ធនាគារអន្តរជាតិធំពីរព្យាករណ៍ពីកំណើនខុសគ្នានៃសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២២

ដោយៈលក្ខិណា

ភ្នំពេញៈ កំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២២នេះ ត្រូវបានព្យាករណ៍ដោយស្ថាប័នធនាគារ លំដាប់ពិភពលោកធំពីរនៅកម្ពុជា ប៉ុន្តែបើតាមតួលេខនៃការព្យាករនោះឃើញថា មានតួលេខខុសគ្នាដាច់ដោយឡែក និងខុសពីការព្យាកររបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។

យោងតាមការព្យាករណ៍ របស់ធនាគារពិភពលោកបានបង្ហាញថា សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២២នេះ នឹងសម្រេច៤,៥ភាគរយក្នុងឆ្នាំ២០២២ ។ យ៉ាងណាក្ដីធនាគារពិភពលោក ក៏បានយកសេណារីយ៉ូមួយទៀតមកព្យាករណ៍ថា កំណើនសេដ្ឋកិច្ចកម្ពុជា នឹងសម្រេចបានយ៉ាងទាបបំផុតត្រឹម៣,៨ភាគរយក្នុងឆ្នាំ២០២២ ។

សេណារីយ៉ូនេះ គឺសន្មតថាមានការធ្លាក់ចុះ នៃលក្ខខណ្ឌសេដ្ឋកិច្ចក្នុងស្រុក ដោយសារតែអត្រាអតិផរណាកើនឡើងខ្ពស់ ខណៈលក្ខខណ្ឌខាងក្រៅកាន់តែអាក្រក់ ដោយសារតែការធ្លាក់ចុះ នៃតម្រូវការខាងក្រៅ។ គេរំពឹងថា វិស័យកម្មន្តសាលសម្រាប់នាំចេញរបស់កម្ពុជា នឹងជួបព្យុះភ្លៀងនាពេលប៉ុន្មានខែខាងមុខ ដោយសារបរិយាកាសខាងក្រៅ មិនសូវអំណោយផល បណ្ដាលមកពីការធ្លាក់ចុះ នៃតម្រូវការនៅសហរដ្ឋអាមេរិក និងការធ្លាក់ចុះរចនាសម្ព័ន្ធទូទៅនៅក្នុងប្រទេសកម្ពុជា។

ដោយឡែកក្រលេកទៅមើលការព្យាករណ៍ របស់ធនាគារអភិវឌ្ឍន៍អាស៊ីវិញឃើញថា មានតួលេខខ្ពស់ ដោយរំពឹងថា សេដ្ឋកិច្ចកម្ពុជានឹងសម្រេចបានរហូតដល់៥,៣ក្នុងឆ្នាំ២០២២ និង៦,៥ភាគរយក្នុងឆ្នាំ ២០២៣ ។ ការព្យាករណ៍នេះ ក៏ផ្អែកទៅលើផលិតកម្មឧស្សាហកម្ម ត្រូវបានរំពឹងថានឹងកើនឡើងខ្ពស់៨,១ភាគរយក្នុងឆ្នាំ ២០២២ និង៩,១ក្នុងឆ្នាំ ២០២៣ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កំណើននេះ ក៏នឹងត្រូវបានជំរុញដោយការអនុវត្ត យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបដែលមានតម្លៃបន្ថែមខ្ពស់ ។

ការនាំចេញទំនិញ និងសេវាកម្មត្រូវបានព្យាករថា នឹងកើនឡើងនៅឆ្នាំ ២០២២ និង ២០២៣ ដោយសារកំណើនតម្រូវការក្រៅស្រុក លើផលិតផលកម្ពុជា ព្រមជាមួយនឹងការងើបឡើងវិញជាបណ្តើរៗ នៃវិស័យទេសចរណ៍។ វិស័យសេវាកម្មត្រូវបានព្យាករថា នឹងងើបឡើងវិញនៅកម្រិត៤,៨% នៅឆ្នាំនេះ និងកើនដល់៦,៨% ក្នុងឆ្នាំ ២០២៣។
ការបើកសេដ្ឋកិច្ចឡើងវិញ និងការចាក់ថ្នាំបង្ការទូលំទូលាយប្រឆាំង នឹងកូវីដ១៩ ។

សម្រាប់ការព្យាករណ៍សេដ្ឋកិច្ចរបស់រដ្ឋាភិបាលវិញ មានតួលេខខ្ពស់ជាធនាគារទាំងពីរនេះទៅទៀត គឺក្នុងរង្វង់៥,៦ភាគរយ ដោយផ្អែកលើការបើកប្រទេសឡើងវិញ បើកទទួលភ្ញៀវទេសចរ អន្តរជាតិ និងការវិនិយោគពីប្រទេសផងដែរ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here