ដោយៈគង់ ម៉ាលីនណា
ភ្នំពេញៈ លោករដ្ឋមន្រ្តី ប៉ាន សូរស័ក្តិរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបានដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យ និងឆ្លងយោបល់លើសេចក្ដីព្រាងច្បាប់ស្ដីពីវិធានដើមកំណើតទំនិញ ដែលមានការចូលរួមពីថ្នាក់ដឹកនាំ និងក្រុមការងាររៀបចំសេចក្តីព្រាងច្បាប់ និងបទប្បញ្ញត្តិនានាស្តីពីវិធាន ដើមកំណើតទំនិញ។
លោកបានមានប្រសាសន៍ក្នុងកិច្ចប្រជុំនាព្រឹកថ្ងៃទី៩ កុម្ភៈកន្លងមកថា កម្ពុជាធ្លាប់បានសន្យា ក្នុងការកសាងច្បាប់ខាងលើនេះ ដោយអនុលោមតាមកិច្ចព្រមព្រៀងស្ដីពី វិធានដើមកំណើតទំនិញ ក្រោមអង្គការពាណិជ្ជកម្មពិភពលោក (WTO) និងដើម្បីឱ្យស្របទៅតាមការអនុម័ត កម្មវិធីការងាររបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមក្របខណ្ឌ WTO ដែលក្នុងនោះ រួមមានផងដែរនូវការកសាងច្បាប់ និងបទប្បញ្ញត្តិស្តីពីវិធានដើមកំណើតទំនិញ ដែលជាភារកិច្ចរួមគ្នារវាងក្រសួងពាណិជ្ជកម្ម និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
លោកបន្តថា ការរៀបចំសេចក្តីព្រាងច្បាប់ស្តីពី វិធានដើមកំណើតនេះ ក៏ជាលក្ខខណ្ឌមួយ ក្នុងកម្មវិធីផ្តល់កម្ចីផ្អែកលើគោលនយោបាយ ដែលអនុវត្តដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងធនាគារពិភពលោក (World Bank)។ ម្យ៉ាងវិញទៀត សេចក្តីព្រាងច្បាប់នេះ ក៏បានរំលេចនៅក្នុងក្របខណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្តារនិងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១-២០២៣ ដែលរដ្ឋាភិបាល ទើបដាក់ប្រកាសអនុវត្តជាផ្លូវការ កាលពីពេល ថ្មីៗនេះផងដែរ។
លោក ហូ ស៊ីវយ៉ុង អគ្គនាយក នៃអគ្គនាយកដ្ឋានសេវាពាណិជ្ជកម្ម បានធ្វើបទបង្ហាញសង្ខេបស្ដីពី វឌ្ឍនភាពនៃការរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពីដើមកំណើតទំនិញ ដែលរួមមានដូចជា គោលបំណងយុត្តិកម្ម ភាពចាំបាច់ អត្ថប្រយោជន៍ សាវតា និងដំណើរការប្រព្រឹត្តទៅនៃការរៀបចំតាក់តែងសេចក្ដីព្រាងនេះ៕