មហាសេដ្ឋី Elon Musk ទិញយក Twitter បានហើយក្នុងតម្លៃដ៏មហាសាល

ដោយៈសុខុម

អន្តរជាតិ: ក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនបណ្ដាញទំនាក់ទំនងសង្គម Twitter បានសម្រេចចិត្តលក់ក្រុមហ៊ុននេះ ឱ្យទៅកំពូលមហាសេដ្ឋី Elon Musk ក្នុងតម្លៃ ៤៤ពាន់លានដុល្លារអាមេរិក។ នេះបើយោងតាមសារព័ត៌មាន BBC ចុះផ្សាយកាលពីថ្ងៃអង្គារ ទី២៦ ខែមេសា។

លោក Elon Musk បានលើកឡើងថា ក្រុមហ៊ុន Twitter មាន “សក្ដានុពលធំធេងណាស់” ដែលលោកនឹងបញ្ចេញឱ្យអស់លទ្ធភាព។ ទន្ទឹមនេះ លោកក៏បានសន្យាថា នឹងធ្វើការកែសម្រួលជាបន្តបន្ទាប់ រាប់ចាប់ពីការបន្ធូរបន្ថយការរឹតបន្តឹងរបស់ខ្លួន លើខ្លឹមសារ ឬ Content រហូតដល់ការលុបចោលគណនីក្លែងក្លាយ ឬ Fake Account។

យោងតាមទស្សនាវដ្ដី Forbes ឱ្យដឹងថា លោក Elon Musk គឺជាកំពូលមហាសេដ្ឋីមានបំផុត ក្នុងពិភពលោកជាមួយនឹងទ្រព្យសម្បត្តិ ប្រមាណ២៧៣,៦ពាន់លានដុល្លារអាមេរិក ដែលភាគច្រើនបានពីភាគហ៊ុន ដែលលោកមានក្នុងក្រុមហ៊ុនផលិតរថយន្ត Tesla ដែលលោកគ្រប់គ្រង។ ហើយលោកក៏ជាអ្នកដឹកនាំក្រុមហ៊ុនអវកាស SpaceX ផងដែរ។

លោកបានចេញសេចក្ដីថ្លែងការណ៍ ប្រកាសកិច្ចព្រមព្រៀងទិញយកក្រុមហ៊ុន Twitter នេះថា “សេរីភាពបញ្ចេញមតិគឺជាមូលដ្ឋានគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ ហើយ Twitter គឺជា Platform ឌីជីថលមួយដែលបញ្ហានានា ដែលសំខាន់ចំពោះអនាគត នៃមនុស្សជាតិត្រូវបានលើកយកមកជជែកដេញដោល”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានគូសបញ្ជាក់បន្ថែមទៀតថា “Twitter មានសក្ដានុពលយ៉ាងធំធេង ហើយខ្ញុំទន្ទឹងរង់ចាំធ្វើការជាមួយក្រុមហ៊ុននេះ និងសហគមន៍អ្នកប្រើប្រាស់ ដើម្បីបញ្ចេញសក្ដានុពលរបស់វា”។ ទន្ទឹមនេះ លោក Elon Musk បានប្រកាសប្ដេជ្ញាថា នឹងការពារសិទ្ធិរបស់អ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គម Twitter៕ BBC៕

LEAVE A REPLY

Please enter your comment!
Please enter your name here