ជប៉ុនផ្តល់ជំនួយហិរញ្ញប្បទានឥតសំណង៦៦ម៉ឺនដុល្លារអាមេរិកលើកកម្ពស់ការអប់រំបរិយាប័ន្ននៅកម្ពុជា

ដោយៈ សុផារី

ភ្នំពេញៈ រដ្ឋាភិបាលជប៉ុន បានអនុម័តថវិកាសរុបចំនួន៦៦៤,៩៩៤ដុល្លារអាមេរិក ដល់អង្គភាពទទួលជំនួយចំនួនពីរ ក្រោមគ្រោងការណ៍ជំនួយហិរញ្ញប្បទានឥតសំណង សម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន នៅក្នុងខេត្តកណ្តាល និងការរៀបចំវគ្គសិក្សាអប់រំកាយនៅថ្នាក់សាក​លវិទ្យាល័យរយៈពេល៤ឆ្នាំ។

នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ស្ថានទូតជប៉ុននៅកម្ពុជា នៅថ្ងៃទី១៥ ខែកុម្ភៈនេះ បានឱ្យដឹងថា ក្នុងចំណោមទឹកប្រាក់នេះ ថវិកា២៦៦,៤២៨ដុល្លារអាមេរិក ត្រូវបានផ្តល់ទៅសមាគមសម្រាប់ជំនួយ និងសង្គ្រោះនៃប្រទេសជប៉ុន (AAR Japan) ដើម្បីអនុវត្ត “គម្រោងលើកកម្ពស់ការអប់រំបរិយាប័ន្ន សម្រាប់កុមារមានពិការភាព តាមរយៈការពង្រឹងការអនុវត្តក្នុងតំបន់គំរូ និងការអភិវឌ្ឍប្រព័ន្ធវាយតម្លៃការអប់រំបរិយាប័ន្ន (ឆ្នាំទី៣)។

ចំណែកថវិកា ៣៩៨,៥៦៦ដុល្លារអាមេរិកទៀត ត្រូវបានផ្តល់ទៅអង្គការក្រៅរដ្ឋាភិបាល បេះដូងមាស ដើម្បីអនុវត្តន៍ “គម្រោងស្តីពីការរៀបចំវគ្គសិក្សាអប់រំកាយ នៅថ្នាក់សាកលវិទ្យាល័យរយៈពេល៤ឆ្នាំ នៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា (ឆ្នាំទី៣)” ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន បានមានប្រសាសន៍ថា តាមរយៈគម្រោងនេះ បុគ្គលិកចំនួន៦៤នាក់ និងសិក្ខាកាមគ្រូបង្រៀនប្រ​ហែល២០០នាក់នៃវិទ្យាស្ថាននេះ នឹងអាចទទួលបានបរិស្ថានសិក្សាកាន់​តែប្រសើរឡើងសម្រាប់ការអប់រំកាយ។ លោករំពឹងថា សិស្សា​​នុសិស្សជាង៩៨ម៉ឺននាក់នៅកម្ពុជា នឹងទទួលបានការអប់រំកាយ ដែលមានប្រសិទ្ធភាពជាងមុន។

ប្រភពដដែលបានឱ្យដឹងថា ជាអាទិភាពមួយសម្រាប់រដ្ឋាភិបាលជប៉ុនក្នុងការធ្វើការជាមួយអាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាលជប៉ុន ដើម្បីចូលរួមចំណែក ក្នុងការកែលម្អគុណភាពជីវិត នៅក្នុងបណ្តាខេត្តនានា ស្របពេល ដែលគម្រោងជំនួយអភិវឌ្ឍន៍ផ្លូវការខ្នាតធំ ដូចជា គម្រោងកំពង់ផែស្វយ័តក្រុងព្រះសីហនុ គម្រោងផ្លូវជាតិលេខ៥ និងកម្ចីហិរញ្ញប្បទានចំនួន២០ពាន់លានយេន សម្រាប់ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ជារឿយៗ ត្រូវបានផ្តោតសំខាន់នៅលើប្រព័ន្ធផ្សព្វផ្សាយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here