កម្ពុជាស្នើ WB ជួយបណ្តុះបណ្តាលធនធានមនុស្សលើបច្ចេកទេស និងវិជ្ជាជីវៈដល់កម្ពុជា

ដោយ៖ សុផារី

ភ្នំពេញ៖ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានស្នើឱ្យធនាគារពិភពលោក ជួយលើវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ដល់កម្ពុជាបន្ថែមទៀត ដើម្បីឱ្យយុវជនទទួលបានការងារល្អៗ បង្កើនប្រាក់ចំណូល និងចូលរួមបង្កើនផលិតភាពរបស់ប្រទេសកម្ពុជា។

ក្នុងជំនួបពិភាក្សាការងារជាមួយលោក Yasser El- Gammal នាយកគ្រប់គ្រងផ្នែកគាំពារសង្គម និងការអនុវត្តការងារជាសកលប្រចំាតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិករបស់ធនាគារពិភពលោក នៅព្រឹកថ្ងៃទី១៤ ខែ កុម្ភៈនេះ លោក អ៊ិត សំហេង បានស្នើឱ្យធនាគារពិភពលោក ជួយគាំទ្របន្ថែមនូវសកម្មភាពមួយចំនួនទៀត ដូចជាការពង្រឹងគុណភាព TVET ឱ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ ពង្រីកដល់ការចុះឈ្មោះចូលរៀនក្នុងប្រព័ន្ធ TVET លើកកម្ពស់ការចូលរួមពីវិស័យឯកជនក្នុងប្រព័ន្ធ TVET ធ្វើឱ្យប្រសើរឡើងអភិបាលកិច្ច និងប្រព័ន្ធ TVET។

លោករដ្ឋមន្ត្រី ក៏បានស្នើឱ្យធនាគារពិភពលោក ជួយបន្ថែមលើវិស័យសំខាន់ៗមួយចំនួនដែលគាំទ្រដល់ការអនុវត្តគោលនយោបាយ TVET និងផែនការមេសម្រាប់អភិវឌ្ឍគ្រឹះស្ថាន TVET និងការគាំទ្រលើភាសាបរទេស ជំនាញឌីជីថល/ព័ត៌មានវិទ្យា និងជំនាញទន់ ដែលជំនាញទាំងនេះ គឺជាជំនាញដ៏សំខាន់ដែលត្រូវដាក់បញ្ចូលក្នុងកម្មវិធីសិក្សានិងគ្រប់កម្រិតនៃវគ្គបណ្តុះបណា្តល។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Yasser El- Gammal មានប្រសាសន៍ថា ធនាគារពិភពលោក ប្តេជ្ញាធ្វើការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីរៀបចំគម្រោងនេះ ឱ្យបាននៅចុងឆ្នាំ២០២២ខាងមុខនេះ។

លោក Yasser El- Gammal បានលើកឡើងថា លោកពេញចិត្តបង្កើនកិច្ចសហប្រតិបត្តិការទាំងស្ថាប័នឯកជន និងស្ថាប័នរបស់រដ្ឋាភិបាល ជាពិសេសក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈផ្ទាល់តែម្តង លើការបណ្តុះបណ្តាលសមត្ថភាព និងអភិវឌ្ឍន៍ជំនាញរបស់យុវជន ឱ្យដណ្តើមបានឱកាសការងារដ៏ល្អ និងទទួលបានប្រាក់ចំណូលកាន់តែប្រសើរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here