ដំណឹងល្អៈ សម្ដេចតេជោអនុញ្ញាត្តឱ្យនាំចូលជ្រូកពីប្រទេសក្រៅឡើងវិញដើម្បីទប់ស្កាត់ការឡើងថ្លៃនៃសាច់ជ្រូកនៅកម្ពុជា

ដោយៈសុផារី

ភ្នំពេញៈ សម្ដេចតេជោបានបញ្ជា ឱ្យរដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមា​ញ់ និងនេសាទ និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សហការសិក្សាពីតម្រូវការសាច់ជ្រូកក្នុងស្រុក និងពិនិត្យការនាំចូលជ្រូកពីប្រទេសក្រៅឡើងវិញ ដើម្បីទប់ស្កាត់ការឡើងថ្លៃនៃសាច់ជ្រូកនៅកម្ពុជា។

សម្ដេចតេជោបានមានប្រសាសន៍ នៅក្នុងសន្និបាតបូកសរុបការងារក្រសួងមហាផ្ទៃនៅថ្ងៃទី២៣ កុម្ភៈ ២០២២ថា សូមឱ្យរដ្ឋមន្ត្រីទាំងអស់សហការគ្នា ក្នុងការធ្វើការងារនេះឡើងវិញ ហើយកុំភ្លេចថា កម្ពុជាជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក កម្ពុជាជាសមាជិកនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អាស៊ាន ចិន និងពេលនេះ កម្ពុជាក៏ជាសមាជិកនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ RCEP។

នាពេលថ្មីៗនេះ ពាក់ព័ន្ធនឹងបញ្ហាទីផ្សារជ្រូកនៅកម្ពុជា ដែលកន្លងមករដ្ឋមន្ត្រីពីរបានឆ្លើយឆ្លងគ្នា ទៅវិញទៅមក គឺរដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមួយស្នើសុំដាក់ដេញថ្លៃនាំចូលជ្រូក និងមួយស្នើសុំមិនឱ្យនាំចូលជ្រូកដោយទុកលទ្ធភាពឱ្យអ្នកចិញ្ចឹមជ្រូកក្នុងស្រុកជាអ្នកផ្គត់ផ្គង់។

សម្ដេចមានប្រសាសន៍ថា “ការបិទជិតព្រំដែន មិនឱ្យទំនិញចេញចូល គឺជាការគោរពវិធានច្បាប់នោះទេ ហើយចំណុចនេះ គឺត្រូវយកចិត្តទុកដាក់ និងត្រូវមើលឃើញថា តើយើងបានផ្គត់ផ្គង់លើទំនិញនោះគ្រប់គ្រាន់ ឬនៅហើយត្រូវការនាំចូលប៉ុន្មានទៀត”។ សម្តេចបន្តថា “ការនាំចូលនេះមិនមែននាំចូលតែស្រុកយើងទេ ប្រទេសណាក៏មានការនាំចូល ហើយយើងក៏បាននាំចូលនូវទំនិញជាច្រើនទៀត”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សម្ដេចតេជោបានថ្លែងថា មន្ត្រីពាក់ព័ន្ធទាំងអស់ត្រូវប្រជុំបង្កើតគណកម្មាធិការដើម្បីដំណោះស្រាយបញ្ហា ទប់ស្កាត់ការឡើងថ្លៃនៃតម្លៃជ្រូកនៅទីផ្សារ ហើយសូមកុំដើម្បីផ្គាប់ចិត្តអ្នកចិញ្ចឹមត្រឹមប៉ុន្មានពាន់នាក់នាក់ ប៉ុន្តែធ្វើឱ្យប៉ះពាល់ដល់មនុស្សរាប់លាននាក់នៅទូទាំងប្រទេស ពិសេសធ្វើឲ្យមានបញ្ហាអតិផរណា៕

LEAVE A REPLY

Please enter your comment!
Please enter your name here