តំបន់សេដ្ឋកិច្ចពិសេសទាក់ទាញទុនវិនិយោគជាង២៣០០លានដុល្លារក្នុងឆ្នាំ២០២១

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ ក្នុងវិបត្តិកូវីដ១៩ឆ្នាំ២០២១នេះ ផលប៉ះពាល់ទៅលើវិស័យជាច្រើនកាន់តែខ្លាំង ដោយសារតែមានការបិទខ្ទប់ នៅតំបន់មួយចំនួន ប៉ុន្តែសម្រាប់ការវិនិយោគ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្នុងប្រទេសវិញ ឃើញថានៅតែមានសញ្ញាល្អ និងមានកំណើនកាន់តែខ្លាំងឆ្នាំ២០២០ទៅទៀត។

លោកជា វុទ្ធីអគ្គលេខាធិការរង នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាហៅកាត់ថា CDC បានឱ្យដឹងថា ទឹកប្រាក់វិនិយោគសម្រាប់ឆ្នាំ២០២១នេះ ថ្វីត្បិតតែមានទំហំតិចជាងកាលពីមុនឆ្នាំ ២០២០ក៏ពិតមែន តែសម្រាប់ទឹកប្រាក់វិនិយោគ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសវិញ ឃើញថាមានទំហំធំជាងឆ្នាំ២០២០។

លោកបន្តថា ការវិនិយោគនៅក្នុងវិស័យកម្មន្តសាល ក្នុងរយៈពេល១១ខែ ក្នុងឆ្នាំ ២០២១នេះ មានកំណើនប្រមាណ៤៣ភាគរយ ធៀបនឹងឆ្នាំ២០២០កន្លងទៅដោយក្នុងឆ្នាំ២០២០ កម្ពុជាទទួលបានទឹកប្រាក់វិនិយោគទៅលើវិស័យកម្មន្តសាល ប្រមាណ១២០០លានដុល្លារ ខណៈឆ្នាំ២០២១ រយៈពេល១១ខែ មានទុនប្រមាណ១៨០០លានដុល្លារអាមេរិក ជាពិសេសកំណើនវិនិយោគ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនានាក្នុងប្រទេសកម្ពុជា។

លោកបន្ថែមថា ការបោះទុនវិនិយោគ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានការកើនឡើងយ៉ាងគំហុក ដែលក្នុងឆ្នាំ២០២០ មានទុនវិនិយោគតែប្រមាណ២២៣លានដុល្លារអាមេរិកប៉ុណ្ណោះ ខណៈឆ្នាំ២០២១រយៈ១១ខែ មានទុនវិនិយោគ ប្រមាណ២៣០០លានដុល្លារអាមេរិក។ លោកពន្យល់ថា នេះដោយសារតែវត្តមានគម្រោងធំៗ ដែលបោះទីតាំងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ដូចជាគម្រោងបង្កើតរោងចក្រផលិត កង់រថយន្តនៅបាវិតមានទឹកប្រាក់ប្រមាណ៣៥០លានដុល្លារអាមេរិក កំពុងដាក់ដំណើរនិងបានផលិតនាំចេញជាបណ្ដើរៗហើយ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបញ្ជាក់ថា “ការបោះទុនវិនិយោគ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក៏បានបង្កើតការងារជាច្រើនដល់ប្រជាពលរដ្ឋ ហើយក៏មានតម្រូវការវត្ថុធាតុដើមពីកម្ពុជាច្រើនផងដែរ ដែលអាចជួយឱ្យប្រជាជនកម្ពុជាកាន់​តែមានប្រាក់ចំណូលច្រើនឡើងៗ”។

បើតាមលោកទូ ហ្សាវកាង នាយកតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ក៏បានថ្លែងប្រាប់លោកឡុងឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុកាលពីពេលថ្មីៗនេះថា នៅក្នុងវិបត្តិកូវីដ១៩ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ នៅតែទទួលបានគម្រោងវិនិយោគ ជាបន្តបន្ទាប់ជាពិសេសគម្រោងបង្កើតរោងចក្រផលិតទំនិញដើម្បី នាំចេញទៅកាន់ទីផ្សារអន្តរជាតិ ។

លោកថា”ចាប់តាំងពីការបង្កើតតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ទទួលបានទុនវិនិយោគ ប្រមាណ១,៣៦ពាន់លានដុល្លារអាមេរិកហើយ ហើយរំពឹងថា នឹងទទួលបានការវិនិយោគថ្មីៗ ជាបន្តបន្ទាប់នៅពេលឆាប់ៗនេះ ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here