វិស័យកម្មន្តសាលមិនមែនកាត់ដេររំពឹងកើនឡើង ១២,២ភាគរយនៅក្នុងឆ្នាំនេះ

ដោយៈលក្ខិណា

ភ្នំពេញៈ ស្ថិតក្នុងស្ថានភាពដែលជំងឺកូវីដ១៩ មិនទាន់មានភាពច្បាស់លាស់នៅឡើយនោះ តែសេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករថានឹងមានកំណើនល្អប្រសើរឡើងវិញ ក្នុងឆ្នាំ២០២២នេះ។

ការព្យាករណ៍ដោយសុទិដ្ឋិនិយមនេះ ដោយសារតែវិស័យគាំទ្រដល់កំណើនមួយចំនួនបានបង្ហាញពីភាពរឹងមាំ ជាក់ស្ដែងវិស័យឧស្សាហកម្មកម្មន្តសាល ក៏រំពឹងថានឹងទទួលបានការវិនិយោគ ពីខាងក្រៅជាវិជ្ជមាន ក្នុងនោះវិស័យកម្មន្តសាល មិនមែនកាត់ដេររំពឹងថា នឹងកើនឡើង១២,២ភាគរយក្នុងឆ្នាំនេះ។

លោក ឈាង វណ្ណារឹទ្ធ ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី បានមានប្រសាសន៍ នៅក្នុងវេទិកាសាធារណៈស្ដីពី ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ចកាលពីពេលថ្មីៗនេះបានឱ្យដឹងថា វិស័យកម្មន្តសាលមិនមែនកាត់ដេរ ក្នុងឆ្នាំ២០២១កន្លងទៅ ត្រូវបានប៉ាន់ស្មានថាសម្រេចបាន ក្នុងអត្រាកំណើនខ្ពស់ប្រមាណ ១៣,៨ភាគរយ ធៀបនឹង ១១,២ភាគរយក្នុងឆ្នាំ២០២០ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងឆ្នាំ ២០២១ ការនាំចេញនូវផលិតផលក្នុងវិស័យនេះ សម្រេចបានកំណើនរហូតដល់៤១ភាគរយ ក្នុងនោះក៏មានផលិតផល ដែលមានតម្លៃបន្ថែមខ្ពស់ ដូចជា គ្រឿងសង្ហារឹម បន្ទះសូឡា គ្រឿងបង្គុំអេឡិចត្រូនិក កង់ ខ្សែភ្លើង និងខ្សែអុបទិកជាដើម ។

លោកបន្តថា សម្រាប់ការវិនិយោគក្នុងវិស័យនេះ កាលពីឆ្នាំ២០២១ក៏មានទឹកប្រាក់ល្អប្រសើរដែរ ដែលមានទឹកប្រាក់រហូតដល់ ៧២០លានដុល្លារដែលកើនពី៥៤០លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២០ ខណៈការនាំចូលវត្ថុធាតុដើមសម្រាប់ផលិតកម្មនេះ មានកំណើនរហូតដល់៣២ភាគរយ ក្នុងឆ្នាំ២០២១ ។

លោកបន្ថែមថា សម្រាប់ឆ្នាំ២០២២នេះ វិស័យនេះត្រូវបានព្យាករថារក្សាបាននូវកំណើនរឹងមាំ ក្នុងអត្រា ១២,២ភាគរយ ដោយសារការរំពឹងទុកនូវការកើនឡើង ពីតម្រូវការខាងក្រៅ ជាមួយនឹងបន្តការកើនឡើងវិនិយោគមកកម្ពុជា ដោយសារការផ្លាស់ប្តូរ ខ្សែច្រវ៉ាក់ផ្គត់ផ្គង់នៅក្នុងតំបន់ ផ្គួបផ្សំនឹងការដាក់ចេញនូវច្បាប់វិនិយោគថ្មី និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលអាចជួយបង្កើនបរិយកាសធុរកិច្ច ឱ្យមានភាពទាក់ទាញប្រសើរជាងមុន ។

ជាមួយគ្នានេះ លោកវង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីនិងជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានមានប្រសា​សន៍ផងដែរថា កម្ពុជាបានធ្វើពិពិធកម្ម ក្នុងវិស័យឧស្សាហកម្មនេះជាបន្តបន្ទាប់ ដោយបច្ចុប្បន្ននេះ​ យើងក៏បានឃើញមានក្រុមហ៊ុនវិនិយោគជាច្រើន ផលិតនូវទំនិញ ដែលមានតម្លៃបន្ថែមខ្ពស់​ សម្រាប់នាំចេញទៅក្រៅប្រទេស និងទទួលបានទឹកប្រាក់ត្រលប់មកវិញខ្ពស់។

ជាមួយគ្នានេះដែរ បុគ្គលិក កម្មករដែលបម្រើការក្នុងវិស័យមួយនេះ ក៏ទទួលបាននូវប្រាក់ចំណូលខ្ពស់ផងដែរ ។
លោកបន្តថា មួយរយៈពេលចុងក្រោយនេះ កម្ពុជាបានចេញវិញ្ញាបនបត្រជូនក្រុមហ៊ុនវិនិយោគជាច្រើន ដើម្បីដំណើរការសកម្មភាពវិនិយោគនៅក្នុងប្រទេសកម្ពុជា ក្នុងនោះមួយចំនួនជាគម្រោងវិនិយោគ លើឧស្សាហកម្មកាត់ដេរ និងមួយចំនួនធំទៀតជាគម្រោងវិនិយោគ ក្នុងវិស័យកម្មន្តសាលមិនមែនកាត់ដេរ ខណៈវិស័យទាំងនេះ បាននិងកំពុងដើរតួនាទីសំខាន់នៅក្នុងសេដ្ឋកិច្ច និងប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ៕

LEAVE A REPLY

Please enter your comment!
Please enter your name here