្តាលបច្ចេកទេសផ្លូវដែកនៃប្រទេសទាំងពីរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ពិធីចុះអនុស្សរណៈយោគយល់គ្នាត្រីភាគីចិន ក៏បានបន្តប្តេជ្ញាថា នឹងបណ្តុះបណ្តាល លើផ្នែកវិស្វកម្មសំណង់ស៊ីវិល វិស្វកម្មអគ្គិសនី សេដ្ឋកិច្ច និងការគ្រប់គ្រង នាពេលអនាគត សាកលវិទ្យាល័យ នឹងស្វាគមន៍និស្សិតឆ្នើមកម្ពុជាពីវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន បន្ថែមទៀតដើម្បីទៅសិក្សានៅ BJTU៕

LEAVE A REPLY

Please enter your comment!
Please enter your name here