អភិបាលខេត្តបន្ទាយមានជ័យបង្ហាញសក្តានុពលវិនិយោគដល់ឯកអគ្គរដ្ឋទូតអាមេរិក

ដោយៈ វិវត្តន៍

បន្ទាយមានជ័យៈ អភិបាលនៃគណៈអភិបាលខេត្តបន្ទាយជ័យ លោក អ៊ុំ រាត្រី បានបង្ហាញពីសក្តានុពលសេដ្ឋកិច្ច និងវិនិយោគរបស់ខេត្តបន្ទាយមានជ័យ ដល់លោក Patric Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា។

លោកបានលើកបង្ហាញនេះ ក្នុងឱកាសដែលលោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកបានទៅធ្វើទស្សនកិច្ច នៅលើទឹកដីខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី៧ ខែកម្ភៈឆ្នាំ២០២២។

លោកអ៊ុំ រាត្រី បានជម្រាបជូនលោកទួតថា ខេត្តបន្ទាយមានជ័យស្ថិតនៅប៉ែកពាយ័ព្យ នៃព្រះរាជាណាចក្រកម្ពុជា មានចម្ងាយប្រមាណ៣៥៩ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ មានព្រំប្រទល់ជាប់ប្រទេសថៃ ប្រវែង១៥៣គីឡូម៉ែត្រ។ ខេត្តមានផ្ទៃដីសរុប៦៦៧៩គីឡូម៉ែត្រការ៉េ ចែកចេញជា២ ក្រុង៧ស្រុក ៥៥ឃុំ១០សង្កាត់ និង៦៥៨ភូមិ មានប្រជាជនពលរដ្ឋ ប្រមាណ ៧៩ម៉ឺននាក់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកអភិបាលខេត្តបានបន្តថា ខេត្តបន្ទាយមានជ័យ មានច្រកសេដ្ឋកិច្ចសំខាន់ៗចំនួន៣ គឺច្រកអន្តរជាតិប៉ោយប៉ែត ច្រកទ្វារបឹងត្រកួន និងច្រកព្រំដែនម៉ាឡៃ ។ មិនតែប៉ុណ្ណោះខេត្តនេះ ក៏មានតំបន់សេដ្ឋកិច្ចពិសេស០៥កន្លែង នៅក្រុងប៉ោយប៉ែត គឺតំបន់សេដ្ឋកិច្ចពិសេសអូរនាង តំបន់សេដ្ឋកិច្ចពិសេសសានកូ តំបន់សេដ្ឋកិច្ចពិសេសប៉ោយប៉ែតភីភី តំបន់សេដ្ឋកិច្ចពិសេសលី អ៊ុតនី ព្រមទាំងឧទ្យានឧស្សាហកម្ម០១ កន្លែងនៅក្រុងសិរីសោភ័ណ។

ដោយឡែកនៅក្រុងប៉ោយប៉ែត មានក្រុមហ៊ុនជប៉ុនចំនួន៦កំពុងដំណើរការ នៅតំបន់សេដ្ឋកិច្ចពិសេសសានកូ និង១ក្រុមហ៊ុនទៀត នៅតំបន់សេដ្ឋកិច្ចពិសេសប៉ោយប៉ែតភីភី ផលិតសម្ភារៈបរិក្ខាអេឡិចត្រូនិក។

លោក Patric Murphy បានលើកឡើងថា ប្រតិភូស្ថានទូតមកទស្ស នកិច្ច នៅខេត្តបន្ទាយមានជ័យនេះ ក្នុងគោលបំណងចង់សិក្សាស្វែងយល់ពីសក្តានុពលខេត្ត បញ្ហាការជូញដូរមនុស្សឆ្លងដែន និងផ្នែកសុខាភិបាល ផ្នែកអប់រំ។

លោកឯកអគ្គរដ្ឋទូតបានបញ្ជាក់ថា លោកពិតជារីករាយបានមកកាន់ខេត្តបន្ទាយមានជ័យជាលើកទី២ ដែលលោកបានអញ្ជើញមកកាលពី៨ឆ្នាំមុន ជាមួយក្រុមគ្រួសារក្នុងដំណើរទស្សនកិច្ច សិក្សាស្វែងយល់ និងបំពេញបេសកម្មការងារមួយចំនួននាពេលនោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here