ក្រុងហុងកុងកំពុងពង្រីកសមត្ថភាពអាកាសយានដ្ឋានរបស់ខ្លូន ដើម្បីឈានទៅកាន់់លំដាប់ថ្មីមួយ

ដោយៈសុខុម

ហុងកុង: ខណៈឧស្សាហកម្មអាកាសចរណ៍ បានដាំក្បាលចុះយ៉ាងខ្លាំង ដោយសារការរាតត្បាតវីរុសកូវីដ-១៩ ការសាងសង់ពង្រីកអាកាសយានដ្ឋានអន្តរជាតិហុងកុង Hong Kong International Airport (HKIA) នៅតែបន្ថែមល្បឿនទៅមុខមិនឈប់។ នេះបើយោងតាមសារព័ត៌មាន South China Morning Post ចុះផ្សាយកាលពីថ្ងៃទី១០ ធ្នូ។

ដោយការស្ថាបនាផ្លូវយន្តហោះរត់ទី៣ បានបញ្ចប់ជាស្ថាពរនៅខែកញ្ញា គម្រោងអភិវឌ្ឍន៍ ដែលមានរយៈពេលរាប់ទសវត្សរ៍នេះ បានឈានចូលដល់ដំណាក់កាលបន្ទាប់របស់ខ្លួនគួរជាទីមោទនភាព។

ដោយត្រូវបានប្រសិទ្ធនាមថា Airport City ឬ “ទីក្រុងអាកាសយានដ្ឋាន” គម្រោងដ៏ធំសម្បើមនេះ ក៏រួមបញ្ចូលទាំងការសាងសង់ “កន្លែងលក់រាយ”ដ៏ធំបំផុតរបស់ហុងកុង និងការអភិវឌ្ឍដំណាក់កាលទី២ នៃមជ្ឈម​ណ្ឌលពិព័រណ៍ AsiaWorld-Expo ផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

វានឹងពង្រឹងតួនាទីរបស់ក្រុងហុងកុង ក្នុងឋានៈជាមជ្ឈមណ្ឌលអា​កា​សចរណ៍ និងដឹកជញ្ជូនព្រមទាំងជាច្រកទ្វារអន្តរជាតិ ទៅកាន់តំបន់ Greater Bay Area ដែលជាការរួមបញ្ចូលគ្នានូវខេត្តគ័ងតុង ក្រុងហុងកុង និងម៉ាកាវ (Guangdong-Hong Kong-Macau)។

ដោយស្ថិតក្នុងចំណោមអាកាសយានដ្ឋាន ដែលមានអ្នកដំណើរឆ្លងកាត់ដ៏មមាញឹកបំផុតរបស់ពិភពលោក និងដែលបច្ចុប្បន្នជាប់ឈ្មោះជាអាកាសយាដ្ឋានដឹកទំនិញអន្តរជាតិ ចំណាត់ថ្នាក់លេខ១ អាកាសយាន ដ្ឋានអន្តរជាតិហុងកុង (HKIA) កំពុងធ្វើការកែលម្អ និងពង្រីកបន្ថែមយ៉ាងគំហុកក្រោមទំហំទុនវិនិយោគ រហូតដល់ទៅ៥,១៤ពាន់លានដុល្លារអាមេរិក ពីឆ្នាំ២០២០ ដល់ឆ្នាំ២០៣០។

លោកស្រី Vivian Cheung នាយកប្រតិបត្តិទទួលបន្ទុកដំណើរការអាកាសយានដ្ឋានក្រុងហុងកុង (HKIA) បានលើកឡើងថា “យើងកំពុងបន្ថែមសមត្ថភាព និងមុខងារ ពង្រឹងភាពឈានមុខគេរបស់ យើងផ្នែកដឹកជញ្ជូនទំនិញ ហើយក៏ធ្វើឱ្យវាក្លាយជាកន្លែងដ៏ល្បីល្បាញ សម្រាប់វិស័យទេ​សចរណ៍ និងអ្នកធ្វើដំណើរផងដែរ”។

បន្ថែមពីលើផ្លូវរត់ទី៣ ដែលគ្រោងនឹងដាក់ឱ្យដំណើរការនៅឆ្នាំ២០២២ ការងារអភិវឌ្ឍន៍នឹងបន្តរួមបញ្ចូល ទាំងការសាងសង់សាលថ្មីដ៏ធំមួយ និងការពង្រីកចំណតទី២ ដែលនឹងបញ្ចប់ជាស្ថាពរនៅឆ្នាំ២០២៤ ផងដែរ។ ទន្ទឹមនេះក៏មានផែនទីបង្ហាញផ្លូវរយៈពេល១០ឆ្នាំ សម្រាប់ការប្រែក្លា​យអាកាសយានដ្ឋាននេះ ឱ្យដំណើរការដោយស្វ័យភាពផងដែរ។

អាកាសយានដ្ឋានអន្តរជាតិហុងកុង (HKIA) ត្រូវបានប្រសិទ្ធនាមថា Airport City ឬ “ទីក្រុងអាកាសយានដ្ឋាន” ដោយសារវាមានលក្ខណៈពិសេសជាច្រើន ខុសពីអាកាសយានដ្ឋានទូទៅ ដូចជា ក្រៅពីអាកាសដ្ឋានខ្លួនឯង វាក៏មានសាលាបង្រៀនផ្នែកអាកាសចរណ៍ អន្តេវាសិកដ្ឋាន សណ្ឋា​គារ អគារការិយាល័យ និងចំណតរថយន្តជាដើម៕ South China Morning Post៕

LEAVE A REPLY

Please enter your comment!
Please enter your name here