ដោយៈសុខុម
សឹង្ហបុរី: ប្រទេសសឹង្ហបុរី កាលពីថ្ងៃអាទិត្យ ទី១៧ ខែមេសា បានបើកដំណើរការជាផ្លូវការនូវរោងចក្រទី៥ ចម្រាញ់ទឹកសមុទ្រទៅជាទឹកស្អាតសម្រាប់ទទួលទាន ដែលសន្សំសំចៃថាមពលតិចជាង រោងចក្រចម្រាញ់ទឹកសមុទ្រធម្មតាប្រមាណ៥%។
ដោយសារវាស្ថិតនៅក្នុងទីតាំងតែមួយ ជាមួយនឹងរោងចក្រថាមពលដែលមានស្រាប់ រោងចក្រ Jurong Island Desalination Plant ខាងលើនេះអាចសន្សំសំចៃថាមពលបានប្រមាណ៥.០០០មេហ្គាវ៉ាត់ម៉ោងក្នុងមួយឆ្នាំ ដែលស្មើនឹងតម្រូវការថាមពលប្រចាំឆ្នាំរបស់ពលរដ្ឋជិត១.០០០គ្រួសារ។
រោងចក្រថ្មី ដែលបានដំណើរការតាំងពីដើមខែនេះ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមវត្តមានចូលរួមរបស់ឧបនាយករដ្ឋមន្ត្រីHeng Swee Keat និងរដ្ឋមន្ត្រីទទួលបន្ទុកនិរន្តរភាព និងបរិស្ថាន Grace Fu កាលពីថ្ងៃអាទិត្យ។
រោងចក្រដែលសាងសង់លើផ្ទៃដីទំហំ៣,៧ហិកតានេះ អាចផលិតទឹកស្អាត សម្រាប់ទទួលទានបានរហូតដល់ ទៅ១៣៦.៣៨២ម៉ែត្រគីបក្នុងមួយថ្ងៃ ដែលស្មើនឹង៧%នៃតម្រូវការទឹកប្រចាំថ្ងៃក្នុងប្រទេសសិង្ហបុរី។
រោងចក្រនេះនឹងត្រូវដំណើរការ ដោយសម្ព័ន្ធក្រុមហ៊ុនមួយដែលបង្កើតឡើងដោយ ក្រុមហ៊ុន Tuas Power and ST Engineering សម្រាប់រយៈពេល២៥ឆ្នាំ ក្រោយដេញថ្លៃឈ្នះគម្រោងនេះក្នុងឆ្នាំ២០១៧។
ទោះជាយ៉ាងណា គ្មានការបញ្ជាក់ពីកាលបរិច្ឆេទចាប់ផ្ដើម និងបញ្ចប់ការសាងសង់ ក៏ដូចជាទំហំទុនវិនិយោគ សម្រាប់គម្រោងរោងចក្រសម្រាញ់ទឹកសមុទ្រទៅជាទឹកសាបនេះឡើយ៕ CNA៕