កំណើនអ្នកប្រើប្រាស់អ៊ីនធើណេតនៅកម្ពុជាជំរុញឱ្យមានការវិនិយោគឌីជីថលកាន់តែច្រើន

ដោយ៖ ម៉ាលីស

ភ្នំពេញ ៖ បច្ចុប្បន្ននេះ ចំនួនប្រជាពលរដ្ឋប្រើប្រាស់អ៊ីនធើណេតក្នុងប្រទេសកម្ពុជាមានចំនួនជាង១២លាននាក់ កំណើនអ្នកប្រើប្រាស់អ៊ីនធើណេតកាន់តែច្រើនបែបនេះជំរុញឱ្យមានការវិនិយោគលើឌីជីថលកាន់តែច្រើនផងដែរ។

នៅក្នុងជំនួបជាមួយលោក Alvin Tan អនុរដ្ឋមន្ត្រីនៃក្រសួងពាណិជ្ជកម្មនិងឧស្សាហកម្មសឹង្ហបុរីកាលពីពេលថ្មីៗនេះ លោក សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មកម្ពុជាបានលើកឡើងពីវឌ្ឍនភាពនៃវិស័យឌីជីថលនៅកម្ពុជា ពិសេសក្នុងបរិការណ៍កូវីដ-១៩ ដែលក្នុងនោះរួមមានការកើនឡើងនៃអ្នកប្រើប្រាស់អ៊ីនធឺណិតដល់ប្រមាណ១២លាននាក់នៅកម្ពុជា ហើយមីក្រូសហគ្រាស សហគ្រាសធុនតូច និងមធ្យម (MSMEs) ប្រមាណ២ភាគ៣នៅកម្ពុជាបាននឹងកំពុងអនុវត្តសកម្មភាពឌីជីថលក្នុងប្រតិបត្តិការរបស់គេ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោករដ្ឋលេខាធិការ មានប្រសាសន៍ថា រាជរដ្ឋាភិបាលបានបង្កើតជាបទប្បញ្ញត្តិ និងយន្តការជាច្រើន សំដៅធានាការពារ និងលើកកម្ពស់និរន្តរភាពនៃសេដ្ឋកិច្ច និងសង្គមឌីជីថល ដែលក្នុងនោះរួមមានការដាក់ឱ្យប្រើប្រាស់ច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ច្បាប់ស្តីពីការទូទាត់ដែលមានកិច្ចធានា ច្បាប់ស្តីពីការប្រកួតប្រជែង យុទ្ធសាស្ត្រពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ព្រមទាំងក្របខណ្ឌគោលនយោបាយសង្គម និងសេដ្ឋកិច្ចឌីជីថលកម្ពុជាឆ្នាំ២០២១-២០៣៥ ជាដើម។

កម្ពុជាក៏គាំទ្រការអនុវត្តនូវគំនិតផ្តួចផ្តើមក្របខណ្ឌតំបន់ពាក់ព័ន្ធនឹងវិស័យឌីជីថល ដែលរួមមាន ផែនការមេស្តីពីឌីជីថលក្នុងអាស៊ានឆ្នាំ២០២៥ ផែនការសកម្មភាពសម្រាប់អនុវត្តកិច្ចព្រមព្រៀងអាស៊ានស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងផែនទីបង្ហាញផ្លូវបង់ដាសេរីបេហ្កាវ៉ាន់ ដែលទើបតែត្រូវបានអនុម័តកាលពីឆ្នាំ២០២១ ផងដែរ។

លោករដ្ឋលេខាធិការ បានរំលេចពីបញ្ហាប្រឈមមួយចំនួន ដែលកម្ពុជាជួបប្រទះ ពិសេសកង្វះខាតនៃប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តសម្រាប់គាំទ្រសេដ្ឋកិច្ចឌីជីថល កង្វះខាតធនធានមនុស្ស និងភាពនៅមានកម្រិតនៃបទប្បញ្ញត្តិចាំបាច់ ដែលត្រូវការការគាំទ្រពីដៃគូនានា រួមមានពីសឹង្ហបុរីផងដែរ។

លោក Alvin Tanបានបង្ហាញការអបអរសាទរដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការសម្របខ្លួនអនុវត្តសកម្មភាពឌីជីថលបានយ៉ាងច្រើន និងឆាប់រហ័សធៀបនឹងប្រទេសក្នុងតំបន់។ ជាមួយនឹងសុទិដ្ឋិនិយមខ្ពស់នេះ លោកស្នើកម្ពុជាពិចារណាគាំទ្រការសិក្សារួមគ្នាស្តីពីការធ្វើអត្តសញ្ញាណធុរកិច្ចរួមមួយសម្រាប់តំបន់អាស៊ាន ដើម្បីធានាសង្គតិភាព នៃការស្តុកទុកព័ត៌មានធុរកិច្ចក្នុងតំបន់នេះ និងគាំទ្រអន្តរប្រតិបត្តិការ (Interoperability) នៃការធ្វើធុរកិច្ចបែបឌីជីថលក្នុងតំបន់ផងដែរ។

ខណៈលោកគាំទ្រសំណើរបស់កម្ពុជាក្នុងការបន្តបញ្ជូនអ្នកជំនាញការសឹង្ហបុរីមកផ្តល់ជាជំនាញបច្ចេកទេសផ្នែកឌីជីថលដល់ SMEs និងក្រុមការងាររបស់រាជរដ្ឋាភិបាលកម្ពុជា បានស្នើឱ្យភាគីកម្ពុជាជួយបន្ថែមការផ្សព្វផ្សាយពីអត្ថប្រយោជន៍នានាក្រោមច្បាប់វិនិយោគថ្មីរបស់កម្ពុជា ដល់វិនិយោគិន និងធុរជនសឹង្ហបុរីនៅកម្ពុជាផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here