មូនិធិអន្តរជាតិ IFAD វិនិយោគទឹកប្រាក់១៥០លានដុល្លាជំរុញកសិពាណិជ្ជកម្មនៅកម្ពុជា

ដោយ: ម៉ាលីស

ភ្នំពេញ: មូលនិធិអន្តរជាតិហៅកាត់ IFAD និងក្រសួងកសិកម្ម បានពិភាក្សាលើគំរោងមួយនៃ “ការប្រើប្រាស់បច្ចេកទេសកសិកម្មថ្មីដែលធន់នឹងការប្រែប្រួលអាកាសធាតុ” ហៅកាត់ថា ASPIRE ដែលនឹងគ្រោងអនុវត្តបន្តចាប់ពីឆ្នាំ២០២៣-២០២៧ ដោយផ្តោតជាសំខាន់លើការបង្កើនកសិពាណិជ្ជកម្ម ក្នុងទំហំចំនួនជាង១៥០លានដុល្លារអាមេរិក។

លោករដ្ឋមន្ត្រី វេង សាខុន បានអនុញ្ញាតឱ្យក្រុមការងារមកពីមូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍន៍កសិកម្ម (IFAD) ដឹកនាំដោយលោក ម៉េង សាក់ពូសិទ្ធ និងរួមជាមួយនឹងក្រុមការងាររៀបចំគម្រោងកម្មវិធី និងលោកស្រី តំណាងឲ្យសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា ហើយនិងធនាគារវិនិយោគសហភាពអ៊ឺរ៉ុប(EIB) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ កាលពីពេលថ្មីៗនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកតំណាង IFAD ប្រចាំកម្ពុជា បានជម្រាបជូនលោករដ្ឋមន្រ្តីជ្រាបថាបេសកកម្មរបស់ក្រុមការងារលើកនេះមានគោលបំណង ៣ សំខាន់ គឺ ទី១ កម្មវិធីកាលានុវត្តភាពយុទ្ធសាស្ត្រប្រចាំប្រទេស សម្រាប់ឆ្នាំ២០២២-២០២៧ (Country Strategy Oppotunities Programme, COSOP) ទី២ កម្មវិធី “ផ្តល់សេវាកម្មកសិកម្ម ដើម្បីកំណើនសេដ្ឋកិច្ចនៅទីជនបទប្រកបដោយ បរិយាប័ន្ន និងដើម្បីបង្កើនពាណិជ្ជកម្មកសិកម្ម (Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade, ASPIRE-AT) និងទី៣ គម្រោងស្តីពីការកសាងសមត្ថភាពបន្សំ តាមរយៈការពង្រីកបច្ចេកវិទ្យាថាមពលកកើតឡើងវិញ នៅតំបន់ជនបទនៃប្រទេសកម្ពុជា ជំហានទី២ (Building Adaptive Capacity through the Scaling-up of Renewable Energy Technologies in Rural Cambodia, SRET 2)។

លោកបានបញ្ជាក់បន្ថែមថា COSOP នឹងត្រូវធ្វើឲ្យស្របគ្នាជាមួយក្របខ័ណ្ឌគោលនយោបាយថ្មី និងផ្តោតឲ្យកាន់តែស៊ីជម្រៅលើការអភិវឌ្ឍវិស័យកសិកម្មឲ្យស្រប គ្នានឹងតម្រូវការក្នុងការធ្វើកសិពាណិជ្ជកម្ម។ មិនតែប៉ុណ្ណោះ កម្មវិធី ASPIRE 2 ដែលនឹងគ្រោងអនុវត្តបន្តចាប់ពីឆ្នាំ២០២៣-២០២៧ ដោយផ្តោតជាសំខាន់លើកសិករដែលមានទំហំផលិតកម្មតូច អាចទទួលបានប្រយោជន៍ពីកំណើរផលិតកម្មកសិកម្ម តាមរយ:តម្រូវការទីផ្សារក្នុងស្រុក និងនាំចេញ ដោយធានាបានគុណភាព និងសុវត្ថិភាពស្របតាមស្តង់ដារតម្រូវ។

ASPIRE ដែលបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយបង្កើតការងារនៅជនបទ បង្កើនប្រាក់ចំណូលក្នុងគ្រួសារ កាត់បន្ថយភាពក្រីក្រ និងធានាសន្តិសុខស្បៀង តាមរយៈការចិញ្ចឹមមាន់ ចិញ្ចឹមត្រី និងដាំបន្លែសុវត្ថិភាព ដោយប្រើប្រាស់បច្ចេកទេស និងធាតុចូលកសិកម្មថ្មីដែលធន់នឹងការប្រែប្រួលអាកាសធាតុ និងជាពិសេសសមស្របតាមគន្លងប្រក្រតីភាព ថ្មីក្នុងស្ថានភាពនៃវិបត្តិជំងឺឆ្លងកូវីដ-១៩។

តាមរយ:កម្មវិធីនេះ បច្ចុប្បន្នយើងឃើញមានហាងលក់បន្លែសុវត្ថិភាពបាននិងកំពុងរីកដុះដាលនៅតាមទីក្រុង ទីប្រជុំជន និងក្នុងសហគមន៍ ដែលភាគ ច្រើនជាផលិតផលបន្លែ ផ្លែឈើ ត្រី មាន់ ផលិតចេញពីសហគមន៍ និងបណ្តុំផលិត ដែលស្ថិតនៅក្រោមជំនួយបច្ចេកទេសពីកម្មវិធី ASPIRE និងអនុវត្តផ្ទាល់ដោយអគ្គនាយកដ្ឋានកសិកម្ម និងស្ថាប័នពាក់ព័ន្ធគ្រប់លំដាន់ថ្នាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here