គម្រោងថាមពលអ៊ីដ្រូសែនបៃតងធំបំផុតរបស់ពិភពលោក ចាប់ផ្ដើមដំណើរការសាងសង់ហើយ

ដោយ សុខុម

រីយ៉ាដៈ ក្រុមហ៊ុនថាមពល ACWA Power នៃប្រទេសអារ៉ាប៊ីសាអូឌីត និងបណ្ដាដៃគូរបស់ខ្លួនបានចាប់ផ្តើមការងារសាងសង់ហើយ នូវគម្រោងថាមពលអ៊ីដ្រសែនបៃតងដ៏ធំបំផុតរបស់ពិភពលោកនៅក្នុងទីក្រុងនៃពេលអនាគត NEOM។

យោងតាមសារព័ត៌មាន Arab News ចុះផ្សាយកាលពីថ្ងៃច័ន្ទ ទី៤ ខែមេសា ឱ្យដឹងថា បណ្ដាក្រុមហ៊ុនដៃគូបានប្រកាសថា កិច្ចសន្យាសម្រាប់ការទទួលបន្ទុកផ្នែកវិស្វកម្ម លទ្ធកម្ម និងការសាងសង់គម្រោងនេះមានតម្លៃ៩០០លានដុល្លារអាមេរិក។

លោក Paddy Padmanathan នាយកប្រតិបត្តិក្រុមហ៊ុន ACWA Power បានប្រាប់សារព័ត៌មាន Arab News នៅក្នុងបទសម្ភាសន៍មួយកាលពីឆ្នាំមុនថា គម្រោងនេះនឹងនាំមកនូវការផ្លាស់ប្ដូរទាំងស្រុងសម្រាប់ព្រះរាជាណាចក្រមួយនេះ និងក្រុមហ៊ុន ព្រោះវានឹងជួយឱ្យក្រុមហ៊ុន ACWA Power ពង្រីកខ្លួនកាន់តែធំចូលទៅក្នុងអាជីវកម្មថាមពលអ៊ីដ្រូសែនបៃតង នៅពេលគម្រោងនេះសាងសង់បញ្ចប់ជាស្ថាពរ។

នាយកប្រតិបត្តិក្រុមហ៊ុនដែលចុះបញ្ជីនៅប្រទេសអារ៉ាប៊ីសាអូឌីត នេះក៏បាននិយាយក្នុងបទសម្ភាសន៍មួយផ្សេងទៀតដែរថា លោករំពឹងថានឹងបិទការផ្តល់ហិរញ្ញប្បទានសម្រាប់គម្រោងថាមពលកកើតឡើងវិញនេះនៅឆមាសទី២ ចុងឆ្នាំ២០២២។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានបន្ថែមទៀតថា រោងចក្រនេះនឹងត្រូវការថាមពលស្អាតរហូតដល់ទៅប្រមាណ៤,៣ជីហ្គាវ៉ាត់ (GW) ដើម្បីផ្តល់ថាមពលដល់ការដំណើរការរបស់វា ហើយក្រុមហ៊ុន ACWA Power គ្រោងនឹងប្រើប្រាស់ថាមពលព្រះអាទិត្យនៅពេលថ្ងៃ និងខ្យល់នៅពេលយប់ដើម្បីលុបបំបាត់តម្រូវការប្រើអាគុយ និងដំណោះស្រាយស្តុកដែលត្រូវចំណាយខ្ពស់។

នៅខែកក្កដា ឆ្នាំ២០២០ ក្រុមហ៊ុន Air Products រួមជាមួយក្រុមហ៊ុន ACWA Power និងទីក្រុងនៃពេលអនាគត NEOM បានប្រកាសកិច្ចព្រមព្រៀងសាងសង់រោងចក្រមួយសម្រាប់ផលិតឧស្ម័នអាម៉ូញាក់ផ្អែកលើអ៊ីដ្រូសែនបៃតងកម្រិតពិភពលោកតម្លៃដល់ទៅ៥ពានលានដុល្លារ ដែលដំណើរការដោយថាមពលកកើតឡើងវិញ។

អ៊ីដ្រូសែនគឺជាថាមពលបៃតង ហើយរថយន្តដែលប្រើថាមពលនេះនឹងបញ្ចេញសំណល់មកវិញជាចំហាយទឹកសុទ្ធសាធ ដោយមិនបញ្ចេញឧស្ម័នកាបូនិកថាមពលហ្វូស៊ីលដែលរួមមានប្រេងឥន្ធនៈ និងធ្យូងថ្មនោះឡើយ៕ Arab News៕

LEAVE A REPLY

Please enter your comment!
Please enter your name here