ត្រឹមខែដំបូងក្នុងឆ្នាំ២០២២ កម្ពុជាប្រមូលពន្ធបានជិត៣០០លានដុល្លារអាមេរិក

ដោយ៖ ម៉ាលីស

ភ្នំពេញ ៖ ក្នុងខែមករាឆ្នាំ២០២២នេះ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុទទួលបានចំណូលសរុបប្រមាណ១១៦៧ពាន់លានរៀល ឬស្មើនឹងប្រមាណ២៨៨លានដុល្លារអាមេរិក ដែលស្មើនឹង១០,២២ភាគរយនៃផែនការប្រចាំឆ្នាំ២០២២។

បើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានពន្ធដារចេញផ្សាយនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានបង្ហាញថា បើធៀបនឹងខែមករា ឆ្នាំ២០២១កន្លងទៅ ក្នុងខែមករាឆ្នាំ២០២២នេះមានកំណើនប្រមាណ៧១,០៣លានដុល្លារអាមេរិក ឬប្រមាណ៣២,៧០ភាគរយ ទោះបីជាឆ្នាំ២០២២ រាជរដ្ឋាភិបាលបន្តលើកលែងការយកពន្ធលើវិស័យមួយចំនួនក្នុងបរិការណ៍នៃការស្ដារនិងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។

លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារបានឱ្យដឹងថា ការទទួលបានលទ្ធផលល្អប្រសើរសម្រាប់ចំណូលពន្ធក្នុងខែមករានេះ ដោយសារតែកំណែទម្រងរបស់អគ្គនាយកដ្ឋានមួយចំនួន និងការអនុវត្តន៍ជាប្រចាំនូវអនុសាសន៍ណែនាំរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ដូចជាសម្ដេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ឆ្នាំ២០២១កន្លងទៅ អគ្គនាយកដ្ឋានពន្ធដាររកចំណូលពន្ធបានប្រមាណ២៧៨១លានដុល្លារអាមេរិក ដែលទទួលបានលើសផែនការរហូតដល់២៤ភាគរយ ឬប្រមាណ៥៣៨លានដុល្លារអាមេរិក ដែលជាលទ្ធផលល្អប្រសើរមួយ សម្រាប់កម្ពុជាក្នុងការចាត់ចែងចំណាយរបស់ខ្លួនក្នុងបរិការណ៍កូវីដ១៩ ដែលមានការចំណាយខ្ពស់ធៀបនឹងឆ្នាំមុនៗ៕

LEAVE A REPLY

Please enter your comment!
Please enter your name here