កម្ពុជាទទួលបានរោងចក្របើកថ្មីៗចំនួន១៦៣ និងបិទចំនួន១៤៨

ដោយៈ លក្ខិណា

ភ្នំពេញៈ បើទោះបីជាកម្ពុជាទទួលរងឥទ្ធិពលពីវិបត្តិកូវីដ១៩កាន់តែធ្ងន់ធ្ងរជាងឆ្នាំ២០២០ក្ដី តែវិស័យឧស្សាហកម្ម នៅតែបន្តដំណើរដោយរលូ​ន ក្នុងនោះមានរោងចក្រមួយចំនួន បានបិទទ្វារផ្អាកដំណើរការ តែក៏មានរោងចក្របើកថ្មីច្រើនផងដែរ ជាក់ស្ដែងឆ្នាំមុននេះ រោងចក្របើកថ្មីមានចំនួន១៦៣រោងចក្រ និងបិទវិញចំនួន ១៤៨រោងចក្រ។

លោកចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍បានថ្លែង ក្នុងពិធីបូកសរុបការងាររបស់ក្រសួង កាលពីថ្ងៃទី៧កុម្ភៈ២០២២ឱ្យដឹងថា កំណែទម្រង់បរិយាកាសវិនិយោគ និងធុរកិច្ចជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាលកម្ពុជា បានផ្ដល់ទំនុកចិត្ត និងបិរស្ថានសមស្របដល់វិនិយោគិន ធុរជន ក្នុងនិងក្រៅប្រទេស ឱ្យបន្តបណ្ដាក់ទុនវិនិយោគនៅកម្ពុជាជាបន្តបន្ទាប់។

ជាក់ស្ដែងក្នុងឆ្នាំ២០២១ មានរោងចក្រថ្មីកើតឡើងចំនួន១៦៣រោងចក្រ ខណៈដែលមានរោងចក្របិទទ្វារចំនួន១៤៨រោងចក្រ មានន័យថា ទោះបីស្ថិតនៅក្នុងកាលៈទេសៈ លំបាកបណ្ដាលមកពីជំងឺកូវីដ១៩ក៏ដោយ ក៏នៅមានតួលេខកំណើនវិជ្ជមាន រវាងចំនួនរោងចក្របើកថ្មីនិងចំនួនបិទទ្វារ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា ក្នុងឆ្នាំ២០២១កន្លងមក រោងចក្រធុនធំ កំពុងដំណើរការមានចំនួន១.៨៧៩រោងចក្រ បានផ្ដល់ការងារចំនួនជាង៩៨ម៉ឺននាក់ ក្នុងខណៈដែលតម្លៃបរិមាណ ផលិតផលសរុបប្រមាណ៧,៤៣ពាន់លានដុល្លារអាមេរិក ប៉ុន្តែទាបជាងឆ្នាំ២០២០ប្រមាណ១៥ភាគរយ។ ក្នុងនោះតម្លៃបរិមាណផលិតផល បម្រើទីផ្សារក្នុងស្រុក មានចំនួនជិត២ពាន់លានដុល្លារអាមេរិក និងតម្លៃបរិមាណផលិតផលនាំចេញ មានចំនួនជាង៥,៤៥ពាន់លានដុល្លារអាមេរិក៕

LEAVE A REPLY

Please enter your comment!
Please enter your name here