រកឃើញបេក្ខជនជ័យលាភីចំនួន ៤រូប ជាសហសគ្រិនថ្នាក់ជាតិប្រចាំឆ្នាំ២០២១

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ ៖ កម្មវិធីប្រកួតប្រជែងពានរង្វាន់សហគ្រិនថ្នាក់ជាតិឆ្នាំ២០២១រៀបចំឡើងដោយសហគ្រិនខ្មែរ វិទ្យាស្ថានថ្នាក់ជាតិសហគ្រិននិងនវានុវត្តន៍ ត្រូវបានប្រកាសជាផ្លូវការកាលពីល្ងាចថ្ងៃទី១១ ធ្នូ ២០២១នេះ ក្រោមអធិបតីភាពឯកឧត្តមវង្សី វិស្សុតរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។

ក្នុងកម្មវិធីនោះដែរក៏បានរកឃើញសហគ្រិនចំនួន៤រូបជាបេក្ខជនជ័យលាភីពានរង្វាន់សហគ្រិនថ្នាក់ជាតិឆ្នាំ ២០២១នេះ ក្នុងនោះជ័យលាភីលេខ១បានទៅលើលោកឧកញ៉ាវេជ្ជបណ្ឌិត ហៃ លីអ៊ាង ម្ចាស់ក្រុមហ៊ុនផលិតឱសថប៉េប៉េអឹមនិង Confirel ជ័យលាភីលេខ២បានទៅលើលោកស្រី ឆាប៉ូច អឹប៉េពណ៍រេណាថាលីម៉ារី ម្ចាស់ក្រុមហ៊ុន ឡាផ្លេនថេសិន លេខ៣បានទៅលើលោកយិន សុភាព ម្ចាស់ក្រុមហ៊ុនសាលារៀនគ្រូយើង និងជ័យលាភីលេខ៤បានទៅលើលោកស្រី រី ថានីម្ចាស់ក្រុមហ៊ុន នរាអង្គរ Handicraft។

លោក វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីនិងជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានមានប្រសាសន៍ថា កម្មវិធីពានរង្វាន់សហគ្រិនថ្នាក់ជាតិនេះគឺជាកម្មវិធីមួយដែលល្អ ប្រពៃ និងចាំបាច់ក្នុងការអភិវឌ្ឍប្រទេស ហើយជាកម្មវិធីមួយជួយលើកស្ទួយសហគ្រិនកម្ពុជាទូទាំងប្រទេស។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក​បាន​បន្តថា ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ សហគ្រិនភាពនៅកម្ពុជាចាប់ផ្ដើមមានកំណើនគួរឱ្យកត់សម្គាល់ ក្នុងនោះយើងឃើញមានយុវជនកម្ពុជាកាន់តែច្រើនបានចាប់ផ្ដើមបង្កើតនូវសហគ្រិនភាពដោយខ្លួនឯង ដែលជាកត្តាមួយល្អសម្រាប់សង្គម សេដ្ឋកិច្ច និងការចូលរួមអភិវឌ្ឍន៍ការងារក្នុងប្រទេសកម្ពុជាផងដែរ ។ រាជរដ្ឋាភិបាលក៏បានគាំទ្រយ៉ាងខ្លាំងដល់ការបង្កើតនូវសហគ្រិនរបស់យុវជននិងមនុស្សចាស់នៅក្នុងប្រទេសកម្ពុជា ជាក់ស្ដែងដូចជាកម្មវិធីពានរង្វាន់សហគ្រិនថ្នាក់ជាតិឆ្នាំ២០២១នេះជាដើម ។

ការចូលរួមនៅក្នុងកម្មវិធីពានរង្វាន់សហគ្រិនថ្នាក់ជាតិនៅក្នុងពេលនេះ មានសារសំខាន់ដល់ការចូលរួមលើកកម្ពស់វិស័យសហគ្រិនភាពនៅកម្ពុជា តាមរយៈការផ្សព្វផ្សាយសហគ្រិនភាព ការបង្ហាញការសាកល្បងសមត្ថភាព និងលទ្ធភាពដែលជាក់ស្ដែងចេញពីថ្ងៃនេះ ក៏ដូចជាការរៀនសូត្រទៅវិញទៅមកផងដែរ ។

កម្មវិធីប្រកួតប្រជែងពានរង្វាន់សហគ្រិនថ្នាក់ជាតិ២០២១នេះជាលើកទី២ហើយ ដែលវិទ្យាស្ថានជាតិសហគ្រិនភាពនិងនវានុវត្តន៍ និងសហគ្រិនខ្មែរ បានរួមគ្នាបង្កើត ក្នុងគោលបំណងលើកកម្ពស់វិស័យ សហគ្រិនភាពនៅកម្ពុជា តាមរយៈការយល់ដឹងជាសាធារណៈអំពីតួនាទីរបស់សហគ្រិនក្នុងការគ្រប់គ្រង សហគ្រាសធុនតូច និងមធ្យម ព្រមទាំងដើម្បីពង្រឹង និងពង្រីកភាពជាដៃគូររវាងវិស័យសាធារណៈ និង វិស័យឯកជន។

វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ និងសហគ្រិនខ្មែរ មានមោទនភាពដែល កម្មវិធីពានរង្វាន់ សហគ្រិនថ្នាក់ជាតិឆ្នាំ២០២១ ទទួលបានការដាក់ពាក្យចូលរួមរហូតដល់ ២១០ ក្រុមហ៊ុន ខ្ពស់ជាង ឆ្នាំមុនប្រមាណ១៦%ពីទូទាំងប្រទេសកម្ពុជា មាន២៥រាជធានី-ខេត្តដែលបែកចែកទៅជា៥តំបន់រួមមាន តំបន់បាត់ដំបង តំបន់សៀមរាប តំបន់កំពង់ចាម តំបន់កំពត និងតំបន់កណ្តាល៕

LEAVE A REPLY

Please enter your comment!
Please enter your name here