ទំហំពាណិជ្ជកម្មកម្ពុជាអាមេរិក កើនឡើងដល់ជាង៩ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ២០២១

ដោយ៖ លក្ខិណា

ភ្នំពេញ៖ ក្នុងឆ្នាំ២០២១កន្លងទៅ ទំហំពាណិជ្ជកម្មទ្វេរភាគីរវាងអាមេរិកនិងកម្ពុជាសម្រេចបានរហូតដល់ជាង៩ពាន់លានដុល្លារអាមេរិកធៀបនឹងឆ្នាំ២០២០កើនឡើង៣២,៦២ភាគរយ។ នេះបើតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មអាមេរិកចេញផ្សាយថ្ងៃទី៨កុម្ភៈ ២០២២។

ទិន្នន័យនេះបានបង្ហាញថា ការនាំចេញរបស់កម្ពុជា ទៅទីផ្សារសហរដ្ឋអាមេរិក ពីខែមករាដល់ខែធ្នូ ឆ្នាំ ២០២១ កន្លងទៅនេះ មានតម្លៃទឹកប្រាក់៨.៧៤៥លានដុល្លារ បានកើនឡើង៣៣,២៦ភាគរយ ។ ចំណែកការនាំចូលរបស់កម្ពុជាពីសហរដ្ឋអាមេរិក នៅក្នុងអំឡុងពេលដូចគ្នា មានតម្លៃទឹកប្រាក់៤១៣លានដុល្លារ បានកើនឡើង២០,៤០ភាគរយ។

មុខទំនិញដែលនាំចេញពីកម្ពុជាទៅទីផ្សារអាមេរិកភាគច្រើនលើសលប់ជាផលិតផលវាយនភណ្ឌកាត់ដេរ សម្លៀកបំពាក់ ស្បែកជើង និងកាបូបសម្រាប់ធ្វើដំណើរ។ ចំណែកមុខទំនិញសំខាន់ៗដែលកម្ពុជានាំចូលពីសហរដ្ឋអាមេរិកមានដូចជា គ្រឿងអេឡិតត្រូនិក យានយន្ត គ្រឿងចក្រ ឱសថ និងបរិក្ខាពេទ្យជាដើម។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការដោះដូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានកំណើនគួរឱ្យកត់សម្គាល់បែបនេះ បន្ទាប់ពីស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាបាននិងកំពុងងើបឡើងវិញជាបណ្តើរៗ ដោយសាររាជរដ្ឋាភិបាលគ្រប់គ្រងស្ថានភាពការរីករាលដាលនៃជំងឺកូវីដ១៩កាន់តែបានល្អ ជាមួយនឹងការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានជាង ៩០ភាគរយ នៃប្រជាពលរដ្ឋសរុបទូទាំងប្រទេស។

យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក បានឱ្យដឹងថា ការនាំចេញរបស់កម្ពុជា ទៅសហរដ្ឋអាមេរិក កាលពីឆ្នាំ២០២០ មានតម្លៃទឹកប្រាក់សរុប៦៥៧៧លានដុល្លារ បានកើនឡើង២២,៧៩ភាគរយ បើធៀបកាលពីឆ្នាំ២០១៩។ ដោយឡែកការនាំចេញរបស់សហរដ្ឋអាមេរិក ត្រឡប់មកកម្ពុជាវិញ នៅឆ្នាំ២០២០ មានតម្លៃទឹកប្រាក់សរុបប្រមាណ៣៤៣លានដុល្លារ បានធ្លាក់ចុះ៣៣,២៦ភាគរយ។

ឆ្នាំ២០២២នេះ កម្ពុជានៅតែរំពឹងខ្ពស់ពីការនាំចេញរបស់ខ្លួនទៅកាន់ទីផ្សារអន្តរជាតិ ក្នុងពេលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីពីរបានចូលជាធរមានរួចហើយកាលពីដើមខែមករា ២០២២ គឺកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា ចិន និងកិច្ចព្រមព្រៀងពាណិជ្ជកម្មភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ RCEP៕

LEAVE A REPLY

Please enter your comment!
Please enter your name here