តម្លៃប្រេងលើទីផ្សារអន្តរជាតិបន្តហក់ឡើងថ្លៃលើស៩០ដុល្លារអាមេរិក ក្នុង១បារ៉ែលនៅថ្ងៃសុក្រនេះ

ដោយ៖ សុខុម

សិង្ហបុរី: ប្រេងបានបន្តហក់ឡើងថ្លៃលើស៩០ដុល្លារអាមេរិក នៅថ្ងៃសុក្រ ទី៤ កុម្ភៈ នេះ ដោយសារការព្រួយបារម្ភរយៈពេលវែងអំពីការផ្គត់ផ្គង់ និងស្របពេលអាកាសធាតុត្រជាក់ខ្លាំងកំពុងវាយប្រហារទូទាំងសហរដ្ឋអាមេរិក ដែលគំរាមកំហែងបន្ថែមទៀតដល់ការផ្គត់ផ្គង់ប្រេងដ៏ផុយស្រួយ។

ប្រេងឆៅនៅលើទីផ្សារអង់គ្លេស បានហក់ឡើងថ្លៃ១៦សេន ឬ ស្មើនឹង០,២ ដល់៩១,២៧ដុល្លារអាមេរិក ក្នុងមួយបារ៉ែលនៅព្រឹកថ្ងៃសុក្រនេះ បន្ទាប់ពីបានហក់ឡើងថ្លៃ១,១៦ដុល្លារអាមេរិក ក្នុងមួយបារ៉ែលកាលពីថ្ងៃព្រហស្បត្តិ៍ ទី៣ កុម្ភៈ។

ប្រេងឆៅនៅលើទីផ្សារសហរដ្ឋអាមេរិក បានហក់ឡើងថ្លៃ២៨សេន ឬ ស្មើនឹង០,៣%ដល់៩០,៥៥ដុល្លារអាមេរិក ក្នុងមួយបារ៉ែល។

ប្រេងនៅលើទីផ្សារអង់គ្លេស និងលើទីផ្សារសហរដ្ឋអាមេរិក បានបន្តហក់ឡើងថ្លៃ៧សប្ដាហ៍ជាប់ៗគ្នា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Edward Moya អ្នកវិភាគទីផ្សារជាន់ខ្ពស់នៅក្រុមហ៊ុនអាមេរិក OANDA បានលើកឡើងថា “ប្រេងឆៅនៅលើទីផ្សារសហរដ្ឋអាមេរិក បានហក់ឡើងថ្លៃលើស៩០ដុល្លារអាមេរិក ក្នុងមួយបារ៉ែល បន្ទាប់ពីអាកាសធាតុដ៏សែនត្រជាក់នៅតំបន់ Arctic បានធ្វើដំណើរទៅដល់រដ្ឋតិចសាស និងបានធ្វើឱ្យផលិតកម្មប្រេងមួយចំនួននៅ Permian Basin ត្រូវអាក់ខាន”។

ភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយនៅអឺរ៉ុបខាងកើត និងតំបន់មជ្ឈិមបូព៌ា ក៏ជាកត្តាជំរុញឱ្យប្រេងហក់ឡើងថ្លៃខ្លាំងដែរ ដោយប្រេងនៅលើទីផ្សារអង់គ្លេស បានហក់ឡើងថ្លៃរហូតដល់១៧% និងនៅលើទីផ្សារសហរដ្ឋអាមេរិក បានហក់ឡើងថ្លៃរហូតដល់២០%គិតរហូតមកទល់នឹងពេលនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here