ប្រទេស​បារាំងនិងEUផ្ដល់ហិរញ្ញប្បទានសម្បទាននិង​ជំនួយឥតសំណងចំនួន៧៥លានដុល្លារ​ សម្រាប់អភិវឌ្ឍន៍​វិស័យថាមពលអគ្គិសនីកម្ពុជា

ដោយ៖ សុផារី

ភ្នំពេញ៖ រាជរដ្ឋាភិបាលសាធារណរដ្ឋបារាំង បានផ្ដល់ហិរញ្ញប្បទានសម្បទានចំនួន​៧០លានអឺរ៉ូ និងសហភាពអឺរ៉ុប បានផ្ដល់នូវជំនួយឥតសំណង១លានអឺរ៉ូ (សរុបប្រមាណ៧៥លានដុល្លារអាមេរិក) តាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) សម្រាប់ការអភិវឌ្ឍគម្រោងក្នុងវិស័យថាមពលអគ្គិសនីកម្ពុជា។

នេះ​បើតាម​ការ​លើកឡើង​របស់លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២នេះ ក្នុង​ឱកាសសម្ពោធដាក់ឲ្យដំណើរការគម្រោងខ្សែបញ្ជូន និងចែកចាយអគ្គិសនី ក្នុងខេត្តកោះកុង កំពង់ចាម និងក្រចេះ ក្នុងក្របខណ្ឌឥណទានសម្បទានពីសាធារណរដ្ឋបារាំង និងជំនួយឥតសំណងពីសហភាពអឺរ៉ុប តាមរយៈទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ ដោយមានការចូលរួមពីលោក ហ្សាក់ ប៉ឺឡេ ឯករាជទូតបារាំងប្រចាំកម្ពុជា និងលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក ស៊ុយ សែម បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ជំរុញការសាងសង់ខ្សែបណ្ដាញបញ្ជូនអគ្គិសនីធំៗ អនុស្ថានីយតភ្ជាប់គ្នា ជាមួយនឹងការបន្ថែមជាបន្តបន្ទាប់ដើម្បីផ្ដល់ប្រភពអគ្គិសនី ឲ្យបានគ្រប់គ្រាន់ទាន់តាមកំណើនសេដ្ឋកិច្ច និងឲ្យទាន់តាមកំណើន នៃតម្រូវការប្រើប្រាស់ និងជំរុញការសាងសង់ខ្សែបណ្ដាញបញ្ជូនរង និងខ្សែបណ្ដាញចែកចាយអគ្គិសនី តាមបណ្ដាខេត្តនានា ជាបន្តបន្ទាប់ ដើម្បីធ្វើការបញ្ជូនចែកចាយប្រភពអគ្គិសនី ដែលបានអភិវឌ្ឍផ្គត់ផ្គង់ឲ្យអ្នកប្រើប្រាស់អគ្គិសនី នៅទូទាំងប្រទេសកម្ពុជាឲ្យបានគ្រប់គ្រាន់។

 

លោក​បានបន្តថា ការអភិវឌ្ឍលើវិស័យថាមពលអគ្គិសនីខាងលើ គឺដើម្បីអភិវឌ្ឍន៍កម្ពុជា ឲ្យប្រែក្លាយទៅជាប្រទេសមួយមានការផ្គត់ផ្គង់អគ្គិសនីគ្រប់គ្រាន់ ចីរភាពអាចទុកចិត្តបានមានគុណភាព និងមានតម្លៃសមរម្យ សម្រាប់អ្នកប្រើប្រាស់គ្រប់ប្រភេទនៅគ្រប់ទីកន្លែងទូទាំងប្រទេស ដែលជាកត្តាចម្បង និងចាំបាច់បំផុត សម្រាប់គាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមព្រមទាំងការផ្ដល់នូវសុខមាលភាព នៃការរស់នៅជូនប្រជាពលរដ្ឋ។

លោក ហ្សាក់ ប៉ឺឡេ ឯកអគ្គរាជទូតបារាំងប្រចាំកម្ពុជា បានលើកឡើងថា លោកមានមោទនភាព ចំពោះការចូលរួមរបស់ប្រទេសបារាំង (AFD) ក្នុងវិស័យថាមពល ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយ គឺគម្រោងបញ្ជូន និងការចែកចាយថាមពលអគ្គិសនី ក្នុងគោលបំណងធ្វើឲ្យកាន់តែប្រសើរឡើងនូវថាមពល ដែលអាចជឿទុកចិត្តបាននៅក្នុងខេត្តចំនួន៣។

លោកបន្ដទៀតថា គម្រោងនេះបង្ហាញពីទំនាក់ទំនងដ៏ល្អសម្រាប់រយៈពេលវែង ដែលក្រសួងរ៉ែ និងថាមពល និងអគ្គិសនីកម្ពុជា បានសាងសង់ AFD ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះដើម្បីជួយគាំទ្រដោយយុទ្ធសាស្ត្រអគ្គិសនីរបស់ប្រទេសកម្ពុជា ការអភិវឌ្ឍ និងការពង្រឹងបណ្ដាញធាតុ ដើម្បីលើកកម្ពស់សមត្ថភាពទទួលបានអគ្គិសនីជាផលប្រយោជន៍ ដល់ប្រជាជនកម្ពុជាទាំងអស់៕

LEAVE A REPLY

Please enter your comment!
Please enter your name here