ទីតាំងលក់ប្រេងឥន្ធនៈចំនួន៦ថែមទៀត រកឃើញលក់មិនសុច្ចរិត

     ដោយៈម៉ាលីនណា

ភ្នំពេញៈ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ ហៅកាត់ ក.ប.ប បានឲ្យដឹងថា ម្ចាស់ដេប៉ូប្រេងឥន្ធនៈចំនួន៦ទីតាំងបន្ថែមទៀត ត្រូវបានចាត់វិធានការតាមច្បាប់ ក្រោយរកឃើញថារកស៊ីមិនសុច្ចរិតជូនដល់អ្នកប្រើប្រាស់។

យោងតាមបណ្តាញសង្គមហ្វេសប៊ុក អគ្គនាយកដ្ឋាន ក.ប.ប បានលើកឡើងថា បានចាត់វិធានការច្បាប់លើម្ចាស់ដេប៉ូប្រេងឥន្ធនៈចំនួន៦ទីតាំងបន្ថែមទៀត ក្រោយមន្រ្តីជំនាញរកឃើញមិនមានអនុលោមភាព។ ប្រភពដដែលបន្តថា មន្រ្តីជំនាញ សាខា ក.ប.ប. ខេត្តសៀមរាប ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ស្ពឺ បានបន្តចុះប្រតិបត្តិការត្រួតពិនិត្យនៅតាមស្ថានីយ/ដេប៉ូប្រេងឥន្ធនៈចំនួន ១៧ទីតាំងបន្ថែមទៀត កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២កន្លងទៅ។

គោលបំណង គឺដើម្បីស្វែងរកនូវភាពមិនអនុលោម តាមរយៈការកេងប្រវ័ញ្ជរបស់ម្ចាស់ស្ថានីយ/ដេប៉ូប្រេងឥន្ធនៈទៅលើអ្នកប្រើប្រាស់ ដែលប៉ះពាល់ដល់សេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់ និងទប់ស្កាត់អំពើមិនសុចរិតក្នុងវិស័យធុរកិច្ចប្រេងឥន្ធនៈផងដែរ។

លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប នៃក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ក្នុងករណីរកឃើញម្ចាស់ស្ថានីយ ឬដេប៉ូប្រេងឥន្ធនៈណាមួយ ដែលប្រកបអាជីវកម្មមិនសុចរិតដែលផ្ទុយនឹងច្បាប់ នោះនឹងត្រូវរងការពិន័យជាទឹកប្រាក់ចំនួនពី ១០លាន ទៅ២០លានរៀល ឬពិន័យជាអន្តរកាល ឬអាចឈានទៅដល់ការស្នើរសុំបិទទីតាំងតែម្តងក៏មាន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបញ្ជាក់ទៀតថា ដើម្បីចៀសវាងការរងពិន័យនានា សូមឲ្យម្ចាស់ស្ថានីយ ឬដេប៉ូប្រេងឥន្ធនៈលក់តាមតម្លៃកំណត់ឱ្យបានត្រឹមត្រូវទំាងបរិមាណ និងគុណភាព ខណៈបច្ចុប្បន្ន ពីថ្ងៃទី១៧ ដល់៣១ ខែមីនា ឆ្នាំ២០២២ ការកំណត់លក់រាយប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូតកើនថ្លៃរហូត៥៣០០រៀល ក្នុង១លីត្រ។

យោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប) បានឲ្យដឹងថា គិតក្នុងរយៈពេល២ខែ ដើមឆ្នាំ២០២២ បានចុះត្រួតពិនិត្យភាពអនុលោមទៅនឹងបទប្បញ្ញាត្តិ ពាក់ព័ន្ធនឹងការធ្វើអាជីវកម្មប្រេងឥន្ធនៈនៅតាមបណ្តាស្ថានីយ និងដេប៉ូនានានៅទូទាំងប្រទេស បានចំនួន៧៦៨ ដោយរកឃើញដេប៉ូប្រេងឥន្ធនៈចំនួន២៦៧ទីតាំង ស្មើ៣៤.៧៦% ប្រកបអាជីវកម្មមិនសុចរិត៕

LEAVE A REPLY

Please enter your comment!
Please enter your name here