ខេត្តកែបគ្រោងបង្កើតបណ្តុំរដ្ឋបាលតំបន់ឆ្នេរទំហំជិត៦ហិកតាថ្មីមួយក្នុងពេលឆាប់ៗនេះ

ដោយ៖ សុផារី

កែប៖ រដ្ឋបាលខេត្តកែបគ្រោងនឹងបង្កើត “បណ្តុំរដ្ឋបាលតំបន់ឆ្នេរថ្មីមួយ” ក្នុងពេលឆាប់ៗនេះ នៅទីតាំងតំបន់ឆ្នេរទឹករាក់ជាប់ផ្លូវប្របមាត់សមុទ្រ ក្នុងក្រុងកែប ដើម្បីបម្រើឲ្យវិស័យទេសចរណ៍ និងវិស័យពាក់ព័ន្ធនានានៅលើផ្ទៃសមុទ្រឲ្យកាន់តែមានភាពល្អប្រសើរ។

លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បានមានប្រសាសន៍ឱ្យដឹងក្នុងដំណើរចុះសិក្សា និងពិនិត្យគម្រោងជាច្រើន ជាមួយក្រុមការងារបច្ចេកទេស របស់គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍ឆ្នេរសមុទ្រកម្ពុជាកាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២នេះ។

លោកបានឱ្យដឹងថា រដ្ឋបាលខេត្តកែប គ្រោងនឹងបង្កើតតំបន់បណ្តុំរដ្ឋបាលតំបន់ឆ្នេរថ្មីមួយដែលមានទំហំ ៥,៤៧ហិកតាថ្មីមួយ នៅជាប់ផ្លូវប្របមាត់សមុទ្រ ក្នុងក្រុងកែប។ ហើយរដ្ឋបាលខេត្ត គ្រោងចាក់ដីបំពេញក្នុងពេលឆាប់ៗ សម្រាប់ទុកជាទីតាំងអចិន្រ្តៃយ៍ នៃបណ្តុំរដ្ឋបាល សម្រាប់បម្រើអោយវិស័យពាក់ព័ន្ធផ្សេងៗលើផ្ទៃសមុទ្រ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានបញ្ជាក់ថា “កន្លងមកខេត្តកែប មិនទាន់មានទីតាំងដែលជាបណ្តុំរដ្ឋបាលតំបន់ឆ្នេរមួយសម្រាប់ឆ្លើយតបបន្ទាន់ទៅលើបញ្ហាផ្សេងៗ ជូនទៅដល់ភ្ញៀវទេសចរណ៍ ប្រជាជនទូទៅ ជាពិសេសទីតាំងដែលអាចសង្រោះគ្រោះមហន្តរាយផ្សេងៗដែលកើតឡើងលើផ្ទៃសមុទ្របានភ្លាមៗនៅឡើយ ដូចនេះយើងគ្រោងធ្វើទីតាំងនេះទៅជាកន្លែងផ្គត់ផ្គង់បណ្តុំសេវាទាំងនោះ”។

លោកបានបន្ថែមថា ក្រៅពីតែពីចុះពិនិត្យសិក្សាលើគម្រោងខាងលើ ក្រុមការងារបច្ចេកទេស របស់គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍ឆ្នេរសមុទ្រកម្ពុជា ក៏និងពិនិត្យមើល គម្រោងអភិវឌ្ឍន៍ឆ្នេរសមុទ្រចំនួន២ទៀត ក្នុងនោះមានគម្រោងរបស់ក្រុមហ៊ុនទ្រីភាព កោះទន្សាយ រីស៊ត ឯ.ក ដែលមានទីតាំងនៅភូមិកែប សង្កាត់កែប ក្រុងកែប ស្នើរសុំចាក់ដី និងចាក់ខ្សាច់បំពេញឆ្នេរ និងពិនិត្យវឌ្ឍនភាពនៃការអនុវត្តន៍គម្រោងពង្រីកឆ្នេរ២,៧០០ម៉ែត្រ ដែលកំពុងអនុវត្តន៍ដោយ គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍ឆ្នេរសមុទ្រកម្ពុជាផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here