វិនិយោគិនកម្ពុជានិងហុងគ្រី សិក្សាឱកាសវិនិយោគរួមគ្នាក្នុងប្រទេសកម្ពុជា

ដោយ៖លក្ខិណា

ភ្នំពេញ ៖ វិនិយោគិនកម្ពុជា និងហុងគ្រីប្រមាណ២០០នាក់បានជួបពិភាក្សាក្នុងវេទិកាមួយកាលពីថ្ងៃទី ១៥ កុម្ភៈ ២០២២ តាមប្រព័ន្ធអនឡាញ ដើម្បីបង្ហាញពីសក្ដានុពលនៃការវិនិយោគទៅវិញទៅមករវាងភាគីទាំងពីរជាពិសេសឱកាសវិនិយោគនៅក្នុងប្រទេសកម្ពុជា។

នៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្មនៅព្រឹកថ្ងៃទី១៦ កុម្ភៈ ២០២២នេះឱ្យដឹងថា វេទិកាធុរកិច្ចក្រោមប្រធានបទ ការតភ្ជាប់ធុរកិច្ចកម្ពុជា ហុងគ្រី ស្ដីពីគន្លឹះក្នុងការជំរុញភាពជាដៃគូសេដ្ឋកិច្ច សម្រាប់ការស្ដារ សេដ្ឋកិច្ចប្រកបដោយភាពធន់ ពីជំងឺរាតត្បាតសកលកូវីដ១៩ មានតំណាងក្រុមហ៊ុនពី កម្ពុជាចំនួន១០០ក្រុមហ៊ុន និងក្រុមហ៊ុនហុងគ្រីចំនួន២៨ក្រុមហ៊ុន ដោយមានអ្នកចូលរួមសរុបជាង២០០នាក់។

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា បានសម្តែងនូវការស្វាគមន៍ដល់គណៈអធិបតី វាគ្មិន តំណាងក្រុមហ៊ុន និង ភ្ញៀវកិត្តិយសរបស់ភាគីកម្ពុជា និងភាគីហុងគ្រី ដែលមានវត្តមានចូលរួម និងបានថ្លែងអំណរគុណចំពោះភាគីទាំងពីរ ក្នុងកិច្ចខំប្រឹងប្រែងរៀបចំជំនួប ធុរកិច្ចទ្វេភាគី ដែលឆ្លុះបញ្ចាំងពីចំណងមិត្តភាព និងការជំរុញកិច្ចសហប្រតិបត្តិការកម្ពុជា-ហុងគ្រីឱ្យកាន់តែទូលំទូលាយ ស្របតាមស្មារតីនៃកិច្ចប្រជុំលើកទី១ នៃគណៈកម្មការសេដ្ឋកិច្ចចម្រុះកម្ពុជា-ហុងគ្រី កាលពីថ្ងៃទី២០-២១ ខែមករា ឆ្នាំ២០២១ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានបង្ហាញ ពីការត្រៀមខ្លួនរួចជាស្រេច ក្នុងការស្វាគមន៍និងសម្រួលដល់ការធ្វើពាណិជ្ជកម្ម និងវិនិយោគ ដល់ធុរជននិងវិនិយោគិនហុងគ្រី ដែលមានបំណងមកពង្រីកប្រតិបត្តិការធុរកិច្ចនិងវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា ក្នុងពេលបច្ចុប្បន្ន និងអនាគត។

លោកបន្ថែមថា ជំនួបធុរកិច្ចនេះ ត្រូវបានរៀបចំឡើង ក្នុងគោលបំណងផ្តល់ឱកាសឲ្យធុរជននិងវិនិយោគិននៃភាគីទាំងពីរ ស្វែងយល់បន្ថែមពីសក្តានុពលពាណិជ្ជកម្មនិងវិនិយោគ ដើម្បីលើកកម្ពស់ និងពង្រីកប្រតិបត្តិការ ធុរកិច្ច និងវិនិយោគនៅប្រទេសទាំងពីរ និងដើម្បីសម្រេចបាននូវការស្តារសេដ្ឋកិច្ច និងកំណើនប្រកបដោយបរិយាប័ន្ននិងចីរភាព ដោយបានផ្តោតសំខាន់លើវិស័យសក្តានុពលចំនួន ០៦ រួមមាន៖ (១)កសិកម្មនិងផលិតផលកសិកម្ម (២) បច្ចេកវិទ្យាធារាសាស្ត្រនិងបរិស្ថាន (៣) ការកែច្នៃនិងសុវត្ថិភាពម្ហូបអាហារ (៤) សេវាកម្មទេសចរណ៍ (៥) ផលិតផលឱសថ និងបច្ចេកវិទ្យាវេជ្ជសាស្រ្ត និង (៦) ផលិតផលកម្មន្តសាលណ។

តំណាងមកពីក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា បានចូលរួមធ្វើបទបង្ហាញអំពីច្បាប់ថ្មីស្តីការវិនិយោគ ដែលជាកម្លាំងចលករជំរុញកំណើនសេដ្ឋកិច្ចជាតិ ហើយតំណាងមកពីវិស័យឯកជននៃភាគីទាំងពីរ ក៏បានផ្លាស់ប្តូរនូវបញ្ជីព័ត៌មានក្រុមហ៊ុនសក្តានុពលនាំចេញរវាងកម្ពុជានិងហុងគ្រីនិងបានចែករំលែកព័ត៌មាន ព្រមទាំងផ្លាស់ប្តូរយោបល់យ៉ាងផុសផុល ដែលអាចនឹងជំរុញដល់ការតភ្ជាប់ធុរកិច្ចរវាងប្រទេសទំាងពីរឱ្យកាន់តែប្រសើរ។

តាមរយៈវេទិកានេះ ភាគីកម្ពុជា បានបង្ហាញពីការត្រៀមខ្លួនរួចជាស្រេច ក្នុងការស្វាគមន៍និងសម្រួលដល់ការធ្វើពាណិជ្ជកម្ម និងវិនិយោគ ដល់ធុរជននិង វិនិយោគិនហុងគ្រី ដែលមានបំណងមកពង្រីកប្រតិបត្តិការធុរកិច្ចនិងវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា ក្នុងពេលបច្ចុប្បន្ន និងអនាគត ៕

LEAVE A REPLY

Please enter your comment!
Please enter your name here