ខេត្តបន្ទាយមានជ័យនាំចេញកសិផលទៅកាន់ប្រទេសថៃក្នុងទំហំទឹកប្រាក់ជាង១០៨លានដុល្លារ

ដោយ: សូរិយា

ភ្នំពេញ៖ ក្នុងរយៈពេល២ឆ្នាំកន្លះ គិតចាប់ពីឆមាសទី២ ឆ្នាំ២០១៩ រហូតត្រឹមឆ្នាំ២០២១ ការនាំចេញកសិផលតាមរយៈការផ្តល់វិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញពីមន្ទីរពាណិជ្ជកម្មខេត្ត ទៅកាន់ប្រទេសថៃ សម្រេចបានចំនួន ៥ ១៦៨ច្បាប់ ស្មើនឹងទំហំទឹកប្រាក់សរុបជាង ១០៨លានដុល្លារអាមេរិក។

លោក ប៊ុក ឡាយជី ប្រធានមន្ទីរពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ កាលពីល្ងាចថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២កន្លងទៅ បានឱ្យដឹងថា គិតត្រឹមពាក់កណ្តាលអាណិត្តការងាររបស់ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ ការនាំចេញអង្ករមានចំនួន៦៦ច្បាប់ ស្មើនឹង ៩.៣៦៨ តោន គិតជាទឹកប្រាក់ ៥.១៥១.៦០០ដុល្លារ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រៅពីអង្ករ ខេត្តបាននាំចេញកសិផលផ្សេងៗតាមរយៈការផ្តល់វិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញសម្រាប់នាំចេញមានចំនួន ៥.១០២ច្បាប់ ស្មើនឹង ១.២១៧.៥៣៨តោន គិតជាទឹកប្រាក់ ១០២.៩៦៣.១៥០ដុល្លារ។ ក្នុងនោះ ដំឡូងមី មានចំនួន ៤.៦៧៨ច្បាប់ ស្មើនឹង ១.១៦៩.៥០០តោន គិតជាទឹកប្រាក់ ៩១.៣៨២.១០០ដុល្លារ ពោតក្រហម មានចំនួន ៩០ច្បាប់ ស្មើនឹង ២២.៥០០តោន គិតជាទឹកប្រាក់ ១.៩១២.៥០០ដុល្លារ ម្រេច មានចំនួន ២០ច្បាប់ ស្មើនឹង ៣០០តោន គិតជាទឹកប្រាក់ ៦០០.០០០ដុល្លារ ស្វាយកែវល្មៀត មានចំនួន ៩៥ច្បាប់ ស្មើនឹង ៩.៧៥០តោន គិតជាទឹកប្រាក់ ១.២១៨.៧៥០ដុល្លារ ស្វាយចន្ទី មានចំនួន ៣៦ច្បាប់ ស្មើនឹង ៧.៨០៨តោន គិតជាទឹកប្រាក់ ៦.៣៧៦.៨០០ដុល្លារ ម្ទេស មានចំនួន ១២៩ច្បាប់ ស្មើនឹង ៦.៨៤០តោន គិតជាទឹកប្រាក់ ៨១៩.០០០ដុល្លារ គ្រាប់ឈូក មានចំនួន ៤៤ច្បាប់ ស្មើនឹង ៦៦០តោន គិតជាទឹកប្រាក់ ៦០០.០០០ដុល្លារ ទុរេន មានចំនួន ១០ច្បាប់ ស្មើនឹង ១៨០តោន គិតជាទឹកប្រាក់ ៥៤.០០០ដុល្លារ និងផលិតផលកសិកម្មមួយចំនួនទៀតដែលកសិករផលិតបាន។

នៅក្នុងសន្និសីទសារព័តមានស្តីពីវឌ្ឍនភាពមូលដ្ឋានឃុំ សង្កាត់ និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃទី៨ ខែកុម្ភៈនេះ លោក ខេង ស៊ុម ប្រធានក្រុមប្រឹក្សខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា ខេត្តបន្ទាយមានជ័យ មានព្រំប្រទល់ជាប់នឹងខេត្តសៀមរាប ឧត្តរមានជ័យ បាត់ដំបង និងព្រំប្រទល់ប្រទេសថៃ ជាប់នឹងខេត្តស្រះកែវ និងខេត្តបូរីរ៉ាំ។

ខេត្តនេះមានចំនួនគ្រួសារជិត ២០ម៉ឺនគ្រួសារ មុខរបរសំខាន់របស់ប្រជាពលរដ្ឋ ៨៥%ជាកសិករ ១០%ជាអាជីវករ ពាណិជ្ជករ និង៥% ប្រកបរមុខរបរផ្សេងៗ។ យោងតាមប្រភពទិន្នន័យឆ្នាំ២០១៧-២០២១ បានបង្ហាញថា ផលិតផលក្នុងស្រុកសរុបនៃសេដ្ឋកិច្ចខេត្តទាំងមូល មានតម្លៃប្រមាណជាង ៩៦០លានដុល្លារសហរដ្ឋអាមេរិក៕

LEAVE A REPLY

Please enter your comment!
Please enter your name here