ជប៉ុនផ្តល់ជំនួយសាងសង់មន្ទីរពេទ្យតម្លៃជិត២០លានដុល្លារអាមេរិកក្នុងខេត្ដសៀមរាប

ដោយៈសុផារី

សៀមរាបៈ រាជរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន(JICA) បានសម្រេចផ្ដល់នូវអគារព្យាបាលអ្នកជំងឺកម្ពស់៤ជាន់ មានតម្លៃប្រមាណ១៩លានដុល្លារអាមេរិក ជូនដល់មន្ទីរពេទ្យបង្អែកខេត្ដសៀមរាប ដែលមានគ្រែសម្រាប់អ្នកជំងឺជាង២០០គ្រែ។

ក្នុងឱកាសប្រារព្ធពិធីបញ្ចុះបឋមសិលា សាងសង់ជាផ្លូវការ កាលពីព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១នេះ លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ដសៀមរាប បានឱ្យដឹងថា មន្ទីរពេទ្យបង្អែកខេត្តសៀមរាប នៅមានចំណុចសំខាន់ៗជាច្រើនទៀត ដែលត្រូវធ្វើការពង្រឹង និងពង្រីកសេវាបន្ត ព្រមទាំងតម្រូវការគាំទ្រ ដើម្បីដំណើរការនៃការអភិវឌ្ឍន៍មន្ទីរពេទ្យនេះឱ្យកាន់តែប្រសើរឡើង ពិសេសតម្រូវការចាំបាច់បំពាក់នូវឧបករណ៍ សម្ភារៈវេជ្ជសាស្រ្តទំនើប បន្ថែមនៅតាមផ្នែកនីមួយៗ និងការពង្រីកហេដ្ឋារចនាសម្ព័ន្ធ អគារថ្មីបន្ថែមជាដើម។

លោកបន្ដថា អគារក្រោមជំនួយឧបត្ថម ពីរដ្ឋាភិបាលជប៉ុនមួយខ្នងនេះ មានផ្ទៃក្រឡាសំណង់ទំហំ ៧,២៦ ម៉ែត្រការ៉េ កំពស់៤ជាន់ ប្រវែង២៥ ម៉ែត្រគុណនឹង ៦៩ ម៉ែត្រ ដែលនឹងត្រូវប្រើប្រាស់ សម្រាប់សេវាឯកទេស វះកាត់ សេវាសង្រ្គោះបន្ទាន់ និងសេវាពាក់ព័ន្ធផ្សេងៗទៀត ពិសេសអគារមន្ទីរពេទ្យថ្មីនេះ មានលក្ខណៈជាស្តង់ដារ បំពាក់ដោយបច្ចេកវិទ្យាទំនើប។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Tadashi Ogasawara ទីប្រឹក្សា Project Formulation Advisor មានប្រសាសន៍ថា ការផ្ដល់អគារនៃមន្ទីរពេទ្យបង្អែកនេះ មានគោ​លបំណងធ្វើឱ្យប្រសើរឡើង នូវគុណភាពនៃសេវាសុខភាព និងការពង្រីកការគ្របដណ្តប់សេវាសុខភាព នៅក្នុងតំបន់នេះ តាមរយៈការសាងសង់អគា​រ បំពាក់សម្ភារៈបរិក្ខារទំនើបៗ ក៏ដូចជា ការផ្តល់ឧបករណ៍វេជ្ជសាស្ត្រផងដែរ ហើយលោកសង្ឃឹមថា គម្រោងនេះនឹងក្លាយជាផ្នែកមួយ ក្នុងការបំពេញតម្រូវការរបស់មន្ទីរពេទ្យនេះ។

ជាមួយគ្នានេះ លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាបបានថ្លែងថា ការសាងសង់អគារមន្ទីរពេទ្យបង្អែកថ្មី ខេត្តសៀមរាបនេះ ជាការចូលរួមចំណែកយ៉ាងធំធេង ជាមួយរាជរដ្ឋាភិបាលកម្ពុជា ពិសេសជាមួយខេត្ត ក្នុងការលើកកម្ពស់ វិស័យសុខាភិបាលខេត្តមួយនេះ ឱ្យកាន់មានភាពទំនើបស៊ីវីល័យ៕

LEAVE A REPLY

Please enter your comment!
Please enter your name here