ក្រុមប្រទេស G20 ដាក់ចេញ​ការងារអាទិភាពចំនួន៦ សម្រាប់កិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុ

ដោយ៖ សុផារី

ភ្នំពេញ៖ នៅ​ក្នុង​កិច្ចប្រជុំរដ្ឋមន្រ្តីហិរញ្ញវត្ថុ និងទេសាភិបាល ធនាគារកណ្តាលក្រុមប្រទេស G20 នៅ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ សម្រាប់កិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុ ប្រទេសឥណ្ឌូនេស៊ី ដែល​ជា​ប្រធាន​កិច្ចប្រជុំនេះ​​ ផ្តោតលើការងារអាទិភាពចំនួន៦។​

កិច្ចប្រជុំនេះ បានបើកជាផ្លូវការ ក្រោមអធិបភាពលោកប្រធានាធិបតីឥណ្ឌូនេស៊ី ដោយមានការចូលរួមពី សំណាក់ បណ្តា រដ្ឋមន្រ្តីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលនៃប្រទេស G20 និងស្ថាប័នហិរញ្ញវត្ថ អន្តរ ធំៗ ដូចជា WB IMF ADB AIIB ព្រមទាំងស្ថាប័នពាក់ព័ន្ធរបស់ UN ដូចជា WHO WTO ជាដើម។

ប្រទេសឥណ្ឌូនេស៊ី បានកំណត់មូលបទស្តីពី “ការស្តារឡើងវិញទាំងអស់គ្នា ការស្តារឡើងវិញរឹងមាំជាងមុន (Recover Together, Recover Stronger)” ដោយផ្តោតលើសសរស្តម្ភចំនួន៣ គឺនិម្មាបនកម្មសុខភាពសកល ការធ្វើអន្តរកាលថាមពល ប្រកបដោយចីរភាព និងការធ្វើបរិវត្តកម្មឌីជីថល។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សម្រាប់កិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុ ប្រទេសឥណ្ឌូនេស៊ី ផ្តោតលើការងារអាទិភាពចំនួន ៦ រួមមាន (១) យុទ្ធសាស្រ្តចាកចេញពីវិបត្តិជំងឺកូវីដ-១៩ និងជំរុញការស្តារឡើងវិញនៃសេដ្ឋកិច្ច (២) ការដោះស្រាយផលប៉ះពាល់ពីស្លាកស្នាមបន្សល់ពីជំងឺកូវីដ-១៩ ដើម្បីធានាបាននូវកំណើននាពេលអនាគត(៣) ប្រព័ន្ធទូទាត់ឌីជីថល (៤) ហិរញ្ញវត្ថុប្រកបដោយចីរភាព (៥) បរិយាប័ន្នហិរញ្ញវត្ថុ (៦) ពន្ធអន្តរជាតិ។

កិច្ចប្រជុំមន្រ្តីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាល G20 លើកទី១នេះ ក៏បានលើកយកបញ្ហាមួយចំនួនទៀត មកពិភាក្សា ក្នុងគោលដៅជំរុញការស្តារឡើងវិញនៃសង្គម-សេដ្ឋកិច្ចសកល រួមមាន៖

១ ការពង្រឹងនិម្មាបនកម្មហិរញ្ញវត្ថុអន្តរជាតិ ដោយផ្តោតលើការពង្រឹងសំណាញ់សុវត្ថិភាពហិរញ្ញវត្ថុសកល និងការធ្វើឲ្យប្រសើរឡើងនូវយន្តការផ្តល់ហិរញ្ញប្បទានក្រោមក្របខណ្ឌមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍។

២ ការបង្កើនវិនិយោគប្រកបដោយចីរភាពសម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល។

៣ បរិយាប័ន្នហិរញ្ញវត្ថុ និងឌីជីថលូបនីយកម្ម ជាពិសេសសម្រាប់មីក្រូសហគ្រាស សហគ្រាសធុនតូច និងមធ្យម (MSMEs)។

៤ ការជំរុញហិរញ្ញប្បទាន និងការវិនិយោគ ដែលគាំទ្រដល់ការធ្វើអន្តរកាលឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព។

៥ ការពង្រឹងគោលនយោបាយពន្ធអន្តរជាតិ ដើម្បីធ្វើយ៉ាងណាគាំទ្រដល់ការកាត់បន្ថយផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ, ការកើនឡើងនៃបច្ចេកវិទ្យាហិរញ្ញវត្ថុ ដូចជា Crypto-assets និងការជំរុញសមភាព យេនឌ័រក្នុងចរន្តសេដ្ឋកិច្ច។

ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២នេះ កម្ពុជាតំណាងដោយលោក វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការ ក្រសួងសេដ្ឋកិច្ឋនិងហិរញ្ញវត្ថុ ក៏ត្រូវបានអញ្ជើញចូលរួមជាតំណាងអាស៊ានក្នុងកិច្ចប្រជុំនេះផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here