ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ានជម្រុញក្រុមហ៊ុនថាមពលរបស់សហរដ្ឋអាមេរិកមកបន្ថែមការវិនិយោគនៅកម្ពុជា

   ដោយៈ លក្ខិណា

        ភ្នំពេញៈ ក្នុងជំនួបជាមួយលោកស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល  លោកMichael W. Michalak អនុប្រធានជាន់ខ្ពស់ និងជានាយកគ្រប់គ្រងប្រចាំតំបន់ នៃក្រុមប្រឹក្សាធុរកិច្ចអាស៊ាន -អាមេរិកបានបញ្ជាក់ថា នឹងកៀគរក្រុមថាមពលអាមេរិក មកស្វែងរការវិនិយោគនៅក្នុងប្រទេសកម្ពុជា ដោយបច្ចុប្បន្ននេះ មានក្រុមហ៊ុនអាមេរិកជាច្រើនហើយកំពុងវិនិយោគនៅក្នុងប្រទេសកម្ពុជា។

លោកបានសម្តែងនូវការសារទរ និងគាំទ្រដល់ក្រសួងរ៉ែ និងថាមពល ក្នុងនាមជាប្រធាននៃកិច្ចប្រជុំ ថាមពលអាស៊ានឆ្នាំ២០២២ ដែលក្នុងភាពជាប្រធាននេះ ក្រសួងបានជ្រើស រើសយកមូលបទ ការបង្កើនល្បឿនអន្តរកាលថាមពល ដើម្បីការស្តារសេដ្ឋកិច្ចនិងកំណើនដោយចិរភាព មកពិភាក្សា ដែលស្របទៅនឹងការវឌ្ឍន៍ និងបច្ចេកវិទ្យាថាមពល នាពេលបច្ចុប្បន្ននិងអនាគត។

លោកក៏បានកត់សម្គាល់អំពី ការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់កម្ពុជា ក្នុងវិស័យថាមពលនេះ បូករួមទាំងប្រេងនិងឧស្ម័ន ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងជំនួបពិភាក្សានេះ ភាគីទាំងពីរ បានផ្តោតលើប្រធានបទសំខាន់ៗដូចជា  សក្តានុពលពង្រីកស្ថានីយប្រេង និងលទ្ធភាពវិនិយោគស្ថានីយសាកអាគុយរថយន្តអគ្គិសនីនៅកម្ពុជា វឌ្ឍនភាពនៃការរៀបចំគោលនយោបាយអភិវឌ្ឍថាមពលកម្ពុជា ការពង្រឹងកិច្ចសហប្រតិបត្តិការស្វែងរុករកប្រេង និងឧស្ម័នបន្ថែម ឱកាសសហការ ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថាមពល រួមមាន ការពង្រឹងនិងបង្កើនស្តង់ដារបណ្តាញបញ្ជូនអគ្គិសនី ការគ្រប់គ្រងថាមពល និងប្រព័ន្ធសន្សំសំចៃថាមពល ឱកាសវិនិយោគថាមពលស្អាត និងថាមពលកកើតឡើងវិញ ការគាំទ្រលើការអភិវឌ្ឍធនធានមនុស្ស ជំនួយហិរញ្ញវត្ថុនិងកម្មវិធីលើកកម្ពស់ភាពជាអ្នកដឹកនាំវ័យក្មេង ។

ថ្លែងក្នុងជំនួបពិភាក្សាការងារនេះផងដែរ លោកស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពលបាន ថ្លែងអំណរគុណចំពោះការគាំទ្រ នៃក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន (US-ASEAN Business Council) ចំពោះកម្ពុជា និងស្វាគមន៍រាល់ការ  វិនិយោគរបស់ភាគីអាមេរិក ពិសេសការបង្កើនកិច្ចសហប្រតិបត្តិការនិងទំនាក់ ទំនងរវាងក្រសួ​ងរ៉ែនិងថាមពល និងក្រុមហ៊ុនថាមពលរបស់អាមេរិក។

នៅក្នុងជំនួបរវាងមន្ត្រីជាន់ខ្ពស់កម្ពុជា និងក្រុមប្រឹក្សាធុរកិច្ច អាមេរិក-អាស៊ាន ក៏មាន មានការចូលរួមពីតំណាងស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ក្រុមហ៊ុនChevron ក្រុមហ៊ុន Conocco Phillips ក្រុមហ៊ុន ExxonMobil ក្រុមហ៊ុន Meta ក្រុមហ៊ុន RMA Group ក្រុមហ៊ុន Roche ក្រុមហ៊ុន Amazon និងក្រុមហ៊ុន 3M ជាដើម ៕

LEAVE A REPLY

Please enter your comment!
Please enter your name here