ដោយៈសុខុម
រីយ៉ាដៈ ក្រុមហ៊ុន Saudi Aramco កំពុងស្វះស្វែងបង្កើនការចំណាយរបស់ខ្លួន រហូតដល់៤០ទៅ៥០ពាន់លានដុល្លារនៅឆ្នាំនេះ បន្ទាប់ពីប្រាក់ចំណេញរបស់ខ្លួន បានកើនឡើងទ្វេដងក្នុងឆ្នាំ២០២១ និងខណៈតម្លៃប្រេងកំពុងបន្តហក់ឡើងស្រឺតៗ។
ក្រុមហ៊ុនប្រេងខ្នាតយក្ស នៃប្រទេសអារ៉ាប៊ីសាអូឌីតមួយនេះនិយាយថា ការចំណាយដើមទុនរបស់ខ្លួនក្នុងឆ្នាំ២០២១ គឺមានចំនួន៣១,៩ពាន់លានដុល្លារ ដោយកើនឡើង១៨%បើធៀបនឹងឆ្នាំ២០២០។ នេះបើយោងតាមសារព័ត៌មាន Arab News ចុះផ្សាយកាលពីថ្ងៃអាទិត្យ ទី២០ មីនា។
លោក Amin Nasser នាយកប្រតិបត្តិក្រុមហ៊ុន Saudi Aramco បានគូសបញ្ជាក់ថា ការបង្កើនការចំណាយនេះ គឺដើម្បីបង្កើនសមត្ថភាពផលិតរបស់ក្រុមហ៊ុន ឱ្យឈានដល់ ១៣លានបារ៉ែល ក្នុងមួយថ្ងៃនៅត្រឹមឆ្នាំ២០២៧ ព្រមទាំងបង្កើនការផលិតឧស្ម័នជាង៥០% នៅត្រឹមឆ្នាំ២០៣០ផងដែរ។
ក្រុមហ៊ុនដែលមានតម្លៃបំផុតទី២ ក្នុងទីផ្សាររបស់ពិភពលោកជាមួយនឹងទ្រព្យសកម្ម រហូតដល់ទៅ២,៣ទ្រីលានដុល្លារ គិតត្រឹមថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២នេះ ទទួលបានកំណើនប្រាក់ចំណេញរហូតដល់ទៅ១២៤%ក្នុងឆ្នាំ២០២១ ដែលលើសពីការរំពឹងទុកជាមធ្យមរបស់ក្រុមអ្នកវិភាគ។
ប្រាក់ចំណេញរបស់ក្រុមហ៊ុននេះ បានឈានដល់១១០ពាន់លានដុល្លារក្នុងឆ្នាំ២០២១ បើធៀបនឹង៤៩ពាន់លានដុល្លារក្នុងឆ្នាំ២០២០។
ក្រុមហ៊ុនប្រេងខ្នាតយក្សមួយនេះ ទទួលបានផលប្រយោជន៍ពីតម្លៃប្រេង ដែលកំពុងបន្តហក់ឡើង នាពេលបច្ចុប្បន្នឈានដល់កម្រិតខ្ពស់បំផុត មិនធ្លាប់មានចាប់តាំងពីឆ្នាំ២០១៤មក៕ Arab News៕