ADB៖ វិស័យសំខាន់ៗពីរនឹងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាដល់៥,៣%នៅឆ្នាំ២០២២ និង៦,៥%នៅឆ្នាំ២០២៣

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ៖ យោងតាមរបាយការណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២នេះ ឱ្យដឹងថា សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថានឹងកើនឡើង៥,៣% នៅឆ្នាំ២០២២ និង៦,៥% នៅឆ្នាំ២០២៣ ដោយសារកំណើននៃការនាំចេញទំនិញ និងលំហូរវិនិយោគផ្ទាល់ពីបរទេស។

នាយកស្តីទីប្រចាំប្រទេសកម្ពុជារបស់ ADB លោក Anthony Gill បានមានប្រសាសន៍ថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាបានងើបឡើងវិញដល់ប្រមាណ៣,0% ក្នុងឆ្នាំ២០២១ បន្ទាប់ពីបានធ្លាក់ចុះ ៣,១% ក្នុងឆ្នាំ២០២០។

លោកបន្ថែមថា រាជរដ្ឋាភិបាលបានអនុវត្តគោលនយោបាយនានា ដើម្បីកាត់បន្ថយផលប៉ះពាល់អវិជ្ជមាននៃកូវីដ១៩ មកលើអាជីវកម្ម និងប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ និងគាំទ្រដល់ការស្តារសេដ្ឋកិច្ចឡើងវិញ។ ការចាក់វ៉ាក់សាំងបានយ៉ាងទូលំទូលាយប្រឆាំងនឹងកូវីដ១៩បានអនុញ្ញាតឱ្យកម្ពុជាបើកព្រំដែនរបស់ខ្លួនឡើងវិញសម្រាប់ពាណិជ្ជកម្ម និងទេសចរណ៍ ដែលនាំទៅរកការរំពឹងទុកវិជ្ជមាននៃកំណើនសេដ្ឋកិច្ចសម្រាប់ឆ្នាំនេះ និងឆ្នាំ២០២៣។

យោងតាមរបាយការណ៍ទស្សនវិស័យអភិវឌ្ឍន៍អាស៊ី (ADO) ឆ្នាំ២០២២ ផលិតកម្មឧស្សាហកម្មត្រូវបានរំពឹងថានឹងកើនឡើង៨,១% នៅឆ្នាំ២០២២ និង៩,១% ក្នុងឆ្នាំ២០២៣។ កំណើននេះក៏នឹងត្រូវបានជំរុញដោយការអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូប ដែលមានគោលបំណងបង្កើនការប្រកួតប្រជែងនៅក្នុងផ្នែកនេះ។
របាយការណ៍ដដែលថា ការនាំចេញទំនិញ និងសេវាកម្មត្រូវបានព្យាករថានឹងកើនឡើងនៅឆ្នាំ២០២២ និង២០២៣ ដោយសារកំណើនតម្រូវការក្រៅស្រុកលើផលិតផលកម្ពុជា ព្រមជាមួយនឹងការងើបឡើងវិញជាបណ្តើរៗនៃវិស័យទេសចរណ៍។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

វិស័យសេវាកម្មត្រូវបានព្យាករថានឹងងើបឡើងវិញនៅកម្រិត៤,៨%នៅឆ្នាំនេះ និងកើនដល់៦,៨%ក្នុងឆ្នាំ ២០២៣។ ការបើកសេដ្ឋកិច្ចឡើងវិញ និងការចាក់ថ្នាំបង្ការទូលំទូលាយប្រឆាំងនឹងកូវីដ១៩នឹងធ្វើឱ្យមានការងើបឡើងវិញបន្តិចម្តងៗនៃវិស័យទេសចរណ៍ ដែលនឹងជួយគាំទ្រតម្រូវការនៃកន្លែងស្នាក់នៅ ម្ហូបអាហារ ការដឹកជញ្ជូន និងសេវាកម្មផ្ទាល់ផ្សេងទៀត។

របាយការណ៍នេះអំពាវនាវឱ្យកម្ពុជាធ្វើពិពិធកម្មសេដ្ឋកិច្ចរបស់ខ្លួន ដើម្បីជំរុញកំណើនប្រកបដោយចីរភាព។ លោក Anthony Gill បានមានប្រសាសន៍ថា “ការបង្កើនពាណិជ្ជកម្ម និងទេសចរណ៍តែមួយមុខនឹងមិនគ្រប់គ្រាន់ ដើម្បីជួយកម្ពុជាឱ្យមាននិរន្តរភាពកំណើនសេដ្ឋកិច្ចខ្ពស់នោះទេ។ ប្រទេសកម្ពុជាដែលធ្លាប់តែផ្តោតលើការផលិត និងការនាំចេញសម្លៀកបំពាក់ ទំនិញធ្វើដំណើរ និងស្បែកជើង អាចទទួលបានអត្ថប្រយោជន៍ពីការធ្វើពិពិធកម្មនៃឧស្សាហកម្មធុនស្រាល ដូចជា កង់ គ្រឿងបន្លាស់ អេឡិចត្រូនិច និង ផលិតផលខ្សែភ្លើងជាដើម។ ការធ្វើពិពិធកម្មនេះនឹងធ្វើឱ្យសេដ្ឋកិច្ចមានភាពធន់នឹង វិបត្តិនានានៃតម្រូវការក្រៅស្រុក”៕

LEAVE A REPLY

Please enter your comment!
Please enter your name here