ម៉ាឡេស៊ីបញ្ជាក់ជំហរក្នុងការជំរុញវិនិយោគិនរបស់ខ្លួនចូលមកកម្ពុជា

ដោយៈលក្ខិណា

ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ប្រទេសម៉ាឡេស៊ីបានបញ្ជាក់ជំហ ពីការជំរុញឲ្យវិនិយោគិនខ្លួនចូលមក និងស្វែងរកដៃគូវិនិយោគនៅកម្ពុជា ដើម្បីជំរុញវិបបុលភាពរវាងប្រទេសទាំងពីរ។

នៅក្នុងជំនួបជាមួយលោកប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជានៅព្រឹកថ្ងៃទី២៤ កុម្ភៈនេះ លោក Dato’ Seri Mohamed Azmin Ali ទេសរដ្ឋមន្រ្តីពាណិជ្ជកម្មអន្តរជាតិ និងឧស្សាហកម្ម នៃប្រទេសម៉ាឡេស៊ីបានបញ្ជាក់ពីគោលបំណង ក្នុងការពង្រីកការវិនិយោគមកកម្ពុជា ដើម្បីចូលរួមចំណែកបង្កើនឱកាសការងារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ដោយនឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយកម្ពុជា ដើម្បីទាញអត្ថប្រយោជន៍ជាអតិបរមាពីកិច្ចព្រមព្រៀងRCEP ដែលបានចូលជាធរមានកាលពីខែមករា ឆ្នាំ២០២២ កន្លងមក ។

 

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានយកចិត្តទុកដាក់លើសំណើរបស់កម្ពុជា ក្នុងការពិនិត្យលទ្ធភាពរៀបចំអនុស្សរណៈយោគយល់គ្នា លើការជំរុញនិងបង្កើនការនាំចូលអង្ករកម្ពុជា និងផលិតផលកសិកម្មសំខាន់ៗផ្សេងទៀត។

លោកបន្តថា ម៉ាឡេស៊ី និងសហការជាមួយភាគីពាក់ព័ន្ធ ពិនិត្យលទ្ធភាពជំរុញកិច្ចសហប្រតិបត្តិ លើវិស័យផលិតកម្មម្ហូបហាទ្បាល់ និងផ្តល់ជំនួ​យបច្ចេកទេស ក៏ដូចជាការបណ្តុះបណ្តាលផលិតកម្ម ម្ហូបអាហារហាទ្បាល់នៅកម្ពុជាផងដែរ។

លោកប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា ក៏បានលើកឡើងពីតួនាទីដ៏សំខាន់ របស់វិស័យឯកជនក្នុងការរួមចំណែកស្តារ និងជំរុញកំណើនសេដ្ឋកិច្ច ដោយក្នុងនោះរាជរដ្ឋាភិបាលកម្ពុជា បានអនុម័តនូវច្បាប់សំខាន់ៗ រួមមានជាអាទិ៍ ច្បាប់ស្តីពីភាពជាដៃគូរវាងរដ្ឋ-ឯកជន ច្បាប់ស្តីពីវិនិយោគ និងច្បាប់ស្តីពីការប្រកួតប្រជែង ជាដើម ដើម្បីគាំទ្រ និងសម្រួលដល់វិស័យឯកជន។

ទន្ទឹមនឹងនេះ លោកបានលើកទឹកចិត្តឱ្យភាគីម៉ាទ្បេស៊ី បន្តជំរុញនិងបង្កើនវិនិយោគិនម៉ាឡេស៊ី មកកម្ពុជាបន្ថែមទៀត ព្រមទាំងបង្កើនការនាំចូលកសិផលសក្តានុពលពីកម្ពុជា ជាពិសេស អង្ករកម្ពុជា ក៏ដូចជាផ្តល់ការបណ្តុះបណ្តាលបច្ចេកទេស ផលិតកម្មម្ហូបអាហារហាឡាល់ ដើម្បីផ្គត់ផ្គង់ក្នុងស្រុក និងធ្វើការនាំចេញ ។

លោកបានសាទរ ចំពោះកំណើនពាណិជ្ជកម្មដ៏រឹងមាំ ដែលភាគីទាំងពីរសម្រេចបាន ក្នុងកាលៈទេសៈនៃវិបត្តិជំងឺរាតត្បាតកូវីដ-១៩ និងបានបញ្ជាក់ពីការប្តេជ្ញាចិត្តបន្តរក្សានូវទីផ្សារបើកចំហរ និងសម្រួលការវិនិយោគ សំដៅបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីបន្ថែមទៀត។

ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជាម៉ាឡេស៊ី ក្នុងឆ្នាំ២០២១ មានចំនួន ៥០១លានដុល្លារអាមេរិក កើនឡើងចំនួន១៣ភាគរយ បើធៀបនឹងឆ្នាំ២០២០ ក្នុងនោះម៉ាទ្បេស៊ីឈរនៅចំណាត់ថ្នាក់លេខ១ ក្នុងការនាំចូលអង្ករកម្ពុជា ក្នុងចំណោមសមាជិកអាស៊ានទាំងអស់ ដោយក្នុងឆ្នាំ២០២១ ម៉ា   ទ្បេស៊ី បាននាំចូលអង្ករកម្ពុជាសរុបចំនួន៤៦,១៨១តោន កើនទ្បើងចំនួន ៨ភាគរយ បើធៀបនឹងឆ្នាំ២០២០៕

LEAVE A REPLY

Please enter your comment!
Please enter your name here