កម្ពុជាដាក់ស្នាដៃអក្សរសាស្រ្តនិងសិល្បៈទៅកាន់អង្គការកម្មសិទ្ឋបញ្ញាពិភពលោក

ដោយៈ ជេស៊ីកា

ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោកប៉ាន សូរស័ក្តិ ដឹកនាំសមាជិកគណៈកម្មាធិការជាតិ គ្រប់គ្រងកម្មសិទ្ធិបញ្ញា ដាក់តម្កល់លិខិតតូបករណ៍ នៃការចូលជាភាគីអនុសញ្ញាទីក្រុងប៊ែនស្តីពី កិច្ចការពារស្នាដៃអក្សរសាស្ត្រ និងសិល្បៈ ទៅកាន់អង្គការកម្មសិទ្ធិបញ្ញាពិភពលោក។

លោកក៏បានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នារវាង គណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា នៃព្រះរាជាណាចក្រកម្ពុជា និងអង្គការកម្មសិទ្ធិបញ្ញាពិភពលោក ស្តីពី ការអនុវត្តផែនការរបស់ព្រះរាជាណាចក្រកម្ពុជា សម្រាប់កិច្ចសហប្រតិបត្តិការបច្ចេកទេស។

ការដាក់លិខិតតូបករណ៍នេះ ធ្វើឡើងតាមរយៈលោក Daren Tang អគ្គនាយកអង្គការកម្មសិទ្ធិបញ្ញាពិភពលោក។

លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ការចូលជាភាគីនៃអនុសញ្ញាទីក្រុងប៊ែនស្តីពី កិច្ចការពារស្នាដៃអក្សរសាស្ត្រ និងសិល្បៈ ធ្វើឡើងស្របតាមផែនការយុទ្ធសាស្ត្រ សមាហរណកម្មពាណិជ្ជកម្មឆ្នាំ២០១៩-២០២៣ និងគោលនយោបាយជាតិកម្មសិទ្ធិបញ្ញា ដើម្បីទាញយកប្រយោជន៍ជាអតិបរមា ពីកិច្ចការពារស្នាដៃអក្សរសាស្ត្រ និងសិល្បៈ ព្រមទាំង លើកតម្កើងវប្បធម៌របស់ព្រះរាជាណាចក្រកម្ពុជា ក្នុងក្របខណ្ឌអន្តរជាតិ តាមរយៈគោលការណ៍បដិការ នៃកិច្ចការពារជាមួយប្រទេសចំនួន១៧៩ (គិតត្រឹមថ្ងៃទី១ ខែតុលា ឆ្នាំ២០២០) ដែលជាភាគីនៃអនុញ្ញាទីក្រុងប៊ែន។ ក្នុងនាមជាប្រធា​នគណៈកម្មាធិការជាតិ គ្រប់គ្រងកម្មសិទ្ធិបញ្ញា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកប៉ាន សូរស័ក្តិបានបន្តថា “សមិទ្ធិផលនេះជាសក្ខីភាពមួយ ដែ​លបង្ហាញពីការប្តេជ្ញាចិត្ត របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមពង្រឹងប្រព័ន្ធកម្មសិទ្ធិបញ្ញា និងអនុវត្តកាតព្វកិច្ចរបស់ប្រទេសកម្ពុជា ក្រោមក្របខណ្ឌអន្តរជាតិ សំដៅដល់ការចូលរួមក្នុងសកលភាវូបនីយកម្ម និងពហុភាគីនិយមបន្ថែមទៀត”។

ការចូលជាភាគីអនុសញ្ញាទីក្រុងប៊ែននេះ គឺជាកាលានុវត្តភាពសម្រាប់ ម្ចាស់ស្នាដៃ សិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែលរបស់ព្រះរាជាណាចក្រកម្ពុជា ក្នុងការទទួលបានសិទ្ធិបេតិកភណ្ឌ និងសិទ្ធិសីលធម៌ ក្នុងក្របខណ្ឌអន្តរជាតិ ហើយបន្ថែមពីនេះព្រះរាជាណាចក្រកម្ពុជា នឹងទទួលបានការប្រើប្រាស់ការបោះពុម្ពស្នាដៃរបស់បរទេស សម្រាប់លើកកម្ពស់ការអប់រំ ការស្រា​វជ្រាវ និងការអភិវឌ្ឍ ដែលជាកត្តាមួយ ក្នុងការចូលរួមអភិវឌ្ឍធនធានមនុស្ស អភិវឌ្ឍន៍ និងអភិរក្ស វិស័យវប្បធម៌ ឱ្យក្លាយជាសមាសធាតុមួយក្នុងការអភិវឌ្ឍ សេដ្ឋកិច្ច តាមរយៈការអភិវឌ្ឍឧស្សាហកម្មច្នៃប្រឌិត លើអក្សរសាស្ត្រ តូរ្យតន្ត្រី សោតទស្សន៍ ភាពយន្ត ចម្លាក់ គំនូរ សិល្បៈសូនរូប និងសិល្បៈផ្សេងៗទៀត ព្រមទាំងការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និង អភិវឌ្ឍន៍ និងបង្កើនជំនឿទុកចិត្តដល់អ្នកវិនិយោគ។

