ថៃ រក្សាបានចំណាត់ថ្នាក់ជាប្រទេសនាំចេញស្បៀងអាហារធំបំផុតទី១៣ របស់ពិភពលោក

ដោយ សុខុម

បាងកក: សភាពាណិជ្ជកម្មថៃ បានទម្លាយឱ្យដឹងកាលពីថ្ងៃអាទិត្យ ទី២៣ មករា ថា ប្រទេសថៃ នៅតែរក្សាបានចំណាត់ថ្នាក់ជាប្រទេសនាំចេញស្បៀងអាហារធំបំផុតទី១៣ របស់ពិភពលោកពីឆ្នាំ២០២០។

លោក Poj Aramwattananon អនុប្រធានសភាពាណិជ្ជកម្មថៃ បានថ្លែងថា វិធានការនានាដើម្បីបន្ធូរបន្ថយការបិទខ្ទប់នៃបណ្ដាប្រទេសជាដៃគូពាណិជ្ជកម្មបានជួយឱ្យសេដ្ឋកិច្ចថៃ ងើបឡើងវិញយ៉ាងរហ័ស។ ទន្ទឹមនេះការធ្លាក់ថ្លៃរូបិយប័ណ្ណបាត ក៏បានជួយធ្វើឱ្យផលិតផលចំណីអាហារថៃ កាន់តែមានការប្រកួតប្រជែងផ្នែកតម្លៃផងដែរ។

ផ្អែកតាមការព្យាកបង្ហាញថា នៅឆ្នាំ២០២២ នេះ វិស័យនាំចេញចំណីអាហាររបស់ប្រទេសថៃ នឹងនៅតែត្រូវជម្នះឱ្យបាននូវឧបសគ្គអតិផរណា មិនថាពីតម្លៃផលិតផលកសិកម្ម តម្លៃថាមពល ឬ ថ្លៃដឹកជញ្ជូន ដែលនាំទៅរកការថយចុះនូវកម្លាំងទិញរបស់អ្នកប្រើប្រាស់ ខណៈតម្លៃទំនិញនឹងកើនឡើង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Visit Limlurcha ប្រធានសមាគមអ្នកកែច្នៃចំណីអាហារថៃ បានលើកឡើងថា ការនាំចេញចំណីអាហារថៃ ក្នុងឆ្នាំ២០២១ មានទំហំ១,១០៧ទ្រីលានបាត (ជិត៣៣,៥ពាន់លានដុល្លារអាមេរិក) ដោយទទួលបានកំណើន១១,៨%បើធៀបនឹងឆ្នាំ២០២០។

ទោះជាយ៉ាងណា ចំណែកទីផ្សារទូទាំងពិភពលោករបស់ប្រទេសថៃ បានធ្លាក់ចុះពី២,៣២%មកនៅត្រឹម២,៣០%ក្នុងឆ្នាំ២០២០។ ទីផ្សារនាំចេញចំណីអាហារភាគច្រើនរបស់ប្រទេសថៃ ក្នុងឆ្នាំ២០២១ ទទួលបានកំណើន លើកលែងតែការនាំចេញទៅកាន់សហរដ្ឋអាមេរិក អាហ្វ្រិក អូសេអានី និងប្រទេសអង់គ្លេស។

បច្ចុប្បន្នប្រទេសចិន គឺជាទីផ្សារនាំចេញចំណីអាហារធំបំផុតលេខ១ របស់ប្រទេសថៃ ដោយគ្របដណ្ដប់រហូតដល់ទៅ២៤,៥%នៃការនាំចេញចំណីអាហាររបស់ខ្លួនទូទាំងពិភពលោក។ ការនាំចេញចំណីអាហាររបស់ថៃ ទៅកាន់ប្រទេសចិន មានទំហំ២៧១,៦៧៤ពាន់លានបាត (៨,២២ពាន់លានដុល្លារអាមេរិក) ដែលសម្រេចបានកំណើនដល់ទៅ៥០%បើធៀបនឹងឆ្នាំ២០២០ ជាពិសេសពីការនាំចេញផ្លែឈើស្រស់ និងម្សៅដំឡូងមី បន្ទាប់មកគឺការនាំចេញមកកាន់ប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម និងជប៉ុន។

ផ្អែកតាមការព្យាករបង្ហាញថា ការនាំចេញចំណីអាហាររបស់ថៃ ក្នុងឆ្នាំ២០២២ នេះនឹងមានទំហំ១,២ទ្រីលានបាត (ជាង៣៦,៣ពាន់លានដុល្លារអាមេរិក) ដោយកើនឡើង៨,៤%ដែលនឹងក្លាយជាកំណើនឯកទគ្គកម្មថ្មី៕

LEAVE A REPLY

Please enter your comment!
Please enter your name here