ប្រទេសឡាវមានអត្រាកំណើនអតិផរណាខ្ពស់បំផុតទី២ក្នុងតំបន់អាស៊ាន

ដោយៈ សុខុម

វៀងចន្ទន៍: ប្រទេសឡាវ នៅពេលនេះមានអត្រាកំណើនអតិផរណាខ្ពស់បំផុតទី២ ក្នុងតំបន់អាស៊ាន ដែលបង្កការព្រួយបារម្ភ កាន់តែខ្លាំងឡើង ខណៈប្រជាជនឡាវ កំពុងជួបការលំបាកផ្នែកហិរញ្ញវត្ថុ។ នេះបើយោងតាមសារព័ត៌មាន Laotian times ចុះផ្សាយកាលពីថ្ងៃសុក្រ ទី៤ កុម្ភៈ។

ផ្អែកតាមការចុះផ្សាយរបស់សារព័ត៌មាន Vientiane Times ឱ្យដឹងថា អត្រាអតិផរណាក្នុងប្រទេសឡាវ បានហក់ឡើងពី៥,០៤%ក្នុងខែវិច្ឆិកា ដល់៥,២៧%ខែធ្នូ ឆ្នាំ២០២១ ដែលជាតួលេខខ្ពស់បំផុត មិនធ្លាប់បានកត់ត្រាចាប់តាំងពីខែសីហា ឆ្នាំ២០២០ មក។

ប្រទេសឡាវ មានអត្រាអតិផរណាខ្ពស់បំផុត ក្នុងចំណោមបណ្ដាប្រទេសជាសមាជិកអាស៊ាន លើកលែងតែប្រទេសមីយ៉ាន់ម៉ា ដែលអត្រាអតិ​ផរណាបានកើនឡើងរហូតដល់៦,៥១%។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប្រទេសឥណ្ឌូណេស៊ី មានអត្រាអតិផរណា១,៨៧% កម្ពុជាមាន៣,៨% ម៉ាឡេស៊ីមាន៣,២% សិង្ហបុរី៤% វៀតណាមមាន១,៨១% ថៃ មាន២,១៨% ហើយព្រុយណេមាន១,៨០%។

ប្រទេសជាច្រើនជុំវិញពិភពលោក បានរងផលប៉ះពាល់ដោយការកើនឡើងអតិផរណា ចាប់តាំងពីការរីករាលដាលវីរុសកូវីដ-១៩ បានចាប់ផ្តើម ផ្ទុះមក ដោយសហរដ្ឋអាមេរិ មានអត្រាអតិផរណា៧% រុស្ស៊ីមានអត្រា៨,៤% ហើយប្រទេសជាច្រើននៅអឺរ៉ុប មានអត្រាអតិផរណាលើសពី៥%។

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) លើកឡើងថា ការហក់ឡើងនូវតម្លៃថាមពល និងការរាំងស្ទះនូវផ្គត់ផ្គង់បាន បណ្តាលឱ្យមានអតិផរណាកាន់តែខ្ពស់លើសពីការរំពឹងទុក ជាពិសេសនៅសហរដ្ឋអាមេរិក និងទីផ្សារកំពុងរីកចម្រើនជាច្រើន ព្រមទាំងនៅបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍។

យោងទៅតាមទីភ្នាក់ងារដាក់កម្រិតឥណទានអាមេរិក Fitch Ratings ឱ្យដឹងថា បណ្ដាទីផ្សារតូចៗនឹងងាយរងគ្រោះ ដោយសារការដំឡើងអត្រាការប្រាក់ របស់ធនាគារកណ្តាលអាមេរិក (Federal Reserve) តួយ៉ាងដូចជាប្រទេសស្រីលង្កា ប្រទេសប៉ាគីស្ថាន និងប្រទេសឡាវ ជាដើម។

ក្នុងពេលជាមួយគ្នានេះ តម្លៃប្រេងឥន្ធនៈបានបន្តហក់ឡើងជាបន្តបន្ទាប់នៅក្នុងប្រទេសឡាវ រួមជាមួយនឹងថ្លៃចំណាយជីវភាព ដែលហក់ឡើងយ៉ាងឆាប់រហ័សផងដែរ។

យោងតាមការិយាល័យស្ថិតិឡាវឱ្យដឹងថា ការចំណាយលើការដឹកជញ្ជូនបានកើនឡើង១២,៧% ខណៈអត្រាសណ្ឋាគារ និងភោជនីយដ្ឋានបានកើនឡើង៨,៣% ហើយការថែទាំសុខភាព និងថ្លៃថ្នាំពេទ្យកើនឡើង៨,២% ហើយថ្លៃទំនិញ និងសេវាកម្មផ្សេងទៀតកើនឡើង៧,៩%។

គ្រឿងស្រវឹង និងថ្នាំជក់បានកើនឡើង៦,៨% ខណៈថ្លៃទឹកភ្លើង និងថ្លៃហ្គាសចម្អិនអាហារ បានកើនឡើង៥,៨%។ សម្លៀកបំពាក់ និងស្បែក​ជើងបានកើនឡើង៥,៤% ហើយតម្លៃគ្រឿងសង្ហារិម បានកើនឡើង៤,៩%។

ក្រុមសមាជិកសភាក្នុងប្រទេសឡាវ បានចាប់ផ្តើមការពិភាក្សាកាលពីសប្តាហ៍មុន ជុំវិញការដំឡើងប្រាក់ឈ្នួលអប្បបរមា ស្របពេលអតិផរណា និងថ្លៃចំណាយជីវភាពទូទាំងប្រទេស កំពុងកើនឡើងជាលំដាប់៕ Laotian Times៕

LEAVE A REPLY

Please enter your comment!
Please enter your name here