អនុស្សរណៈនេះ នឹងក្លាយជាឧបករណ៍ដ៏សំខាន់មួយ សម្រាប់ព្រះរាជាណាចក្រកម្ពុជា ដើម្បីទទួលបានជំនួយបច្ចេកទេស ពីអង្គការកម្មសិទ្ធិបញ្ញាពិភពលោក ចាប់ពីឆ្នាំ២០២២ ដល់២០២៦ លើកិច្ចការអទិភាពខាងក្រោម
លទ្ធផលផ្នែកទី១៖ កម្រិតជាតិ-កសាងក្របខណ្ឌ

– អនុវត្តផែនការសកម្មភាព នៃគណៈកម្មាធិការជាតិគ្រប់គ្រង កម្មសិទ្ធិបញ្ញា ចាប់ពីឆ្នាំ២០២១ ដល់ ២០២៣។
– គម្រោង៖ ការរៀបចំ និងអនុវត្តន៍គោលនយោបាយជាតិ កម្មសិទ្ធិបញ្ញានៃព្រះរាជាណាចក្រកម្ពុជា។
– ផ្តល់ជំនួយសម្រាប់ការចូលជាភាគីនៃសន្ធិសញ្ញា។
– ផ្តល់មគ្គុទេ្ទសក៍ និងការប្រឹក្សាយោបល់លើច្បាប់ និងលិខិតបទដ្ឋានគតិយុត្តទាក់ទងនឹងកម្មសិទ្ធិបញ្ញា។
លទ្ធផលផ្នែកទី២៖ កម្រិតស្ថាប័ន-ធ្វើទំនើបកម្មស្ថាប័នកម្មសិទ្ធិបញ្ញា
– គម្រោង៖ ការវិនិច្ឆ័យចំពោះការគ្រប់គ្រង និងធនធានសម្រាប់អង្គភាពកម្មសិទ្ធិបញ្ញាជាតិ។
– គម្រោង៖ ប្រព័ន្ធគ្រប់គ្រងការរៀន និងការបណ្តុះបណ្តាលបុគ្គល និងផ្អែកលើសមត្ថភាព សម្រាប់អ្នកត្រួតពិនិត្យប្រកាសនីយបត្រតក្កកម្ម។
– គម្រោង៖ ប្រព័ន្ធគ្រប់គ្រងការរៀន និងការបណ្តុះបណ្តាលបុគ្គល និងផ្អែកលើសមត្ថភាព សម្រាប់អ្នកត្រួតពិនិត្យម៉ាក។
– ផ្តល់ជំនួយស្វ័យប្រវត្តកម្មសម្រាប់រដ្ឋបាលកម្មសិទ្ធិបញ្ញា។
លទ្ធផលផ្នែកទី៣៖ កម្រិតសហគមន៍-សង្គមដែលបង្កលទ្ធភាព
– គម្រោង៖ ការបង្កើតបរិយាកាសនវានុវត្តន៍ ដែលបង្កលទ្ធភាពពង្រឹងភាពប្រកួតប្រជែងធុរកិច្ច តាមរយៈការកសាងកេរ្តិ៍ឈ្មោះម៉ាក និងគំនូរឧស្សាហកម្ម។
– គម្រោង៖ បង្កើនសមត្ថភាពសម្រាប់ផ្តល់ការគាំទ្រនវានុវត្តន៍ បច្ចេកវិទ្យា។
– គម្រោង៖ សិក្ខាសាលាវិលជុំកម្មសិទ្ធិបញ្ញា ពាក់ព័ន្ធបរិយាកាសនវានុវត្តន៍ ដើម្បីបង្កលទ្ធភាព ក្នុងការបង្កើននូវការប្រើប្រាស់ប្រព័ន្ធ កម្មសិទ្ធិបញ្ញាជាសាកល (សិក្ខាសាលាកម្មសិទ្ធិបញ្ញាវិលជុំ) (ការចុះបញ្ជីម៉ាកជាលក្ខណៈអន្តរជាតិតាមប្រព័ន្ធម៉ាឌ្រីដ និងសន្ធិសញ្ញាសហប្រតិបត្តិការ ប្រកាសនីយ​បត្រតក្កកម្ម)។
– គម្រោង៖ បរិយាកាសនវានុវត្តន៍ ដើម្បីបង្កលទ្ធភាពក្នុងការបង្កើនសមត្ថភាពសម្រាប់គាំទ្របច្ចេកវិទ្យា។
– ផ្តល់ជំនួយសម្រាប់មជ្ឈមណ្ឌលគាំទ្របច្ចេកវិទ្យា និងនវានុវត្តន៍ (TISCs)៕

LEAVE A REPLY

Please enter your comment!
Please enter your name here