ដោយៈសុខុម
អន្តរជាតិ: ស្ដេចនាវាពិឃាតផ្ទុកយន្តហោះ USS Gerald R. Ford របស់សហរដ្ឋអាមេរិក ដែលជានាវាចម្បាំងថ្លៃបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ ទីបំផុតបានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីចូលសរភូមិប្រយុទ្ធ។ នេះបើយោងតាមសារព័ត៌មាន Yahoo News ចុះផ្សាយកាលពីថ្ងៃសៅរ៍ ទី៩ ខែមេសា។
ដំណឹងដ៏គួរឱ្យភ្ញាក់ផ្អើលនេះកើតមានឡើង ស្របពេលភ្លើងសង្គ្រាមដែលរុស្ស៊ី ចូលឈ្លានពានប្រទេសអ៊ុយក្រែន កំពុងតែឡើងកម្ដៅដែលបានបង្កភាពវឹកវរពាសពេញពិភពលោក ក្រោយលោកខាងលិច និងបណ្ដាសម្ព័ន្ធមិត្តបានដាក់ទណ្ឌកម្មលើរុស្ស៊ី យ៉ាងធ្ងន់ធ្ងរបំផុតជាបន្តបន្ទាប់។
វាជារឿងដ៏អាថ៍កំបាំងជាយូរមកហើយ ដែលកងទ័ពជើងទឹករបស់សហរដ្ឋអាមេរិក មិនបានប្រកាសដំណឹងអំពីការផលិតនាវា ផ្ទុកយន្តហោះនេះ ហើយទើបតែមកប្រកាសពេលនេះ។
កងទ័ពជើងទឹករបស់សហរដ្ឋអាមេរិក បានអនុម័តដោយស្ងាត់ៗដាក់ឱ្យនាវានេះ ដំណើរការជាបឋមនៅចុងឆ្នាំ២០២១។ នាវា USS Gerald R. Ford នេះនឹងត្រូវដាក់ឱ្យដំណើរការពេញសមត្ថភាពជាលើកដំបូងរបស់ខ្លួននៅឆ្នាំ២០២២នេះ គឺយឺតជាងការគ្រោងទុកដល់ទៅ៨ឆ្នាំ។
នាវាពិឃាតថ្មី ដែលនឹងចូលជំនួសនាវាផ្ទុកយន្តហោះ USS Nimitz ចាស់នេះនឹងមានសមត្ថភាពប្រយុទ្ធខ្លាំង ទំនើប និងអាចផ្ទុកយន្តហោះចម្បាំងបានកាន់តែច្រើន។
នាវាផ្ទុកយន្តហោះដែលមានទម្ងន់រហូត ដល់ទៅ១០០.០០០តោន និងប្រវែង៣៣២,៨ម៉ែត្រនេះ បានចាប់ផ្ដើមដំណើរការផលិតក្នុងឆ្នាំ២០០៩ ហើយគ្រោងនឹងបញ្ចប់នៅឆ្នាំ២០១៤ ពោលគឺប្រើពេល៥ឆ្នាំនៅក្នុងការផលិត។ ប៉ុន្តែដោយសារមានការលំបាក នៅក្នុងការផលិតបានធ្វើឱ្យការបញ្ចប់ការផលិតត្រូវអូសបន្លាយពេល រហូតដល់ខែធ្នូ ចុងឆ្នា២០២១។
យោងតាម Congressional Research Service ដែលជាវិទ្យាស្ថានស្រាវជ្រាវ គោលនយោបាយសាធារណៈរបស់សហរដ្ឋអាមេរិកបានឱ្យដឹងថា ថ្លៃផលិតនាវាពិឃាត USS Gerald R. Ford បានចំណាយរហូតដល់ទៅ១៣,៣ពាន់លានដុល្លារ ដែលធ្វើឱ្យវាក្លាយជានាវាពិឃាត ដែលថ្លៃបំផុតក្នុងលោក។
តម្លៃនេះមិនទាន់បូកបញ្ចូលថ្លៃ កងយន្តហោះចម្បាំងជាង៧០គ្រឿងរបស់វានៅឡើយទេ៕ Yahoo News៕