អាកាសយានដ្ឋានអន្តរជាតិតេជោលក់មូលបត្របំណុលតម្លៃ១លានដុល្លារបន្ថែមទៀត

ដោយ៖ សុផារី

ភ្នំពេញ៖ ក្រុមហ៊ុនសាងសង់ព្រលានយន្តហោះអន្តរជាតិតេជោ នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២នេះ បានលក់មូលបត្របំណុលតម្លៃ១លានដុល្លារ ឲ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ដើម្បីចូលរួមគាំទ្រគម្រោងសាងសង់ អាកាសយានដ្ឋានអន្តរជាតិថ្មីនេះ។

តាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រុមហ៊ុន CAIC ដែលចេញផ្សាយបាននៅថ្ងៃទី០៦ ខែឧសភានេះ បានបញ្ជាក់ថា “AMK Microfinance Institution Plc. បានបណ្តាក់ទុនចំនួន១ លានដុល្លារអាមេរិក នៅលើសញ្ញាបណ្ណមានបុគ្គលធានា របស់អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលចេញដោយ CAIC នៅថ្ងៃទី ០៦ ខែឧសភា ឆ្នាំ២០២២”។

 

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រុមហ៊ុន បានបញ្ជាក់ទៀតថា ទឹកប្រាក់វិនិយោគដែលទទួលបានពីសញ្ញាបណ្ណនេះ នឹងត្រូវប្រើប្រាស់សម្រាប់ការសាងសង់ និងការអភិវឌ្ឍន៍ គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ នៅខេត្តកណ្តាល។ អត្រាការប្រាក់(Coupon rate) របស់សញ្ញាបណ្ណនេះគឺ៥,៥% ក្នុងមួយឆ្នាំ ជាមួយនឹងរយៈពេល (tenor) ៣ឆ្នាំ ហើយត្រូវបានធានាដោយក្រុមហ៊ុន OCIC ។

 

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអំពាវនាវដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនានា ឲ្យជួយទិញសញ្ញាបណ្ណ (មូលបត្របំណុល-Bond) របស់ក្រុមហ៊ុនខេមបូឌា អ៊ែរផត អ៊ីនវេសមិន (CAIC) ដែលសាងសង់អាកាសយានដ្ឋាន អន្តរជាតិតេជោ។

 

ការចូលរួមទិញសញ្ញាបណ្ណនេះ គឺជាការចូលរួមការអភិវឌ្ឍន៍ព្រលានយន្តហោះថ្មី ដែលកាត់បន្ថយនូវការប្រើប្រាស់ទុន ពីក្រៅប្រទេស ហើយការគ្រឹះស្ថាន ហិរញ្ញវត្ថុទាំងនោះ ក៏ទទួលបានផលចំណេញពីអត្រាការប្រាក់ ដោយទទួលបានការធានាផ្នែកហានិភ័យ ស្មើសូន្យពីរាជរដ្ឋាភិបាលផងដែរ។

CAIC គឺជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា រវាងរាជរដ្ឋាភិបាលកម្ពុជា (RGC) ដែលតំណាងដោយរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងក្រុមហ៊ុន OCIC ។ រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់សិទ្ធិឲ្យ ក្រុមហ៊ុន CAIC ក្នុងការកាន់កាប់ រចនា ប្លង់ សាងសង់ ធ្វើហិរញ្ញប្បទាន និងគ្រប់គ្រងប្រតិបត្តិការគម្រោង អាកាសយានដ្ឋានអន្តរជាតិតេជោ៕

LEAVE A REPLY

Please enter your comment!
Please enter your name here