រដ្ឋមន្ត្រី: ការគាំទ្ររបស់អង់គ្លេសមានសារៈសំខាន់ដើម្បីសម្រេចបានសមិទ្ធផលអាទិភាពសេដ្ឋកិច្ចអាស៊ាន-អង់គ្លេស ឆ្នាំ២០២២

ដោយ: ម៉ាលីស

ភ្នំពេញ: ក្រោមភាពជាប្រធានអាស៊ានរបស់កម្ពុជា រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់ពីសារៈសំខាន់នៃការគាំទ្ររបស់អង់គ្លេសដល់កម្ពុជា ដើម្បីសម្រេចបានសមិទ្ធផលអាទិភាពសេដ្ឋកិច្ចសម្រាប់ឆ្នាំ២០២២ និងវិស័យសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការអាស៊ាន-អង់គ្លេស រួមមានពាណិជ្ជកម្មឌីជីថល ការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ និងហេដ្ឋារចនាសម្ព័ន្ធប្រកបដោយចីរភាព ក្នុងដំណើរឆ្ពោះទៅរកសហគមន៍អាស៊ានប្រកបដោយចីរភាព បរិយាប័ន្ន និងភាពធន់រឹងមាំ។

លោក ប៉ាន សូរស័ក្តិ បានថ្លែងបែបនេះ ក្នុងពេលអញ្ជើញផ្តល់សុទ្ទរកថាគន្លឹះ នៅក្នុងវេទិកាធុរកិច្ចអង់គ្លេស-អាស៊ាន ឆ្នាំ២០២២ (UK-ASEAN Business Forum 2022) តាមប្រព័ន្ធវីដេអូ កាលពីរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ដែលសហការរៀបចំដោយក្រសួងពាណិជ្ជកម្មអន្តរជាតិអង់គ្លេស និងក្រុមប្រឹក្សាធុរកិច្ចអង់គ្លេស-អាស៊ាន (UK-ASEAN Business Council – UK-ABC) និងមានវត្តមានឥស្សរជនសំខាន់ៗដូចជា លោក Grimstone of Boscobel Kt រដ្ឋមន្ត្រីវិនិយោគអង់គ្លេស លោក Dato Lim Jock Hoi អគ្គលេខាធិការអាស៊ាន លោកស្រី Baroness Neville-Rolfe DBE CMG ប្រធានក្រុមប្រឹក្សាធុរកិច្ចអង់គ្លេស-អាស៊ាន អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់ឆ្នាំ២០២២ និងតំណាងមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រដ្ឋជាសមាជិកអាស៊ាន និងក្រុមហ៊ុននានាដែលជាសមាជិករបស់ក្រុមប្រឹក្សា UK-ABC សរុបប្រមាណ ២៥០ រូប។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

បន្ថែមពីនេះ លោករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ពីសារៈសំខាន់នៃវិស័យឯកជនក្នុងការស្តារសេដ្ឋកិច្ចទ្បើងវិញសម្រាប់កម្ពុជា ក៏ដូចជាសម្រាប់តំបន់អាស៊ាន ជាពិសេសការពង្រឹងខ្សែច្រវ៉ាក់ផ្គត់ផ្គង់ និងផលិតកម្មសកល តាមរយៈការពង្រឹងកិច្ចសម្រួលពាណិជ្ជកម្ម និងពាណិជ្ជកម្មអេឡិចត្រូនិក (E-Commerce) ជាដើម។

ទន្ទឹមនឹងនេះ លោករដ្ឋមន្រ្ដីបានជម្រាបជូនអង្គវេទិកា អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគ្រប់គ្រង និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋកម្ពុជា និងជនបរទេសគ្រប់រូប ដែលជាកត្តាសំខាន់សម្រាប់ការស្តារទ្បើងវិញនូវសេដ្ឋកិច្ចសង្គម រួមជាមួយការខិតខំធ្វើឱ្យប្រសើរទ្បើងនូវបរិយាកាសវិនិយោគ និងធុរកិច្ចនៅកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here