ទំហំពាណិជ្ជកម្មកម្ពុជា-ហ្គាបុង សម្រេចបានជិត ១៥០លានដុល្លារ ក្នុងរយៈពេល៤ឆ្នាំ

ដោយ វឌ្ឍនា

ភ្នំពេញ៖ លោក ប៉ាន សូស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា ទំហំពាណិជ្ជកម្មទ្វេភាគី រវាងកម្ពុជា-ហ្គាបុង គិតចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២១ សម្រេចបានប្រមាណ ១៤៩លានដុល្លារ ហើយហ្គាបុង ជាទីផ្សារដ៏សំខាន់សម្រាប់អង្ករកម្ពុជាផងដែរ។

ក្នុងឱកាសសម្តែងកិច្ចស្វាគមន៍ដល់លោក Yves Fernand Manfoumbi រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មប្រទេសហ្គាបុង និងគណៈប្រតិភូហ្គាបុង សម្រាប់ការធ្វើដំណើរលើកដំបូងមកកម្ពុជា អំឡុងដំណើរបេសកកម្មចូលរួមកម្មវិធីសេដ្ឋកិច្ច និងពាណិជ្ជកម្មហ្វ្រង់កូហ្វូនី (MECA) ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះរៀបចំ កាលពីរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២កន្លងទៅ នៅទីស្តីការក្រសួង លោករដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ បានកត់សម្គាល់ឃើញថា មានផលិតផលល្អជាច្រើនពីហ្គាបុងដែលកម្ពុជាអាចពិចារណាលើការនាំចូល និងមានកាលានុវត្តភាពជាច្រើនសម្រាប់ការរឹតចំណងកិច្ចសហប្រតិបត្តិការ មិនថាតែក្របខណ្ឌទ្វេភាគីនោះទេ ក៏ប៉ុន្តែតំបន់ និងអន្តរជាតិផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងជំនួបនាឱកាសនោះ លោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មប្រទេសហ្គាបុង បានអរគុណសម្រាប់បដិសណ្ឋារកិច្ចដ៏កក់ក្តៅនេះ ហើយបានជម្រាបជូនថា ហ្គាបុងកំពុងស្វែងរកប្រទេសដៃគូពាណិជ្ជកម្មបន្ថែមនៅតំបន់អាស៊ី ជាពិសេសនៅកម្ពុជា និងបានស្នើភាគីទាំងពីរពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យដែលផ្តល់ប្រយោជន៍ទៅវិញទៅមក រួមមាន៖ ១.ការបង្កើត MoU ស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម កម្ពុជា-ហ្គាបុង ដើម្បីសម្រួលដល់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មក្នុងការអនុវត្តក្របខណ្ឌគម្រោងនានា ២.ជំរុញការវិនិយោគផ្នែកឧស្សាហកម្ម និង៣.ការដោះដូរពាណិជ្ជកម្មទ្វេភាគី ដែលមានលក្ខណៈបំពេញបន្ថែម និងការរៀបចំពិព័រណ៍ពាណិជ្ជកម្មជាដើម។

លោកក៏បានជម្រាបជូនអំពីការអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិ (National Single Window-NSW) ដែលជួយសម្រួលច្រើនដល់សកម្មភាពធុរកិច្ចនៅហ្គាបុង និងចង់ទទួលបានការចែករំលែកបទបពិសោធន៍កម្ពុជានាពេលកន្លងមក។

ជាកិច្ចឆ្លើយតប លោករដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ ស្វាគមន៍ និងគាំទ្រលើគ្រប់សំណើដែលបានដាក់ជូន និងជាពិសេសគាំទ្រឱ្យមានការបង្កើត MoU ស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងកម្ពុជា-ហ្គាបុង ដែលរំពឹងថា ភាគីទាំងពីរនឹងពន្លឿននីតិវិធី និងពិនិត្យបញ្ចប់សេចក្តីព្រាង MoU នេះឱ្យបានឆាប់រហ័ស ដើម្បីអាចធ្វើការចុះហត្ថលេខាបាន នៅអំឡុងឆមាសទី២ ឆ្នាំ២០២២នេះ។

ស្របគ្នានេះដែរ លោកបានជម្រាបជូនថា កម្ពុជាកំពុងធ្វើកំណែទម្រង់ប្រព័ន្ធបញ្ជរតែមួយជាតិ (NSW) សំដៅជួយសម្រួលសកម្មភាពធុរកិច្ច និងស្នើដាក់បញ្ចូលវិស័យនេះ ក្នុងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ហ្គាបុងនាពេលខាងមុខ និងបានស្នើភាគីហ្គាបុងឱ្យពិចារណានាំចូលទំនិញសក្តានុពលកម្ពុជាបន្ថែមពីអង្ករ ដែលរួមមានជាអាទ៍ ផ្លែឈើស្រស់ ដំឡូងមី សំលៀកបំពាក់ ស្បែកជើង និងកាបូបធ្វើដំណើរ ។ល។

ជាកិច្ចបញ្ចប់ លោករដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជា បានជម្រាបជូនពីការត្រៀមខ្លួនជាស្រេចដើម្បីស្វាគមន៍និងសម្របសម្រួលដល់អ្នកវិនិយោគ និងសកម្មភាពពាណិជ្ជកម្មរបស់ភាគីហ្គាបុងនៅប្រទេសកម្ពុជា និងលើកទឹកចិត្តដល់ក្រុមបណ្តាប្រទេសក្របខ័ណ្ឌតំបន់ដែលនិយាយភាសាបារាំង ក៏ដូចជាក្រុមហ៊ុនមកពីហ្គាបុង និងក្រុមហ៊ុនកម្ពុជា ពិនិត្យលទ្ធភាពក្នុងភាពជាដៃគូក្នុងវិស័យធុរកិច្ច រវាងក្រុមហ៊ុនផ្សេងៗគ្នានៃភាគីទាំងពីរ។

គួរបញ្ជាក់ថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា-ហ្គាបុង ក្នុងឆ្នាំ២០១៨ (នាំចេញ ២៩,៣៥លានដុល្លា, នាំចូល N/A), ឆ្នាំ២០១៩(នាំចេញ ៣១,០៨លានដុល្លារ, នាំចូល ០,០៣លានដុល្លារ), ឆ្នាំ២០២០ (នាំចេញ ៤៣,៣៥លានដុល្លា, នាំចូល N/A) និង ឆ្នាំ២០២១ (នាំចេញ៤៤,៧៥លានដុល្លា, នាំចូល ០,០២លានដុល្លារ) និងទំហំពាណិជ្ជកម្មទ្វេភាគីប្រហែល ៤៥លានដុល្លារក្នុងឆ្នាំ២០២១ ធៀបនឹង ៤៣លានដុល្លារក្នុងឆ្នាំ២០២០៕

LEAVE A REPLY

Please enter your comment!
Please enter your name here