ឥណ្ឌា និងអារ៉ាប់រួមអេមីរ៉ាត ចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មទំហំដល់ទៅ១០០ពាន់លានដុល្លារ

ដោយ៖ សុខុម

ឌូបៃ: ឥណ្ឌា និងអារ៉ាប់រួមអេមីរ៉ាត ត្រៀមខ្លួនចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីមួយដែលមានទំហំដល់ទៅ១០០ពាន់លានដុល្លារអាមេរិក សម្រាប់រយៈពេល៥ឆ្នាំខាងមុខ បន្ទាប់បញ្ចប់ការចរចាដោយជោគជ័យ។ នេះបើយោងតាមសារព័ត៌មាន Arab News ចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី១៧ កុម្ភៈ។

កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់គ្រុងជ្រោយ (Comprehensive Economic Partnership Agreement) ខាងលើនេះនឹងត្រូវអនុម័តជាផ្លូវការនៅថ្ងៃសុក្រ ទី១៨ កុម្ភៈ នេះក្នុងជំនួបកំពូលទ្វេភាគីដែលរៀបចំធ្វើជាម្ចាស់ផ្ទះពីសំណាក់នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារ៉េនដ្រា ម៉ូឌី។

តាមការរំពឹងទុក កិច្ចព្រមព្រៀងថ្មីនេះនឹងបង្កើនការនាំចូលផលិតផលឥណ្ឌា ចូលក្នុងប្រទេសអារ៉ាប់រួមអេមីរ៉ាត ជាពិសេសវាយនភណ្ឌ គ្រឿងអលង្ការ និងត្បូង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមក្រុមប្រឹក្សាលើកកម្ពស់ការនាំចេញត្បូង និងគ្រឿងអលង្ការឱ្យដឹងថា ប្រទេសអារ៉ាប់រួមអេមីរ៉ាត គ្របដណ្ដប់រហូតដល់ទៅជាង៨០%នៃការនាំចេញគ្រឿងអលង្ការ និងត្បូងរបស់ប្រទេសឥណ្ឌា។

ទោះជាយ៉ាងណា ដោយសារវិបត្តិកូវីដ-១៩ ពាណិជ្ជកម្មគ្រឿងអលង្ការបានដាំក្បាលចុះយ៉ាងខ្លាំង ហើយកិច្ចព្រមព្រៀងនេះនឹងពង្រឹងវិស័យនេះឡើងវិញ។

សម្រាប់ប្រទេសឥណ្ឌា ប្រទេសអារ៉ាប់រួមអេមីរ៉ាត គឺជាដៃគូពាណិជ្ជកម្មធំបំផុតទី៣ បន្ទាប់ពីសហរដ្ឋអាមេរិក និងប្រទេសចិន។

ក្នុងឆ្នាំ២០១៩-២០២០ ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសឥណ្ឌា និងប្រទេសអារ៉ាប់រួមអេមីរាត មានទំហំដល់ទៅប្រមាណ៥៩ពាន់លានដុល្លារអាមេរិក មុនពេលធ្លាក់ចុះមកនៅត្រឹម៤៣,៣ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២០-២០២១ នៅពេលវីរុសកូវីដ-១៩ ឆ្លងរីករាលដាលពាសពេញពិភពលោក៕

LEAVE A REPLY

Please enter your comment!
Please enter your name here