ប្រទេសចំនួនបីនឹងទទួលធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមឆ្នាំ២០២៥ ២០២៧ និង២០២៩ បន្ទាប់ពីប្រទេសកម្ពុជា

ដោយ៖ សុផារី

វៀតណាម៖ លោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) នៅថ្ងៃទី១២ ខែឧសភានេះ បានបង្ហាញបេក្ខភាពប្រទេស៣ប្រទេស ដែលទទួលបានសិទ្ធបន្ដវេនធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ចំនួន៣លើក បន្ទាប់ពីប្រទេសកម្ពុជា។

ប្រទេសដែលទទួលបានសិទ្ធិ រួមមាន ប្រទេសថៃនឹងធ្វើម្ចាស់ផ្ទះនាឆ្នាំ២០២៥ ម៉ាឡេស៊ីនឹងធ្វើម្ចាស់ផ្ទះនាឆ្នាំ២០២៧ និងសិង្ហបុរីនឹងធ្វើម្ចាស់ផ្ទះនាឆ្នាំ២០២៩។

ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ នៅទីក្រុងហាណូយ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ មុនពិធីបើកការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ លោកបណ្ឌិត ថោង ខុន បានធ្វើការវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ម្ចាស់ផ្ទះវៀតណាម ទោះបីក្នុងកាលៈទេសៈកូវីដ-១៩ មិនទាន់ធូរស្រាលក្ដី តែវៀតណាមបានខិតខំរៀបចំព្រឹត្តិការណ៍ប្រចាំតំបន់នេះ ហើយសមាជិកអាស៊ីអាគ្នេយ៍ទាំងអស់ រំពឹងថា ព្រឹត្តិការណ៍នេះ នឹងប្រព្រឹត្តទៅដោយជោគជ័យ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោករដ្ឋមន្ដ្រី បញ្ជាក់លទ្ធផលកិច្ចពិភាក្សាអំពីការសម្រេចប្រទេសត្រូវធ្វើម្ចាស់ផ្ទះស៊ីហ្គេម បន្ទាប់ពីស៊ីហ្គេម លើកទី៣២ នៅកម្ពុជាថា “កិច្ចពិភាក្សា អំពីតើអ្នកណា ត្រូវធ្វើជាម្ចាស់ផ្ទះបន្ទាប់កម្ពុជា គឺថៃ ធ្វើម្ចាស់ផ្ទះឆ្នាំ២០២៥ ម៉ាឡេស៊ី ធ្វើម្ចាស់ផ្ទះឆ្នាំ២០២៧ និងសិង្ហបុរី ធ្វើម្ចាស់ផ្ទះឆ្នាំ២០២៩ ។ ប៉ុន្ដែឆ្នាំ២០៣១ ត្រូវរង់ចាំលិខិតបញ្ជាក់រវាងឡាវ និងឥណ្ឌូនេស៊ីសិន”។

លោកក៏បានបន្តថា កម្ពុជាបានត្រៀមខ្លួនជាស្រេច ដើម្បីរៀបចំ និងដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ម្ដងទៀត នាថ្ងៃទី១១-១៣ ខែកក្កដា ឆ្នាំ២០២២ ដើម្បីពិភាក្សាលម្អិតលើកិច្ចការសំខាន់ៗមួយចំនួន ក្នុងដំណើរឆ្ពោះទៅព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រនៅកម្ពុជាផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here