ការនាំចេញវិស័យកាត់ដេររបស់កម្ពុជាសម្រេចបានជាង ៣ពាន់លានដុល្លារ ក្នុងត្រីមាសទី១

ដោយៈគង់ ម៉ាលីនណា

ភ្នំពេញៈ ប្រធានសមាគមរោងចក្រកាត់ដេរនៅកម្ពុជា បានឲ្យដឹងថា ក្នុងត្រីមាសទី១ ឆ្នាំ២០២២នេះ វិស័យកាត់ដេរនៅរក្សាបានកំណើននៃការនាំចេញក្នុងអត្រា២៥ភាគរយ ជាមួយទឹកប្រាក់ចំនួន៣ ១៥៥លានដុល្លារ។

ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ រវាងលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម កាលពីរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ នៅទីស្តីការក្រសួង ដើម្បីបន្តជំរុញវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង ផលិតផលធ្វើដំណើរ និងកាបូបនៅកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត លោក គង់ សាង ប្រធានសមាគមរោងចក្រកាត់ដេរនៅកម្ពុជា(GMAC) បានលើកឡើងថា ការសម្រេចបានខាងលើនេះ ក្នុងនោះ សម្លៀកបំពាក់មានចំនួន២១៣៧លានដុល្លារ ស្មើនឹងកំណើន ២០%) ស្បែកជើង៤២១លានដុល្លារ (កំណើន៣៣%) និងផលិតផលធ្វើដំណើរនិងកាបូបមានចំនួន៤៦៨លានដុល្លារ (កំណើន ៤៦%) ហើយផលិត​ផលវាយនភណ្ឌផ្សេងៗទៀតមានចំនួន១២៨លានដុល្លារ (កំណើន១១%)។

ជាមួយគ្នានេះ លោកប្រធានសមាគម បានថ្លែងអំណរគុណចំពោះ លោករដ្ឋមន្រ្តី និងថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម ដែល ផ្តល់ឱកាសឱ្យលោក និងសហការី ជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងអរគុណដល់ក្រសួងពាណិជ្ជកម្ម ដែលបានដើរតួនាទីយ៉ាងសំខាន់ ក្នុងកិច្ចសម្រួលពាណិជ្ជកម្ម ជំរុញពាណិជ្ជកម្ម និងពង្រីកទីផ្សារបន្ថែម។

នៅក្នុងជំនួបនាឱកាសនោះ លោករដ្ឋមន្រ្ដី បានសម្តែងការស្វាគមន៍ និងអបអរសាទរ ចំពោះលោក គង់ សាង និងសហការី ដែលត្រូវបានបោះឆ្នោតជ្រើសតាំងជា ប្រធាន អនុប្រធាន ព្រមទាំងសមាជិកគណៈកម្មការប្រតិបត្តិ នៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) សម្រាប់អាណត្តិថ្មី ឆ្នាំ២០២២-២០២៣។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានលើកឡើង ពីកិច្ចសហការយ៉ាងល្អរវាងក្រសួង និង GMAC នាពេលកន្លងមក ព្រមទាំងបានបញ្ជាក់ថា GMAC ជាដៃគូដ៏សំខាន់របស់ក្រសួង ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ច និងភាពប្រកួតប្រជែងរបស់កម្ពុជា ក្នុងវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង ផលិតផលធ្វើដំណើរនិងកាបូប។

លោករដ្ឋមន្រ្តីបានបន្តថា GMAC បានចូលរួមចំណែកយ៉ាងសំខាន់ជាមួយរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ដទៃទៀត ក្នុងការចរចាបើកទីផ្សារបន្ថែ​ម ក៏ដូចជាការកសាងយុទ្ធសាស្រ្តអភិវឌ្ឍវិស័យកាត់ដេរ ផលិតស្បែកជើង ផលិតផលធ្វើដំណើរ និងកាបូបកម្ពុជា ឆ្នាំ២០២២-២០២៧ ដើម្បីធានាបាននូវការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព និងប្រែក្លាយវិស័យនេះ ទៅជាឧស្សា​ហកម្ម ដែលមានចីរភាពផ្នែកបរិស្ថាន មានភាពធន់និងតម្លៃបន្ថែមច្រើន ព្រមទាំងមានភាពប្រកួតប្រជែងខ្ពស់ ក្នុងតំបន់ដ៏ដូចជាពិភពលោក។

លោកបន្ថែមថា ក្រសួងពាណិជ្ជកម្មបានជួយសម្រួល យ៉ាងច្រើនដល់បរិយាកាសធុរកិច្ចនៅកម្ពុជា តាមរយៈការធ្វើកំណែទម្រង់ការផ្តល់សេវាសាធារណៈ និងការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្ម ក្នុងការផ្តល់វិញ្ញា​បនបត្របញ្ជាក់ដើមកំណើតទំនិញ ការចុះបញ្ជីក្រុមហ៊ុន ព្រមទាំងការចុះបញ្ជីម៉ាក ឱ្យកាន់តែមានភាពងាយស្រួល មានតម្លាភាព និងប្រសិទ្ធភាពខ្ពស់៕

LEAVE A REPLY

Please enter your comment!
Please enter your name here