រដ្ឋាភិបាលថៃសម្រេចបញ្ចុះពន្ធសម្រាប់រថយន្តអគ្គិសនី

ដោយៈសុខុម

បាងកក: គណៈរដ្ឋមន្ត្រីថៃ កាលពីថ្ងៃអង្គារ ទី២២ កុម្ភៈ បានអនុម័តអត្រាពន្ធអាករថ្មីសម្រាប់យានយន្ត ដោយសម្រេចបញ្ចុះពន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់សម្រាប់រថយន្តអគ្គិសនី (EV)។

អ្នកនាំពាក្យរដ្ឋាភិបាលថៃ បញ្ជាក់ថា ខណៈពន្ធលើរថយន្តអគ្គិសនីត្រូវបានបញ្ចុះច្រើន ពន្ធលើរថយន្តដែលប្រើប្រេងឥន្ធនៈ ត្រូវបានដំឡើង ហើយចំណាត់ការនេះ ធ្វើឡើងដើម្បីលើកកម្ពស់ការផលិត និងការប្រើប្រាស់រថយន្តអគ្គិសនីឱ្យកាន់តែទូលំទូលាយ។

លោក Thanakorn Wangboonkongchana អ្នកនាំពាក្យរដ្ឋាភិបាលថៃ បានគូសបញ្ជាក់ថា គណៈរដ្ឋមន្ត្រីថៃ ក៏បានអនុម័តលើសេចក្តីជូនដំណឹង១ ពីក្រសួងហិរញ្ញវត្ថុ ស្ដីពីការបញ្ចុះពន្ធនាំចូលលើរថយន្តប្រើអគ្គិសនីសុទ្ធ រហូតដល់ទៅ៤០% សម្រាប់រថយន្តអគ្គិសនី ដែលមានតម្លៃចាប់ពីប្រមាណ៦០.០០០ដុល្លារអាមេរិក ឡើងទៅ និង២០%សម្រាប់រថយន្តអគ្គិសនី ដែលមានតម្លៃចាប់ពី៦០.០០០ដុល្លារអាមេរិក ដល់២១០.០០០ដុល្លារអាមេរិក។

លោក Thanakorn Wangboonkongchana បានបញ្ជាក់ទៀតថា អត្រាពន្ធអាករថ្មីនេះ នឹងអនុវត្តចំពោះយានជំនិះចំនួន២៧ប្រភេទ ប៉ុន្តែចំនួន៦ប្រភេទក្នុងចំណោមនោះ នឹងត្រូវអនុវត្តភ្លាមៗ៕ Bangkok Post៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here