ដោយ៖ សុផារី
ភ្នំពេញ៖ ព្រះអង្គម្ចាស់ ហ្វាសាល់ ប៊ីនហ្វាហាន់ អាល់សូដ រដ្ឋមន្រ្តីការបរទេសនៃអារ៉ាប៊ីសាអូឌីត នឹងដឹកនាំគណៈប្រតិភូយាងមកបំពេញព្រះរាជទស្សនកិច្ចផ្លូវការនៅកម្ពុជានៅស្អែកនេះ តបតាមការយាងរបស់លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ដែលចេញផ្សាយថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ បញ្ជាក់ឱ្យដឹងថា ក្នុងឱកាសនៃព្រះរាជទស្សនកិច្ចនេះ ព្រះអង្គម្ចាស់ ហ្វាសាល់ ប៊ីន ហ្វាហាន់អាល់សូដ នឹង មានជំនួបទ្វេភាគីជាមួយ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ដើម្បីពិភាក្សាលើទិដ្ឋភាពផ្សេងៗនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការក្នុងវិស័យនានា ក៏ដូចជាបញ្ហាតំបន់និងអន្តរជាតិ ដែលជាផលប្រយោជន៍និងក្តីបារម្ភរួម។
ក្រសួងការបរទេសចាត់ទុកថា ព្រះរាជទស្សនកិច្ចរបស់ ព្រះអង្គម្ចាស់ ហ្វាសាល់ ប៊ីន ហ្វាហាន់អាល់ សូដ មកកាន់កម្ពុជា នឹងពង្រឹង និងពង្រីកបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អប្រពៃ ដែលមានស្រាប់រវាងព្រះរាជាណាចក្រទាំងពីរ ដើម្បីផលប្រយោជន៍ទៅវិញទៅមកនៃប្រជាជាតិទាំងពីរ៕