សម្តេចតេជោបានស្នើរឲ្យនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ជួយទិញអង្ករពីកម្ពុជាកាន់តែច្រើនថែមទៀត

ដោយ: ម៉ាលីស

ភ្នំពេញ: សម្តេចតេជោបានស្នើរ ឲ្យនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ជួយទិញអង្ករពីកម្ពុជាកាន់តែច្រើនថែមទៀត តាមរយៈការវិនិយោគរោងចក្រម៉ាស៊ីនកិនស្រូវ, ឃ្លាំងស្តុក និងការប្រមូលទិញស្រូវ ដើម្បីផ្គត់ផ្គង់អង្ករចេញពីកម្ពុជាទៅកាន់ប្រទេសម៉ាឡេស៊ី ដែលជាផ្នែកមួយនៃការបង្កើនទំហំពាណិជ្ជកម្ម។

សម្តេចតេជោនាយករដ្ឋមន្រ្តី បានស្នើបែបនេះ ទៅកាន់លោក ដាតុ ស្រ៊ី អ៊ីស្មាអែល សាប្រ៊ី ប៊ីន យ៉ាកុប នាយករដ្ឋមន្រ្តីម៉ាឡេស៊ី នៅក្នុងជំនួបពិភាក្សាការងារ នាថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២២នេះ នៅវិមានសន្តិភាព។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានបន្តថា គិតពីឆ្នាំ ២០១៧ ដល់ឆ្នាំ ២០២១ ម៉ាឡេស៊ីឈរលំដាប់ទី ១ ក្នុងការនាំចេញអង្ករពីកម្ពុជាច្រើនជាងគេ ក្នុងចំណោមប្រទេសសមាជិកអាស៊ានដទៃទៀត។ សម្តេចបាន ស្នើឲ្យម៉ាឡេស៊ីបង្កើនបរិមាណ និងការបញញជាទិញអង្ករ និងផលិតផលកសិកម្មពីកម្ពុជា ឲ្យបានច្រើនថែមទៀត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សម្តេចតេជោនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថា សម្តេចបានស្នើភាគីទាំងពីរ ធ្វើយ៉ាងណាពង្រីកទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរ ដោយសម្តេចបានអំពាវនាវឲ្យនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ជួយទិញអង្ករពីកម្ពុជាកាន់តែច្រើនថែមទៀត តាមរយៈការវិនិយោគរោងចក្រម៉ាស៊ីនកិនស្រូវ, ឃ្លាំងស្តុក និងការប្រមូលទិញស្រូវ ដើម្បីផ្គត់ផ្គង់អង្ករចេញពីកម្ពុជាទៅកាន់ប្រទេសម៉ាឡេស៊ី ដែលជាផ្នែកមួយនៃការបង្កើនទំហំពាណិជ្ជកម្ម។

ចំពោះទំហំពាណិជ្ជកម្មទ្វេភាគី នៃប្រទេសទាមពីរ សម្រេចបានក្នុងរង្វង់ជាង ៥00 លានដុល្លារអាមេរិក ក្នុងឆ្នាំ ២០២១ មានការកើនឡើង បើប្រៀបធៀបនឹងឆ្នាំ ២០២០ ដែលមានត្រឹមតែ ៤៤២ លានដុល្លារអាមេរិក។ សម្តេចតេជោ សង្ឃឹមថាឆ្នាំ ២០២២នេះ ទំហំពាណិជ្ជកម្មទ្វេភាគីនៃប្រទេសទាំងពីរ នឹងបន្តកើនឡើងថែមទៀត។

 

សម្តេចតេជោនាយករដ្ឋមន្រ្តី បានបន្តឲ្យដឹងទៀតថា ដោយឡែកក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ ការវិនិយោគ និងធុរកិច្ចនៃប្រទេសម៉ាឡេស៊ី ឈរនៅលំដាប់ថ្នាក់ទី ៣ ក្នុងការវិនិយោគនៅកម្ពុជា។

សម្តេច សង្ឃឹមថា នឹងទទួលបាននូវការវិនិយោគបន្ថែមពីម៉ាឡេស៊ី តាមរយៈច្បាប់វិនិយោគថ្មីរបស់កម្ពុជា។ ដូចនេះកម្ពុជាសូមលើកទឹកចិត្ត ដល់ក្រុមហ៊ុនម៉ាឡេស៊ីឲ្យមកធ្វើធុរកិច្ចនៅកម្ពុជា ឲ្យបានកាន់តែច្រើនលើវិស័យជាច្រើនដូចជា៖ វិស័យអចលនទ្រព្យ,សំណង់,គ្រឿងបន្លាស់រថយន្ត,ហេដ្ឋារចនាសម្ព័ន្ធនិងម្ហូបអាហារហាឡាល ជាដើម។

បើយោងតាម របាយការណ៍របស់ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ម៉ាឡេស៊ីក្នុងឆ្នាំ ២០២១ មានចំនួន ៥០១ លានដុល្លារអាមេរិក គឺកើនឡើងចំនួន ១៣ភាគរយ បើប្រៀបធៀបនឹងឆ្នាំ ២០២០៕

LEAVE A REPLY

Please enter your comment!
Please enter your name here