វិស័យសំខាន់ៗចំនួនបីនឹងជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យសម្រេចបាន៥,៦ភាគរយ ក្នុងឆ្នាំ២០២២

ដោយ៖ សុផារី

ភ្នំពេញ៖ កម្ពុជារំពឹងថាកំណើនសេដ្ឋកិច្ច នៅឆ្នាំ២០២២នេះ នឹងសម្រេចបានក្នុងអត្រា៥,៦ភាគរយ ដែលគាំទ្រដោយការកើនឡើងនៃតម្រូវការខាងក្រៅ និងទំនុកចិត្តវិនិយោគ គួបផ្សំនិងការដាក់ចេញឱ្យអនុវត្តក្របខ័ណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្តារកំណើនសេដ្ឋកិច្ចកម្ពុជា សម្រាប់ឆ្នាំ២០២១-២០២៣ ដែលជារួមនឹងបន្តងើបឡើងវិញពីនូវវិស័យកាត់ដេរ កម្មន្តសាលមិនមែនកាត់ដេរ កសិកម្ម ជាពិសេសវិស័យទេសចរណ៍។

នៅក្នុងវេទិការសាធារណៈស្តីពី ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកាឆ្នាំ២០២២ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២លោក ឈាង វណ្ណារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានគោលនយោបាយ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា នៅឆ្នាំ ២០២២ កំណើនសេដ្ឋកិច្ចកម្ពុជារំពឹងថានឹងសម្រេចបានក្នុងអត្រា៥,៦ភាគរយ។ ការហក់ឡើងវិញនៃកំណើនសេដ្ឋកិច្ចនេះ គាំទ្រដោយកត្តាសំខាន់ៗពីរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កត្តាទី១ ការងើបឡើងវិញនៃតម្រូវការសកល និងការកើនឡើងថ្លៃកសិផលលើទីផ្សារអន្តរជាតិ ដែលបានជំរុញកំណើនវិស័យកាត់ដេរ វិស័យកម្មន្តសាលមិនមែនកាត់ដេរ កសិកម្ម ជាដើម។

កត្តាទី២ ការសម្រេចបាននៃអត្រាចាក់វ៉ាសាំងខ្ពស់ ដែលបានបង្កើតភាពស៊ាំក្នុងសហគមន៍ និងបើកប្រទេសឡើងវិញជាផ្លូវការ ដែលជារួមបានជំរុញសកម្មភាពពាណិជ្ជកម្ម ធុរកិច្ចក្នុងស្រុក ឱ្យត្រឡប់ទៅប្រក្រតីភាពវិញ។

ជាក់ស្តែង យោងតាមសន្ទស្សន៍នៃការស្តារសេដ្ឋកិច្ចឡើងវិញពីវិបត្តិជំងឺកូវីដ១៩ របស់ Nikkei ចេញផ្សាយក្នុងខែមករា ឆ្នាំ២០២២នេះ ដែលវាយតម្លៃលើសូចនាករសំខាន់ៗ ចំនួន៣ គឺ ការគ្រប់គ្រងឆ្លងកូវីដ១៩ ការបែងចែកនិងការចាក់វ៉ាក់សាំង និងកម្រិតនៃការរឹតបន្តឹងការធ្វើដំណើរ បានបង្ហាញថា ប្រទេសដែលមានសន្ទស្សន៍ខ្ពស់មានសក្តានុពលខ្លាំងក្នុងការពន្លឿនការស្តារសេដ្ឋកិច្ចឡើងវិញ។ ក្នុងចំណោមប្រទេស១២២ ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់លេខ២ មានសន្ទស្សន៍៧៨ ខណៈប្រទេសថៃនិងវៀតណាមស្ថិតនៅចំណាត់ថ្នាក់ទី១៩ និង៩០ រៀងគ្នា។

លោកបានមានប្រសាសន៍បន្ថែមថា “ជារួម ផ្អែកលើលទ្ធផលនៃការដាក់ចេញវិធានការគោលនយោបាយអន្តរាគមន៍ស្តារសេដ្ឋកិច្ចនិងអត្រាខ្ពស់នៃការចាក់វ៉ាក់សាំងជំងឺកូវីដ១៩ ក្រុមប្រទេសអភិវឌ្ឍន៍នឹងត្រឡប់ទៅរក ទំហំសេដ្ឋកិច្ចមុនវិបត្តិកូវីដ១៩ ក្នុងឆ្នាំ២០២២ ខណៈក្រុមប្រទេសកំពុងអភិវឌ្ឍន៍ភាគច្រើនបន្តនៅទាបជាងកម្រិតកូវីដ១៩ នៅក្នុងឆ្នាំ២០២៤”៕

LEAVE A REPLY

Please enter your comment!
Please enter your name here